ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករថៃធ្វើបាតុកម្មនៅមុខស្ថានទូត កម្ពុជានៅទីក្រុងបាងកក


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រជាពលរដ្ឋថៃច្រើននាក់ បានធ្វើបាតុកម្មទាមទារដីនៅជុំវិញប្រាសាទព្រះវិហារ
ដែលប្រទេសកម្ពុជា បានហៅការទាមទារនេះថា មិនយល់ដឹងពីច្បាប់អន្តរជាតិ។

លោកជន សក្តា សូមជូនព័ត៌មានពិស្តារដូចតទៅ៖

បាតុករថៃប្រមាណ៥០០នាក់បានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជានៅទីក្រុង
បាងកកនៅថ្ងៃច័ន្ទនេះ ដើម្បីទាមទារដីទំហំ៤,៦ គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទ
ព្រះវិហាររបស់ប្រទេសកម្ពុជា ខណៈដែលលោកអតីតនាយករដ្ឋមន្ត្រី Thaksin
Shinawatra បានច្រានចោលការផ្តល់សិទ្ធិជ្រកកោននយោបាយរបស់លោកនា
យករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីជៀសវាងនូវមហន្តរាយនៃទំនាក់ទំនងទ្វេភាគីរវាង
ប្រទេសជិតខាងទាំងពីរ។

លោកកួយ គង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានថ្លែងថា ប្រទេសកម្ពុជាមិនអាចទទួលយកបាននូវការទាមទាររបស់ពួកបាតុ
ករថៃនេះទេ។

"ការទាមទាររបស់គេ (បាតុករថៃ) នេះ កម្ពុជាយើងមិនអាចទទួលយកបានទេ។ វាមានន័យថាការទាមទារដោយខុសច្បាប់ និង ការមិនបានស្គាល់អំពីច្បាប់អន្តរ
ជាតិច្បាស់លាស់ទេ ជាពិសេសខ្សែបន្ទាត់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ
នោះ ពីព្រោះទឹកដីនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជាប្រជាពលរដ្ឋកម្ពុជាអាច
រស់នៅបាន និងកងទ័ពកម្ពុជាក៏អាចឈរជើងនៅទីនោះបានដែរ។ គ្មានជនជាតិ
ណាមួយធ្វើការបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជានិងកងទ័ពកម្ពុជាដកចេញពីតំបន់ដែល
នៅក្នុងទឹកដីរបស់ខ្លួនបានទេ"។

កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់ទីជម្រក
ដល់លោក Thaksin និង មិនធ្វើបត្យាប័នលោកទៅឱ្យប្រទេសថៃទេ បើលោក
Thaksin សម្រេចចិត្តមកស្នាក់នៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះបានធ្វើ
ឱ្យលោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva មានកំហឹងយ៉ាងក្រេវក្រោធ។
ប៉ុន្តែដើម្បីបន្សាបជម្លោះពាក្យសម្តីនេះ លោកThaksinមិនបានទទួលយកការ
ផ្តល់ការជ្រកកោននយោបាយដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ ពីព្រោះ
លោកThaksinមិនចង់ឱ្យមានបញ្ហាជាមួយប្រទេសថៃដែលក្រុមអ្នកវិភាគមើល
ឃើញថា ជាសញ្ញានៃការបញ្ចប់សង្គ្រាមពាក្យដ៏តានតឹងរវាងលោកនាយករដ្ឋ
មន្ត្រីហ៊ុន សែននិងលោកនាយករដ្ឋមន្ត្រីAbhisit Vejjajivaអំពីការធ្វើបត្យាប័ន
លោកThaksin។

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថា លោក Thaksin បានបង្ហាញការគាំទ្រដល់រដ្ឋាភិបាលទីក្រុងបាងកកនិងបានបំបាក់មុខមាត់របស់
រដ្ឋាភិបាលទីក្រុងភ្នំពេញ អំពីការផ្តល់សិទ្ធិជ្រកកោន ដែលមានជម្លោះពាក្យសម្តី
រវាងនាយករដ្ឋមន្ត្រីនៃប្រទេសជាតិទាំងពីរនេះ។

"លោក Thaksinអត់បំបាក់មុខគ្នាគេ (រដ្ឋាភិបាលទីក្រុងបាងកក)ទេ ពីព្រោះបើ
កាលណាលោក Thaksin មកជ្រកកោននៅកម្ពុជាតាមការអះអាងរបស់លោក
ហ៊ុន សែន វាធ្វើឱ្យបាក់មុខមាត់របស់រដ្ឋាភិបាលថៃ។ ដូច្នេះលោក Thaksin មិន
ចង់ឱ្យបាក់មុខមាត់របស់រដ្ឋាភិបាលទីក្រុងបាំងកក ក្នុងនាមជាតិរបស់គាត់ទេ។
លោក Thaksin យកប្រយោជន៍ជាតិរបស់គាត់ជាធំ។ ដូច្នេះយើងកុំយល់ឃើញ
ថា គេ (ថៃ) ដូចយើងឱ្យតែឈ្លោះជាមួយបរទេស គេមករួមជាមួយបរទេស គេ
អត់អញ្ចឹងទេ។ គេសុខចិត្តរួមគ្នាគេដើម្បីបំបាក់មុខរបស់យើង"។

លោកតំណាងរាស្ត្រ យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្សី បានបញ្ជាក់
ថា លោកThaksin បានយល់យ៉ាងច្បាស់អំពីភាពងាយប្រេះស្រាំនៃទំនាក់ទំនង
រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

"វាជាការល្អហើយដែលលោក Thaksinមិនមកប្រទេសកម្ពុជា ដើម្បីជៀសវាង
ទំនាស់ផ្លូវចិត្តរវាងគណបក្សកាន់អំណាចរបស់ប្រទេសថៃនិងប្រទេសកម្ពុជា"។

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស Adhoc បាន
ថ្លែងថា ប្រទេសកម្ពុជាហាក់បីដូចជាលឿនពេកក្នុងការប្រកាសផ្តល់សិទ្ធិជ្រក
កោនដល់លោក Thaksin នេះ។

"សិទ្ធិជ្រកកោនផ្នែកនយោបាយដែលកាលណាមកនៅប្រទេសកម្ពុជាបានទទួល
សិទ្ធិជ្រកកោននៅប្រទេសណាមួយ។ លោក Thaksin មិនអាចធ្វើនយោបាយ
បានទេ ។ អញ្ចឹង វាប្រហែលជាអាចមានលក្ខខណ្ឌមួយក្នុងការគោរពនូវច្បាប់
អន្តរជាតិនេះហើយ ដែលលោកThaksinមិនអាចមកកម្ពុជា"។

លោក កួយ គង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានបញ្ជាក់ថា ការបដិសេធរបស់លោក Thaksin នេះ មិនបានធ្វើឱ្យប៉ះពាល់
ដល់មុខមាត់របស់ប្រទេសកម្ពុជាទេ ពីព្រោះវាគ្រាន់តែជាឆន្ទៈប៉ុណ្ណោះ ប៉ុន្តែវា
អាស្រ័យលើឆន្ទៈ និងសិទ្ធិស្វ័យសម្រេចរបស់លោក Thaksin ។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក ៕

XS
SM
MD
LG