ក្បួនធម្មយាត្រាដែលដឹកនាំដោយសាមណេរ ម៉ម សូណង់ដូ ត្រូវបដិសេធមិនឱ្យ
ចូលស្នាក់នៅក្នុងវត្តមួយ។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
បន្ទាប់ពីបានធ្វើដំណើរដោយថ្មើរជើង ដល់ស្រុកពញាឮខេត្តកណ្តាលចម្ងាយប្រ-
មាណ២៥គ.ម.ពីទីក្រុងភ្នំពេញ ក្បួនធម្មយាត្រាដែលដឹកនាំដោយសាមណេរ
ម៉ម សូណង់ដូ កំពុងតែប្រឈមមុខបញ្ហាគ្មានកន្លែងស្នាក់នៅសមស្របពេល
យប់ បន្ទាប់ពីវត្តមួយបានបដិសេធមិនឱ្យលោកស្នាក់នៅក្នុងវត្ត។
សាមណេរម៉ម សូណង់ដូ បានបញ្ជាក់ប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកតាម
ទូរសព្ទនៅថ្ងៃអង្គារនេះថា កាលពីយប់ថ្ងៃច័ន្ទវត្តពាមសត្ថារាមដែលមានទីតាំង
នៅឃុំដីដុះ ស្រុកពញាឮខេត្តកណ្តាល បានបដិសេធពុំឲ្យព្រះអង្គនិងពុទ្ធបរិស័ទ
ស្នាក់នៅពេលយប់ ។
សាមណេរម៉ម សូណង់ដូ បានមានសង្ឃដីកាទៀតថា នៅពេលរសៀលចៅអធិ-
ការវត្តពាមសត្ថារាម បានសម្រេចឲ្យក្បួនធម្មយាត្រាស្នាក់នៅក្នុងវត្ត ក៏ប៉ុន្តែដល់
ពេលព្រលប់បានបដិសេធទៅវិញ បន្ទាប់ពីទទួលទូរស័ព្ទពីសម្តេចសង្ឃរាជមួយ
អង្គ។
សាមណេរ ម៉ម សូណង់ដូបានមានសង្ឃដីកាទៀតថា ព្រះអង្គបានសម្រេចព្រះ
ទ័យទៅសឹងនៅក្នុងដីឡូត៍មួយរបស់ប្រជាពលរដ្ឋ ដោយចងសំពត់តង់ ក៏ប៉ុន្តែ
ទោះជាយ៉ាងណាក៏ដោយ ក៏សាមណេរ ម៉ម សូណង់ដូ បានសម្តែងព្រះទ័យរីក
រាយចំពោះវត្តអារាមដែលជាទីកន្លែងគោរពរបស់ព្រះពុទ្ធសាសនា ទោះពុំអនុ-
ញ្ញាតឲ្យព្រះអង្គសឹងក៏ដោយ។
"អាត្មាលែងគិតហើយ ទុកឲ្យចៅអធិការវត្តគិតខ្លួនឯងទៅចុះ អាហ្នឹង គឺជាបាប
កម្មរបស់ចៅអធិការវត្តដែលព្រះតេជគុណមានវត្តសម្រាប់បម្រើព្រះពុទ្ធសាសនា
ទៅជាបក្ខពួកនិយម ធ្វើនយោបាយ ហើយប្រឆាំងនឹងព្រះពុទ្ធសាសនាទៅវិញ។
អាហ្នឹងវត្តទទួលបាបកម្ម ចំពោះព្រះអង្គទៅចុះណា៎"។
លោកថាប ថុងលី គណៈកម្មាធិការអាចារ្យវត្តពាមសត្ថារាម បានបញ្ជាក់ថា ការ
មិនអនុញ្ញាតឲ្យក្បួនធម្មយាត្រានេះស្នាក់នៅ គឺដោយសារតែក្បួនធម្មយាត្រានេះ
ធ្វើឡើងដោយអត់ច្បាប់។
លោកបានបញ្ជាក់ថា វត្តអារាមពុំមាននិន្នាការណាមួយពាក់ព័ន្ធទៅ នឹងគណ
បក្សនយោបាយទេ។
"ខ្ញុំសួររដ្ឋអំណាចឃុំ ពីព្រោះខ្ញុំទាក់ទងរដ្ឋអំណាចឃុំជួយបំភ្លឺបញ្ហា្ហហ្នឹង។ខ្ញុំមិន
ដឹងថា គណបក្សណាមិនដឹងទេ។ អញ្ចឹងធម្មការស្រុកគេថា អត់ទទួលខុស
ត្រូវ។ អញ្ចឹងបានខ្ញុំអត់ទទួលទៅ"។
សម្តេចអគ្គមហាសង្ឃរាជទេព វង្ស ពុំអាចទាក់ទងបានដើម្បីស្នើសុំសេចក្តីអត្ថា-
ធិប្បាយបំភ្លឺបានទេ ក៏ប៉ុន្តែ ទោះជាយ៉ាណាក៏ដោយ ក៏សម្តេចព្រះសុមេធាធិប
តីនន្ទ ង៉ែត សម្តេចព្រះសង្ឃរាជ្យទី១នៃព្រះរាជាណាចក្រកម្ពុជាមានសង្ឃដីកា
ថា ការសម្រេចឲ្យស្នាក់នៅ ឬមិនឲ្យស្នាក់នៅ គឺជាសិទ្ធិរបស់អាជ្ញាធរមូលដ្ឋាន។
សម្តេចព្រះសុមេធាធិបតីបានបញ្ជាក់ទៀតថា ទំនងជាព្រះចៅអធិការវត្តខ្លាចមាន
រឿងដល់វត្តចំពោះក្បួនធម្មយាត្រា ដែលដឹកនាំដោយសាមណេរ ម៉ម សូណង់ដូ
នេះ។
"បើឲ្យធ្វើ មិនឲ្យធ្វើ វាមិនអត់ខុសវិន័យអីទេ។ បើអត់ឲ្យប្រាប់ថា អត់ឲ្យ។ អាហ្នឹង
ស្រេចព្រះទ័យលោក។ លោកខ្លាចយើងធ្វើនយោបាយអញ្ចេះ នយោបាយអញ្ចុះ។
អាពួកអញ្ចេះ អញ្ចុះ។ម្លោះហើយ ស្រុកគេសន្តិភាព សន្តិភាព គេគិតរកស៊ី យើង
ដើរធ្វើធម្មយាត្រាមានន័យអីទៀត អស់អាណាមកធ្វើអីទៀតហើយ"។
លោកធម្មមាចារ្យ វង្ស គឹមឆន អាយុ៦៤ឆ្នាំ ដែលធ្លាប់បានបង្រៀនព្រះសង្ឃអស់
រយៈពេលជាច្រើនឆ្នាំមកហើយនោះ បាននិយាយថា វត្តអារាមគឺជាទីកន្លែងមួយ
សម្រាប់ទទួលអ្នកប្រតិបត្តិធម៌ និង ពុទ្ធបរិស័ទទាំង៤ទិសសម្រាប់ស្នាក់អាស្រ័យ
នៅ។ តែបើវត្តណាមិនបានទទួលស្នាក់អាស្រ័យនៅដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ
នោះទេមិនចាត់ទុកថា ជាវត្តទេ ។
"បើវត្តហ្នឹងប្រកាន់បក្ខពួក ភិក្ខុហ្នឹងប្រកាន់បក្ខពួក តាមធម៌វិន័យ ពុទ្ធបញ្ញត្តិថា
ភិក្ខុហ្នឹងត្រូវអបត្តិបាយិត្យណា៎"។
ក្បួនធម្មយាត្រាដែលដឹកនាំដោយសាមណេរ ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ
គ្រោងនឹងចំណាយពេលរយៈពេល១ខែដោយធ្វើដំណើរដោយថ្មើរជើងលើកំណាត់
ផ្លូវជាង៦០០គ.ម.ពីទីក្រុងភ្នំពេញ ឆ្ពោះទៅវត្តព្រហ្មខ័ណ្ឌសីមា ដែលមានទីតាំង
នៅលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនកម្ពុជា ថៃ។
គោលបំណងធម្មយាត្រានេះ បើតាមការបញ្ជាក់របស់សាមណេរ ម៉ម សូណង់ដូ
បានឲ្យដឹងថា ព្រះអង្គចង់អភិវឌ្ឍតំបន់ព្រំដែន ដើម្បីកុំឲ្យប្រទេសជិតខាងរំលោភ
យកបូរណភាពទឹកដីកម្ពុជា។
ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕