ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ី ប្រឈមមុខបណ្តឹង អំពីបង្គោលព្រំដែន


ដើម្បីស្តាប់ព័ត៌មាននេះ

មេដឹកនាំគណបក្សជំទាស់នៅក្នុងប្រទេសកម្ពុជាទំនងជាអាចប្រឈមមុខនឹងការ
ប្ដឹងប្រឆាំងរូបលោកទាក់ទងទៅនឹងការដកបង្គោលព្រំដែនរួមរវាងប្រទេសកម្ពុជា
និងប្រទេសវៀតណាម។

លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

មេដឹកនាំគណបក្សជំទាស់ធំជាងគេនៅក្នុងប្រទេសកម្ពុជា លោកសម រង្ស៊ី ទំនង
ជាកំពុងប្រឈមមុខនឹងបណ្ដឹងអំពីការបំផ្លាញបង្គោលព្រំដែននៅក្នុងខេត្តស្វាយ
រៀង ដែលជាព្រំដែនរួមរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម។នេះបើយោង
តាមប្រភពពីគណបក្សសម រង្ស៊ី និងអាជ្ញាធរខេត្តស្វាយរៀង ដែលបានឲ្យដឹង
នៅថ្ងៃច័ន្ទនេះ។

បណ្ដឹងនេះបានធ្វើឲ្យគណបក្សសម រង្ស៊ីមានតំណាងរាស្ដ្រចំនួន៣រូបហើយដែល
ទទួលរងការប្ដឹងពីអាជ្ញាធរ ពីប្រមុខដឹកនាំរដ្ឋាភិបាលនិងពីក្រុមមន្ដ្រីយោធា ក្នុង
នោះ លោកស្រីមួរ សុខហួរ ដែលជាប់បណ្ដឹងពីបទបរិហារកេរ្ដិ៍លោកនាយករដ្ឋ
មន្ដ្រីខ្មែរ ហ៊ុន សែននិងលោក ហូ វ៉ាន់ពីក្រុមមន្ដ្រីយោធា។ប៉ុន្ដែក្រោយមកលោក
ហូ វ៉ាន់ ត្រូវតុលាការលើកលែងការចោទប្រកាន់វិញ។

កាលពីថ្ងៃទី២៥ ខែតុលា លោកសម រង្ស៊ី បានដឹកនាំកឋិនទានដ៏ចម្រូងចម្រាស់
ជាមួយក្រុមអជ្ញាធរ ទៅកាន់វត្តអង្គរំដេញ នៃឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយ
រៀង ។ នៅពេលដែលពិធីបុណ្យកឋិនចប់ ក្រុមប្រជាជនបានបង្ហាញដល់ក្រុម
តំណាងរាស្ដ្រគណបក្សជំទាស់អំពីការដាំបង្គោលព្រំដែនថ្មីធ្វើ អំពីឈើចំនួន៦
ដើមនៅលើដីស្រែដែលពួកគាត់អះអាងថា ជាកម្មសិទ្ធិរបស់ពួកគាត់ជាច្រើនឆ្នាំ
មកហើយ ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សសម រង្ស៊ី។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា លោកសម រង្ស៊ីបានលើកឡើងនៅចំពោះ
មុខក្រុមប្រជាជនថា បង្គោលព្រំដែននេះគួរតែត្រូវដកចេញ ដរាបណាការស៊ើប
អង្កេតផ្លូវការមិនទាន់ចប់នោះ ។ ខណៈនោះ ក្រុមប្រជាជនបានស្ទុះទៅដក
បង្គោលព្រំដែនទាំងនោះចោលអស់ទៅ។

លោក មាស ខេង អនុប្រធានគណបក្សសម រង្ស៊ី ប្រចាំខេត្តស្វាយរៀង បានឲ្យ
ដឹងថា អភិបាលស្រុកចន្រ្ទាបានដាក់ពាក្យបណ្ដឹងប្រឆាំងប្រធានគណបក្សរបស់
លោកដល់តុលាការខេត្ត ហើយពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

“ពាក្យបណ្ដឹងបានដាក់ហើយ ហើយដើមបណ្ដឹងជាចៅហ្វាយស្រុកចន្រ្ទា "។

អភិបាលស្រុកចន្រ្ទា លោកជា យាងមានប្រសាសន៍ថា មានបណ្ដឹងប្រឆាំងលោក
សម រង្ស៊ីមែន ប៉ុន្ដែបណ្ដឹងនោះមិនមែនលោកជាអ្នកប្ដឹងដោយផ្ទាល់ទេ ហើយ
លោកមិនបានបង្ហាញច្បាស់ពីបណ្ដឹងនោះចោទប្រកាន់លោក សម រង្ស៊ី ពីមូល
ហេតុអ្វីនោះទេ លោកគ្រាន់តែបង្ហើបថា ទាក់ទង ទៅនឹងបង្គោលព្រំដែន។

"តំណាងខេត្តប្តឹង។ ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបានទេ រឿងនេះ ។ រឿងទាក់ទង
បុណ្យកឋិនមិនមានទេ ព្រោះបង្គោលព្រំដែន ទោះបីយ៉ាងម៉េច គាត់ត្រូវសួរគេ
ដែរ "។

ប្រទេសកម្ពុជាទើបតែបានចុះកិច្ចព្រមព្រៀងបន្ថែមស្ដីពីបញ្ហាព្រំដែនជាមួយប្រ-
ទេសវៀតណាម កាលពីឆ្នាំ២០០៥ ដែលធ្វើឲ្យមានការប្រឆាំងជំទាស់ពីក្រុមស
កម្មជនការពារព្រំដែនជាច្រើន ក៏ប៉ុន្ដែសកម្មជនមួយចំនួនត្រូវចាប់ខ្លួន ។ រហូត
មកទល់ពេលនេះបញ្ហាព្រំដែនរបស់កម្ពុជា ហាក់ដូចជានៅតែស្ថិតជាចំណុច
រសើបនៅឡើយ។

លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ពុំអាចធ្វើទំនាក់ទំនងបានទេ ដោយ
សារតែលោកកំពុងស្ថិតនៅក្រៅប្រទេស។

ដោយឡែក លោក យឹម សុវណ្ណ តំណាងរាស្ដ្រ និងជា អ្នកនាំពាក្យគណបក្ស
សម រង្ស៊ី មិនធ្វើអត្ថាធិប្បាយទៅលើសំណុំរឿងនេះទេ។

លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស
លីកាដូ បានលើកឡើងថា បណ្ដឹងប្រឆាំងលោកសម រង្ស៊ីនឹងបង្កឲ្យមានកង្វល់
សម្រាប់គណបក្សជំទាស់។

“បើសិនជាមានការប្ដឹងឯកឧត្ដមសម រង្ស៊ី កើតឡើងពិតប្រាកដមែន យើងឃើញ
ថា នេះជាកង្វល់ បន្ថែមមួយទៀត ទៅលើសកម្មជននៃគណបក្សប្រឆាំងដែល
បានត្រូវគេប្ដឹងពីររូបរួចមកហើយគឺឯកឧត្តមហូ វ៉ាន់និងលោកជំទាវមួ សុខហួរ"។

យ៉ាងណាក៏ដោយ លោកគាំ ឈាន ប្រធានតុលាការខេត្តស្វាយរៀង អះអាងថា
លោកមិនទាន់ទទួលបានបណ្ដឹងប្រឆាំងលោក សម រង្ស៊ី នោះនៅឡើយទេ។

ពីរាជធានីភ្នំពេញខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG