ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Thaksin មិនមកកម្ពុជាពេល បុណ្យអុំទូកទេ


អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra បានផ្លាស់ប្តូរចិត្តគំនិត មិនធ្វើ
ដំណើរមកកាន់ប្រទេសកម្ពុជាទេ បន្ទាប់ពីមានជម្លោះពាក្យសម្តីរវាងប្រទេស
កម្ពុជា និងប្រទេសថៃ។

លោកជន សក្តា សូមជូនព័ត៌មាននេះ ដូចតទៅ៖

លោកអតីតនាយករដ្ឋមន្ត្រីថៃThaksin Shinawatraបានប្រកាសនៅព្រឹកព្រលឹម
ថ្ងៃសុក្រនេះថា លោក នឹងមិនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមនៅ
ក្នុងព្រះរាជពិធីបុណ្យអុំទូក និងអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ
ការមិនធ្វើបត្យាប័នសម្រាប់រូបលោកនោះ។

ការប្រកាសនេះអាចបន្សាបសង្គ្រាមពាក្យសម្តីរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែន
និងលោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva ដែលបានផ្ទុះឡើងទាក់ទងបញ្ហា
បត្យាប័នលោកThaksin នៅពេលណាលោកមានវត្តមាននៅលើទឹកដីកម្ពុជា។

កាសែតBangkok Postរបស់ប្រទេសថៃបានដកស្រង់សម្តីរបស់លោកThaksin
Shinawatra ដែលបាននិយាយនៅក្នុងគេហទំព័រwebsiteរបស់លោកថា "ខ្ញុំនឹង
មិនធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាទេ ហើយខ្ញុំនឹងស្នាក់នៅទីនេះ(ក្រុងDubai)
ក្នុងប្រទេសម៉ូស្លីម"។

លោកThaksinបានផ្លាស់ប្តូរជំហរ មិនធ្វើដំណើរមកកាន់ប្រទេសកម្ពុជានេះ ទំនង
ជាបញ្ចៀសមហន្តរាយនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស
កម្ពុជានិងប្រទេសថៃ បន្ទាប់ពីលោកThaksinបានទទូចកាលពីថ្ងៃពុធថា លោក
នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ចំពោះការផ្តល់ទីជម្រក ការមិនធ្វើបត្យាប័ន និង ការផ្តល់តួនាទីជាទីប្រឹក្សាសេដ្ឋ
កិច្ចដល់រូបលោក។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន
បញ្ជាក់ថា បើលោក Thaksin មានបំណងមកស្នាក់នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិ
បាលកម្ពុជានឹងទទួលស្វាគមន៏ការសម្រេចចិត្តរបស់លោកThaksin។

"ប៉ុន្តែវាមិនមែនជាកាតព្វកិច្ច ដែលតម្រូវឱ្យលោកThaksinមកប្រទេសកម្ពុជាទេ។
សម្តេចនាយករដ្ឋមន្ត្រីនឹងរៀបចំកន្លែងស្វាគមន៍អតីតនាយករដ្ឋមន្ត្រី Thaksin ជា
ឆន្ទៈរបស់លោក ហើយជាជម្រើសរបស់លោកអតីតនាយករដ្ឋមន្ត្រី Thaksin។ បើ
លោកមានបំណងធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងនាមជាមិត្តចាស់ គុណធម៌ មនុស្ស
ធម៌ និង ការគោរពតម្លៃរបស់មនុស្ស សម្តេចនាយករដ្ឋមន្ត្រីនឹងរៀបចំកន្លែងស្វា-
គមន៍និងមិនមែនតម្រូវឱ្យលោកThaksin ត្រូវតែមកទេ។ វាជាជម្រើសរបស់លោក
អតីតនាយករដ្ឋមន្ត្រីThaksin"។

លោកThaksin ត្រូវបានទម្លាក់ពីអំណាចនៅក្នុងរដ្ឋប្រហារមិនបង្ហូរឈាមមួយក្នុង
ឆ្នាំ២០០៦ បន្ទាប់មកលោក Thaksin ត្រូវបានចោទប្រកាន់អំពីបទរំលោភអំណាច
និងបទមិនគោរពចំពោះព្រះមហាក្សត្ររបស់ប្រទេសថៃ។លោកThaksin ត្រូវបាន
កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ អំពីអំពើពុករលួយ។ លោក Thaksinបាន
រត់គេចចេញពីការជាប់ពន្ឋនាគារនៅក្នុងប្រទេសថៃ ។ ឥឡូវនេះលោក Thaksin
កំពុងរស់នៅនីរទេសខ្លួននៅក្នុងទីក្រុង Dubai ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានហៅលោកThaksinថា ជាជនរងគ្រោះនយោ
បាយនិងបានប្រកាសផ្តល់ទីជម្រកដល់លោកThaksinនិងមិនធ្វើបត្យាប័នលោក
អតីតនាយករដ្ឋមន្ត្រីThaksin តាមសំណើជាយថាហេតុណាមួយរបស់រដ្ឋាភិបាល
ថៃទេ បើលោកThaksin សម្រេចចិត្តមកស្នាក់នៅក្នុងទឹកដីកម្ពុជា។

លោកនាយករដ្ឋមន្ត្រីថៃAbhisit Vejjajivaបានបញ្ជាក់ថា ដំណើរការធ្វើបត្យាប័ន
លោកThaksinនឹងចាប់ផ្តើមធ្វើឡើង នៅពេលណាលោកThaksinបានចូលមក
ក្នុងប្រទេសកម្ពុជា ។ បើកម្ពុជាមិនអនុវត្តតាមសន្ធិសញ្ញាបត្យាប័នឆ្នាំ១៩៩៩រវាង
ប្រទេសថៃ និងប្រទេសកម្ពុជា បញ្ហានោះនឹងកើតមានរឿងមួយផ្សេងទៀត។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG