ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ១២នាក់ត្រូវតុលាការថៃ កាត់ទោសឱ្យជាប់ពន្ធនាគារ


អ្នកភូមិខ្មែរចំនួន១២នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារនៅក្នុងប្រទេសថៃ
អំពីការកាប់ឈើ និងការឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។

លោក ជន សក្តា សូមជូនព័ត៌មាននេះ ដូចតទៅ៖

តុលាការខេត្តស៊ីសាកេតរបស់ប្រទេសថៃ នៅថ្ងៃសុក្រនេះ បានកាត់ទោសប្រជា
ពលរដ្ឋខ្មែរចំនួន១២នាក់ឱ្យជាប់ពន្ធនាគាររហូតដល់៨ឆ្នាំ អំពីបទកាប់ឈើខុស
ច្បាប់ និងឆ្លងចូលក្នុងទឹកដីថៃដោយខុសច្បាប់។

ទាហានឈុតខ្មៅថៃ បានចាប់ប្រជាពលរដ្ឋខ្មែរចំនួន១២ នាក់នៅតំបន់ព្រំដែន
ជប់រុនក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៧ ខែសីហា
អំពីបទឆ្លងចូលក្នុងទឹកដីថៃដោយខុសច្បាប់ និងកាប់ឈើ។

លោកកួយ គង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បាន
ថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា "តុលាការខេត្តស៊ីសាកេតបានកាត់ទោសឱ្យអ្នក
ភូមិខ្មែរចំនួន៨នាក់ ជាប់ពន្ធនាគារចំនួន៨ឆ្នាំ និង៣នាក់ឱ្យជាប់ពន្ធនាគារចំនួន
៥ឆ្នាំ និង៧ខែ ហើយម្នាក់ទៀតឱ្យជាប់ពន្ធនាគារចំនួនជាង១៥ខែ ដែលបាន
ចោទប្រកាន់អំពីបទកាប់ឈើខុសច្បាប់ និងការចូលក្នុងប្រទេសថៃដោយខុស
ច្បាប់"។

ប្រជាពលរដ្ឋខ្មែរទាំងនេះបានចូលក្នុងព្រៃតាមបណ្តោយព្រំដែនរវាងខេត្តឧត្តរ
មានជ័យរបស់ប្រទេសកម្ពុជានិងខេត្តស៊ីសាកេតរបស់ថៃដើម្បីដឹកជញ្ជូនអង្ករ
និងស្បៀងអាហារផ្សេងៗទៀតសម្រាប់យកកម្រៃមកចិញ្ចឹមជីវិត ខណៈដែល
ទាហានឈុតខ្មៅថៃបានចាប់ខ្លួននោះ។

លោកកួយ គង់បានបញ្ជាក់ថា "យើងមិនពេញចិត្តនឹងការសម្រេចក្តីរបស់តុលា
ការខេត្តស៊ីសាកេតនេះទេ ។ យើងនឹងរៀបចំបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការ
សម្រេចសេចក្តីរបស់តុលាការខេត្តស៊ីសាកេតនេះ។ អ្វីដែលយើងមិនសុខចិត្តគឺ
យើងរៀបចំឱ្យមេធាវីរបស់យើងរៀបចំប្តឹងឧទ្ធរណ៍ដើម្បីឱ្យសាលាឧទ្ធរណ៍អាច
ផ្តល់យុត្តិធម៌ច្រើនជាងសាលាដំបូង"។

លោកកួយ គង់ បានថ្លែងថា អគ្គកុងស៊ុលរបស់យើងប្រចាំនៅខេត្តស៊ីសាកេត
បានធ្វើទំនាក់ទំនងជាមួយអាជ្ញាធរថៃដើម្បីជួយសម្រាលទោសរបស់អ្នកភូមិខ្មែរ
ទាំងនោះ ឱ្យបានរួចទោសជាប់ពន្ធនាគារនិងបានវិលត្រឡប់មករស់នៅជាមួយ
ក្រុមគ្រួសារវិញ។

កាលពីថ្ងៃទី២៤ ខែកញ្ញា តុលាការខេត្តអ៊ូប៊ុនរបស់ប្រទេសថៃបានកាត់ទោស
ប្រជាពលរដ្ឋខ្មែរចំនួន១៥នាក់ ឱ្យជាប់ពន្ធនាគារចំនួនជាង៩ឆ្នាំ និងម្នាក់ទៀត
ឱ្យជាប់ពន្ធនាគារចំនួនជាង៦ ឆ្នាំ អំពីបទឆ្លងដែនចូលប្រទេសថៃ និងការកាប់
ឈើព្រៃនៅក្នុងទឹកដីថៃដោយខុសច្បាប់។

ប្រជាពលរដ្ឋខ្មែរទាំងនេះរស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរតំបន់ជម្លោះ
ព្រំដែននៅប្រាសាទព្រះវិហារ ហើយក្រុមមន្ត្រីកម្ពុជាបាននិយាយថា ប្រជាពល
រដ្ឋខ្មែរទាំងនេះ កំពុងតែដើររកទឹកឃ្មុំ ខ្លឹមឈើ និង ផ្លែឈើព្រៃសម្រាប់យកមក
ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រៃ។

កាលពីថ្ងៃទី១៣ខែកញ្ញា ឆ្មាំការពារព្រំដែនកម្ពុជាបានចាប់ខ្លួនជនជាតិថៃចំនួន
៤២នាក់ បន្ទាប់ពីពួកគេបានឆ្លងដែនចូលទឹកដីខេត្តបន្ទាយមានជ័យដោយខុស
ច្បាប់ប៉ុន្តែក្រោយមកបានដោះលែងពួកគេទៅវិញ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG