ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាគួរអភិវឌ្ឍអគ្គិសនីវិមជ្ឈការ


ដើម្បីស្តាប់ព័ត៌មាននេះ

របាយការណ៍ស្រាវជ្រាវចុងក្រោយបំផុតរបស់អង្គការសង្គមស៊ីវិល បានរិះគន់ផែន
ការអភិវឌ្ឍន៍អគ្គិសនីរបស់រដ្ឋាភិបាលកម្ពុជាដែលផ្តោតលើការពង្រីកទំនប់វារីអគ្គិ
សនីធំៗថា ហួសសម័យ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ។ របាយ
ការណ៍នេះបានស្នើឲ្យរដ្ឋាភិបាលធ្វើទំនើបកម្ម ការផលិតអគ្គិសនីរបស់ខ្លួនជា
បន្ទាន់ដើម្បីបញ្ចៀសភាពអន្តរាយដល់សង្គម និងសេដ្ឋកិច្ច។

នាង រស់ សុធា ជូនសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ៖

ផែនការអភិវឌ្ឍន៍អគ្គិសនីនៃប្រទេសកម្ពុជាដែលផ្តោតលើការកសាងទំនប់វារីអគ្គិ
សនីខ្នាតធំនិងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មគឺហួសសម័យ។ វាប្រឈមនឹង
ការខាតបង់ហិរញ្ញវត្ថុ ធ្វើឲ្យខូចខាតបរិស្ថាននិងបង្កើនភាពក្រីក្រកាន់តែខ្លាំងឡើង
នៅតាមទីជនបទ ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាត្រូវកែលម្អការផលិតអគ្គិសនី ដែល
គេប្រើរាប់ សិបទសវត្សរ៍មកហើយនោះ ទៅជាការផលិតអគ្គិសនីទំនើបបែបវិមជ្ឈ
ការវិញ ដែលផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គម។ នេះគឺជាអនុសាសន៍
ដែលត្រូវបានលើកឡើងជាលើកដំបូងបំផុតនៅក្នុងរបាយការណ៍ស្តីពីការផ្គត់ផ្គង់
អគ្គិសនីសម្រាប់ប្រទេសកម្ពុជាក្នុងសតវត្សរ៍ទី២១ ដោយការផលិតអគ្គិសនីបែប
វិមជ្ឈការ ការពិចារណាឡើងវិញពី អនាគតអគ្គិសនីនៃប្រទេសកម្ពុជា។ របាយ
ការណ៍នេះទើបនឹងចេញផ្សាយជាសារធារណៈដោយអង្គការ NGO Forumកាល
ពីថ្ងៃអង្គារ។

របាយការណ៍សរសេរជាភាសាអង់គ្លេសមានចំនួន១៤១ទំព័រនោះ បានលើកឡើង
ថា យុទ្ធសាស្ត្រប្រសើរបំផុត របស់ប្រទេសកម្ពុជាដើម្បីបំពេញសេចក្តីត្រូវការអគ្គិ-
សនីគឺការផលិតអគ្គិសនីទំនើបបែបវិមជ្ឈការ ពោលគឺការផលិតអគ្គិសនីពីថាម
ពលកកើតឡើងវិញ ដូចជាជីវម៉ាស ផលិតពីកាកសំណល់កសិកម្ម ថាមពលព្រះ
អាទិត្យនិងវារីអគ្គិសនីតូចៗដែលមិនត្រូវការទំនប់ជាដើម និងការផលិតអគ្គិសនី
ដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ។ រោងចក្រអគ្គិសនីទាំងនេះ
អាចធ្វើឡើងក្នុងទ្រង់ទ្រាយតូចៗ និងនៅកៀកជិតនឹងប្រជាពលរដ្ឋបំផុត។

របាយការណ៍នេះបញ្ជាក់ថា ការផលិតអគ្គិសនីបែបវិមជ្ឈការនេះនឹងផ្តល់ក្តីសង្ឃឹម
ឲ្យប្រជាជនកម្ពុជារាប់លាននាក់ដែលកំពុងជួបការលំបាកដោយសារមិនមានអគ្គិ-
សនីប្រើប្រាស់គ្រប់គ្រាន់ ឬអ្នកដែលជីវភាព សុខភាពរបស់ពួកគេកំពុងត្រូវបាន
គំរាមកំហែងដោយទំនប់វារីអគ្គិសនីសីធំៗ។

លោកស្រីហ្គ្រេននៀ រ៉ាយឌឺ ដែលបានចំណាយពេល១ឆ្នាំដើម្បីសិក្សានិងចងក្រង
និពន្ធរបាយការណ៍នេះ បានថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកតាមទូរស័ព្ទ
ពីប្រទេសកាណាដាមកថា វាបន្ទាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការ
ចាប់ផ្តើមធ្វើទំនើបកម្មផែនការផលិតអគ្គិសនីរបស់ខ្លួន។ បើពុំដូច្នោះទេប្រទេស
នេះនឹងខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលយូរអង្វែង។

"ការគាំទ្រវារីអគ្គិសនីខ្នាតធំ រដ្ឋាភិបាលកំពុងខ្ចីប្រាក់យ៉ាងច្រើនដើម្បីចំណាយទៅ
លើខ្សែបណ្តាញតអគ្គិសនី ។ ការខូចខាតបរិស្ថានគឺជារឿងធ្ងន់ធ្ងរបំផុតដែលនឹង
ធ្វើឲ្យផលិតផលនេសាទធ្លាក់ចុះ។ហើយខ្ញុំមិនគិតថា រដ្ឋាភិបាលកម្ពុជាបានចាប់
ផ្តើមទទួលស្គាល់ពីផលប៉ះពាល់ដ៏អាក្រក់នេះទេ ។ ដូច្នេះវាប្រហែលជាក្លាយជា
មហន្តរាយសម្រាប់ប្រទេសកម្ពុជា"។

របាយការណ៍ស្តីពីការផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រទេសកម្ពុជាក្នុងសតវត្សរ៍ទី២១
នេះ បាននិយាយថា កម្ពុជាមានឱកាសធំធេងក្នុងការផ្លោះរំលងបច្ចេកវិជ្ជាផលិត
អគ្គិសនីដ៏ចាស់បុរាណ ដើម្បីស្ថាបនាសេដ្ឋកិច្ចរបស់ខ្លួន។ ប៉ុន្តែឱកាសនេះកំពុង
រលាយបាត់យ៉ាងលឿន ដោយសាររដ្ឋាភិបាលខ្មែរបានអនុញ្ញាតឲ្យមានការសាង
សង់ទំនប់វារីអគ្គិសនីខា្នតធំៗ បើទោះជាមានអន្តរាយដល់ការអភិវឌ្ឍសន្តិសុខ
ស្បៀង និងជីវភាពរបស់ប្រជាជនកម្ពុជារាប់លាននាក់ក្តី។

សូមបញ្ជាក់ថា កម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសដែលមានតម្លៃអគ្គិសនីខ្ពស់
បំផុតមួយ ដោយសារការផលិតអគ្គិសនី ត្រូវពឹងផ្អែកទាំងស្រុងទៅលើប្រេង
ឥន្ធនៈនាំចូលពីបរទេស។ ប្រទេសនេះមានប្រជាជនតែ១៨ភាគរយប៉ុណ្ណោះក្នុង
ចំណោមប្រជាជនជាង១៣លាននាក់ មានបណ្តាញអគ្គិសនីប្រើប្រាស់។ ដើម្បី
បំពេញតម្រូវការអគ្គិសនីដែលកាន់តែត្រូវការខ្លាំងឡើងនោះ ផែនការអភិវឌ្ឍន៍
អគ្គិសនីនៃប្រទេសកម្ពុជាបានផ្តោតលើការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីដែលមាន
កម្លាំងវ៉ុលខ្ពស់ ពីប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម និង ផ្តោត
លើការអនុញ្ញាតឲ្យកសាងទំនប់វារីអគ្គិសនីខ្នាតធំនិងរោងចក្រអគ្គិសនីដើរដោយ
ធ្យូងថ្មដោយក្រុមហ៊ុនបរទេស។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៦មក ក្រសួង
ឧស្សាហកម្មរ៉ែ និង ថាមពលនិងក្រសួងសេដ្ឋកិច្ច បានអនុម័តឲ្យមានការសាង
សង់ទំនប់វារីអគ្គិសនីខ្នាតធំចំនួន៥និងបានកំណត់ជាអាទិភាពនូវគម្រោងផលិត
អគ្គិសនីខ្នាតធំសរុបចំនួន១៧ ក្នុងនោះមានទំនប់វារីអគ្គិសនីចំនួន១៤ដែលនឹង
ដំណើរការមុនដំណាច់ឆ្នាំ២០២០។ទំនប់វារីអគ្គិសនីដែលមានសមត្ថភាពផលិត
កម្មខ្ពស់ចាប់ពីជាង២០០មេហ្គាវ៉ាត់ រហូតដល់២.៦០០មេហ្កាវ៉ាត់ រួមមានគម្រោង
វារីអគ្គិសនីសម្បូណ៌នៃខេត្តក្រចេះ ទំនប់វារីអគ្គិសនីស្ទឹងត្រែងនិងទន្លេសេសាន
ក្រោម២ នៃខេត្តស្ទឹងត្រែង ទំនប់វារីអគ្គិសនីទន្លេសេសាន៣និងទំនប់វារីអគ្គិសនី
ស្រែពក៣នៃខេត្តរតនៈគិរី ទំនប់វារីអគ្គិសនីស្ទឹងតាតៃនិងទំនប់វារីអគ្គិសនីចាយ
អារ៉ែងនៃខេត្តកោះកុង ជាដើម។ ទំនប់វារីអគ្គិសនីធំៗទាំងអស់នេះត្រូវបានវិនិ-
យោគដោយក្រុមហ៊ុនចិន វៀតណាម កូរ៉េ និងរុស្ស៊ី។

របាយការណ៍នេះបាននិយាយថា សម្រាប់ប្រទេសកម្ពុជាដែលប្រជាជនភាគ
ច្រើននៅតាមទីជនបទ ពួកគេត្រូវការអគ្គិសនី២ឬ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ការពង្រីកទំនប់វារីអគ្គិសនីដែលត្រូវចំណាយយ៉ាងច្រើននិងហួសសម័យបែបនេះ
គឺមិនចាំបាច់នោះទេ។ ប្រទេសធំៗជាច្រើនទៀត បានទប់ស្កាត់ផែនការនេះដែរ
ប៉ុន្តែប្រទេសកម្ពុជាកំពុង តែដើរក្រោយគេចំពោះការងារនេះ។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់
ទុករបាយការណ៍នេះថា ជារបាយការណ៍មួយគួរឲ្យយកចិត្តទុកដាក់។ប៉ុន្តែលោក
អះអាងថា ការកសាងទំនប់វារីអគ្គិសនីជាដំណោះស្រាយបន្ទាន់សម្រេចបំពេញ
សេចក្តីត្រូវការអគ្គិសនី ហើយវាជាការងារដែលរដ្ឋាភិបាលកម្ពុជាអាចធ្វើបាន
នៅពេលនេះ។

"នេះជាព័ត៌មានមួយត្រូវតែយកចិត្តទុកដាក់។ក៏ប៉ុន្តែ ជាចាំបាច់ត្រូវតែប្រើប្រាស់
បែបនេះ ហើយដោយសារយើងត្រូវការចាំបាច់ភ្លើងដើម្បីអភិវឌ្ឍលើសេដ្ឋកិច្ចផ្នែក
ឧស្សាហកម្ម ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ"។

យ៉ាងណាក៏ដោយ របាយការណ៍ដដែលនេះបាននិយាយថា ប្រទេសកម្ពុជាខ្វះទុន
និងមានសេចក្តីត្រូវការអគ្គិសនីជាបន្ទាន់។ ការផលិតអគ្គិសនីបែបវិមជ្ឈការគឺការ
ប្រើប្រាស់ថាមពលកកើតឡើងវិញ និង រោងចក្រអគ្គិសនីតូចៗដើរដោយឧស្ម័ន
ធម្មជាតិនោះ មានលក្ខណៈសមហេតុផលជាង ព្រោះវាត្រូវការទុនតិច និង អាច
ផ្គត់ផ្គង់អគ្គិសនីបានឆាប់រហ័ស និង ងាយស្រួល ។ របាយការណ៍នេះបានលើក
សំណើចំនួន៨ចំណុចដើម្បីធ្វើឲ្យការផលិតអគ្គិសនីបែបវិមជ្ឈការទទួលបានជោគ
ជ័យនោះ។ ក្នុងនោះរួមបញ្ចូលទាំង៖

សំណើឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលពន្ធនាំចូលលើបច្ចេកវិជ្ជា និងឧបករណ៍
ផលិតអគ្គិសនីបែបវិមជ្ឈការទាំងអស់ ដូចជាបន្ទះស្រូបកំដៅក្តៅ និងថាមពល
កកើតឡើងវិញជាដើម។ បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានយកពន្ធ៧
ភាគរយ ចំពោះការនាំចូលបន្ទះស្រូបកំដៅថ្ងៃ។

បង្កើតកម្មវិធីផ្តល់ហិរញ្ញប្បទានដល់អតិថិជន និងគ្រួសារអាជីវកម្ម ក្នុងការបង់ថ្លៃ
ដំបូងលើឧបករណ៍បច្ចេកវិជ្ជា សម្រាប់ផលិតអគ្គិសនីទំនើបនេះក្នុងរយៈពេល៥
ឆ្នាំ ទៅ១០ឆ្នាំ។

បើកចំហរទីផ្សារដល់ការផលិតអគ្គិសនីបែបវិមជ្ឈការ ដោយបង្កើតគោលនយោ
បាយជាក់លាក់ពាក់ព័ន្ធនឹងបច្ចេកវិជ្ជាឈានមុខ ដោយមិនដាក់កំហិតលើបរិ-
មាណអគ្គិសនីផលិតបាន។

ដាក់ឲ្យដេញថ្លៃ ក្នុងលក្ខណៈប្រកួតប្រជែងដើម្បីជំរុញឲ្យមានការផលិតអគ្គិសនី
ថ្មីនេះ។ផ្តល់យន្តការប្រកបដោយតម្លាភាពនិងច្បាស់លាស់សម្រាប់កំណត់អត្រា
តម្លៃ និង ការស្រង់ដើមដល់វិនិយោគគិន។

លោកឈិត សំអាត នាយកប្រតិបត្តិអង្គការNGO Forumដែលផ្តួចផ្តើមការស្រាវ
ជ្រាវ និងបោះផ្សាយរបាយការណ៍នេះ និយាយថា លោកនឹងប្រើរបាយការណ៍នេះ
ធ្វើការតស៊ូមតិជាមួយមន្ត្រីរដ្ឋាភិបាលដើម្បីឲ្យមានការពិចារណាឡើងវិញសម្រាប់
អនាគតថាមពលអគ្គិសនីរបស់ប្រទេសកម្ពុជា។

"យើងមិនគ្រាន់តែបោះពុម្ពសៀវភៅនេះទេគឺយើងនឹងប្តេជ្ញាចិត្តក្នុងការជួបរដ្ឋាភិ
បាលឬក្រសួងពាក់ព័ន្ធដើម្បី ធ្វើការបំភ្លឺបន្ថែមផ្ទាល់ជាមួយគាត់ទៀតអំពីជម្រើស
ផ្សេងៗ ដែលអាចជាធាតុចូលមួយសំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការគិតគូរ
ថា ធ្វើម៉េចឲ្យបានថាមពលថោកហើយ មិនប៉ះពាល់ដល់បរិស្ថានទៀត។

របាយការណ៍នេះបានលើកឡើងថា ដើម្បីធ្វើទំនើបកម្មផែនការអភិវឌ្ឍន៍អគ្គិសនី
របស់ប្រទេសកម្ពុជា វាទាមទារឆន្ទៈនយោបាយនិងការទាមទារជាសាធារណៈ។

លោកផៃ ស៊ីផានមានប្រសាសន៍ថា ទីស្តីការគណៈរដ្ឋមន្ត្រី នឹងពិនិត្យមើលលើ
របាយការណ៍ទើបរកឃើញមួយនេះ។ ហើយប្រសិនបើវាជាការលើកឡើងដោយ
សមហេតុផលនោះ ក្រុមរដ្ឋមន្ត្រីនឹងយកអនុសាសន៍ទាំងនោះទៅពិភាក្សា។

ពីរាជធានីភ្នំពេញ ខ្ញុំ រស់ សុធា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG