ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹកជន់លិចផ្ទះពលរដ្ឋរាប់ពាន់គ្រួសារ


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងខណ្ឌ យ៉ាងហោចចំនួន២ កំពុងទទួលរងផល
ប៉ះពាល់ដោយសារទឹកជន់លិចផ្ទះសម្បែង។ ប្រជាជន អះអាងថា ទឹកជំនន់នេះ
បណ្តាលមកពីការបូមដីលុបបឹងកក់ ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បឹងកក់បាន
បដិសេធចំពោះការអះអាងនោះ។

លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ៖

អង្គុយអោបក្បាលជង្គង់លើគ្រែមុខផ្ទះ ភ្នែកសំឡឹងមើលទឹកពណ៌ឡើងខ្មៅ ជម្រៅ
ជិតត្រឹមក្បាលជង្គង់ ដែលកំពុងលិចថ្នល់និងផ្ទះរបស់ខ្លួន អ្នកស្រីប៊ូ សុជាតា ប្រ-
ជាពលរដ្ឋម្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានរអ៊ូទាំថា ទឹកដែលជន់
លិចក្នុងតំបន់ផ្ទះមួយរយល្វែងដែលអ្នកស្រីរស់នៅនេះបានអូសបន្លាយអស់រយៈ
ពេលជាង១ខែមកហើយ។

អ្នកស្រី សុជាតាដែលមានកូនបីនាក់កំពុងរៀនសូត្រនោះ បានមានប្រសាសន៍ទាំង
ទឹកមុខស្ងួតថា ទឹកជន់លិចនេះបានបង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់
គ្រួសារអ្នកស្រី។

“តាំងពីមុនឆ្លងភ្ជុំ ដល់ពេលអញ្ចឹងទៅ សូមជួយឱ្យស្រកទៅកុំឱ្យគេបូមទម្លាក់មក
ពិបាកណាស់ កូនជិះទៅរៀនទៅអីពិបាកណាស់ ដូចចូលផ្ទះលិចម៉ោស្អុយពេញ
ផ្ទះ”។

អ្នកស្រីសុជាតា បានបន្តថា ការចេញចូលកាត់ទឹកស្អុយនេះជារៀងរាល់ថ្ងៃបានធ្វើ
ឱ្យអ្នកស្រីនិងអ្នកជិតខាងមួយចំនួនទៀតកើតកមរម៉ាស់ដោយសារតែទឹកស៊ីជើង។

ផ្ទះឈើរបស់ប្រជាពលរដ្ឋខ្លះត្រូវពុកដោយសារតែទឹកស្អុយស៊ីនិងផ្ទះថ្មខ្លះទៀតត្រូវ
រលើងអិដ្ឋការ៉ូ ហើយផ្លូវត្រូវដាច់ខូចខ្ទេចខ្ទី។

លោកផាត់ ពៅ អាយុ៤០ ដែលកំពុងបិទស៊ីម៉ង់ទប់ទឹកកុំឱ្យជ្រាបចូលផ្ទះរបស់
លោកនោះ បានមានប្រសាសន៍ថា លោកមិនដឹងធ្វើយ៉ាងម៉ិចនោះទេ ចេះតែទ្រាំ
រស់នៅជាមួយស្ថានភាពបែបនេះទៅ។

“នាំគ្នាដេកលើស៊ីម៉ង់ស។ ទាល់តែបូកអញ្ចឹងបានជិត បើមិនអញ្ចឹងទេ ជ្រាបពេញ
ផ្ទះទាំងអស់។ដេក ដាក់ទើតអីវ៉ែអីវ៉ាន់ដាក់លើគ្រែលើអី។ចេះតែប្រជ្រៀតៗទៅ”។

បច្ចុប្បន្ន តំបន់ដែលកំពុងរងគ្រោះដោយទឹកជន់លិចនេះស្ថិតនៅក្នុងសង្កាត់មួយ
ចំនួន រួមមានសង្កាត់ទួលសង្កែ ឫស្សីកែវ គីឡូម៉ែត្រលេខ៦ ច្រាំងចម្រេះ១ ច្រាំង
ចម្រេះ២ និងសង្កាត់ស្វាយប៉ាកនៃខណ្ឌឫស្សីកែវ ហើយនិងសង្កាត់ភ្នំពេញថ្មីនិង
ទឹកថ្លានៃខណ្ឌសែនសុខជាដើម។

បើយោងតាមអាជ្ញាធរខណ្ឌឫស្សីកែវបានឱ្យដឹងថា ផ្ទះសម្បែងប្រមាណជា៥.០០០
ខ្នងកំពុងជន់លិច ហើយសាលារៀនមួយចំនួនត្រូវបិទទ្វារ និងសាលាខ្លះបើកឱ្យ
សិស្សចូលរៀនមួយថ្ងៃខានមួយថ្ងៃ។

អ្នកស្រី ប៊ូ សុជាតា និង លោកពៅ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀតនៅក្នុង
សង្កាត់ទួលសង្កែដែល VOA បានជួបសម្ភាសសុទ្ទតែអះអាងថា ទឹកដែលជន់លិច
នេះគឺបណ្តាលមកពីការបូមដីលុបបឹងកក់។

កាលពីឆ្នាំមុន ក្រុមហ៊ុនស៊ូកាគូអ៊ីនបានទទួលកិច្ចព្រមព្រៀងវិនិយោគរយៈពេល
៩៩ឆ្នាំពីរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការអភិវឌ្ឍតំបន់បឹងកក់នេះ។បច្ចុប្បន្ន ក្រុមហ៊ុន
នេះកំពុងបូមខ្សាច់លុបតំបន់បឹងកក់ ដែលមានទំហំជាង១៣០ហិកតាដើម្បីសាង
សង់លំនៅដ្ឋាននិងបង្កើតជាមជ្ឍមណ្ឌលពាណិជ្ជកម្មនៅតំបន់នោះ។

បើយោងតាមរបាយការណ៍វាយតម្លៃផលប៉ះពាល់ដោយសារទឹកជំនន់ដែលកើត
ឡើងក្រោយពីការចាក់ដីលុបបឹងកក់ ដែលបានរៀបចំធ្វើឡើងនៅចុងឆ្នាំ២០០៨
បានបង្ហាញថា ការចាក់ដីបំពេញបឹងកក់នេះនឹងធ្វើឱ្យជន់លិចតំបន់ទំនាបនៅ
ជិតៗនោះ។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅភាគខាងជើងបឹងកក់ ដោយកម្រិត
ទឹកជំនន់បានកើនឡើងរហូតដល់ជិតកន្លះម៉ែត្ររួចហើយ ដោយសារតែការអភិ-
វឌ្ឍតំបន់បឹងកក់នេះ។

តែទោះជាយ៉ាងនេះក្តី លោកឡៅ ម៉េងឃីន ប្រធានក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែល
កំពុងអភិវឌ្ឍតំបន់បឹងកក់បានមានប្រសាសន៍ថា ទឹកដែលជន់លិចផ្ទះប្រជាពល
រដ្ឋនេះមិនមែនបណ្តាលមកពីការបូមខ្សាច់លុបបឹងកក់នោះទេ។

លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ទឹកដែលជន់លិចនេះគឺជាបាតុភូតធម្មតាដែល
ប្រទេសណាក៏តែងតែជួបប្រទះដែរ។

“បងឯងមើលឱ្យស្រួលបួលទៅថា ផ្លូវខាងនោះលិចទាំងអស់ហើយឬនៅ។ មិន
មែនតែប្រទេសខ្មែរទេ ប្រទេសណាលើពិភពលោកលិចទឹកដូចតែគ្នាហ្នឹង”។

លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញនិងលោកឃ្លាំង ហួត អភិបាលខណ្ឌ
ឫស្សីកែវពុំអាចទាក់ទងសុំការបំភ្លឺបានទេនៅថ្ងៃព្រហស្បន៍នេះ។

តែទោះជាយ៉ាងនេះក្តី លោកកូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវបានមានប្រសា-
សន៍ថា ទឹកដែលបូមចេញពីបឹងកក់មិនមែនជាមូលហេតុចម្បងដែលធ្វើឱ្យជន់
លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះទេ។ លោកកូប ស្លេះ បញ្ជាក់ថា គឺទឹក
ភ្លៀងទេដែលបង្កឱ្យមានការជន់លិចនេះ។

“ការដែលបូមចេញពីបឹងកក់មកគឺទុយោតែ៦តឹកទេបាទ។ ការបូមចេញពីបឹងកក់
១ បឹងកក់២ហ្នឹងគ្រាន់តែជាចំណុចតូចមួយទេ។ យើងទាំងអស់គ្នាគួរទទួលស្គាល់
ការណ៍ពិតផង។ បើយើងទៅមើលកន្លែងអូរអាគុយសិន ចម្ងាយប៉ុន្មានរយម៉ែត្រ
ខាងត្បូងផ្សារដីហុយ យើងឃើញហើយថា តើទឹកហូរពីលិចមកនោះ វាមាន
ទំហំប៉ុណ្ណា”។

លោកកូប ស្លេះបានបន្តថាអាជ្ញាធរកំពុងដោះស្រាយបញ្ហានេះហើយតាមរយៈការ
បូមរំដោះទឹកចេញពីតំបន់ ដែលជន់លិចទាំងនោះ ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋបាន
លើកឡើងថា ទៅឆ្នាំក្រោយៗ អាជ្ញាធរគួរតែចាត់វិធានបូមទឹកចេញភ្លាមៗ នៅ
ពេលដែលទឹកជំនន់នៅមានកម្រិតតិចនៅឡើយ។

ពួកគេនិយាយថា បើចាំទាល់តែទឹកជន់លិចខ្លាំងហើយ ទើបចាត់វិធានការនោះ
ប្រជាពលរដ្ឋនឹងកាន់តែវេទនាមិនខាន។

ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG