ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ AH1N1 សម្លាប់មនុស្សទី៤ នៅកម្ពុជាឆ្លង២៣៩នាក់


ដើម្បីស្តាប់ព័ត៌មាននេះ

លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួង
សុខាភិបាលបានបញ្ជាក់ថា ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺគ្រុន
ផ្តាសាយថ្មី AH1N1 បានកើនឡើងដល់៤នាក់ ហើយដែលធ្វើឲ្យចំនួនអ្នកផ្ទុក
វីរុសផ្តាសាយប្រភេទថ្មីនេះ បានកើនឡើងដល់២៣៩នាក់ ។

លោក ហេង រស្មី ជូនសេចក្តីរាយការណ៍ដូចតទៅ៖

លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួង
សុខាភិបាល បានបញ្ជាក់ថា ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺគ្រុន
ផ្តាសាយថ្មី AH1N1 បានកើនឡើងដល់៤នាក់ហើយ ដែលធ្វើឲ្យចំនួនអ្នកផ្ទុក
មេរោគផ្តាសាយថ្មីនេះ បានកើនឡើងដល់២៣៩ ។

លោក សុខ ទូច បានបញ្ជាក់ថា អ្នកស្លាប់ទី៤នេះ បានកើតឡើងទៅលើស្រ្តី
អាយុ៥១ឆ្នាំមួយរូប ដែល ជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ។

លោកបានមានប្រសាសន៍ថា អ្នកស្រីមានជំងឺថ្លើមរីងរៃ ដែលបានព្យាបាលនៅ
ឯក្រៅប្រទេសរយៈពេលជាច្រើនឆ្នាំ តែពុំជាសះស្បើយ។លោកបានបញ្ជាក់ទៀត
ថា អ្នកស្រីបានស្លាប់កាលពីសបា្តហ៍មុន ក្រោយពីបានសម្រាកព្យាបាលនៅ
មន្ទីរពេទ្យកាល់ម៉ែត ហើយក្រុមគ្រូពេទ្យបានពិនិត្យឃើញថា អ្នកស្រីមានផ្ទុក
ជំងឺAH1N1។

"គាត់នៅភ្នំពេញ។ គាត់ឈឺយូរហើយ។ គាត់ព្យាបាលនៅប្រទេសក្រៅមួយចំនួន
មួយរយៈដែរ បាទ។គាត់ឈឺថ្លើម ហើយចុងក្រោយ គាត់មានឃើញអាហ្នឹងមួយ
ទៀត"។

រោគសញ្ញាជំងឺគ្រុនផ្តាសាយថ្មី AH1N1 នេះស្រដៀងគ្នាទៅនឹងផ្តាសាយធម្មតា
ដែរដែលរួមមានកំដៅឡើងខ្លាំងលើសពី៣៨អង្សា ក្អក ឈឺក្បាល ឈឺសាច់ដុំ
ឈឺបំពង់កហៀរសម្បោរ និងអស់កម្លាំង។ការចម្លងរោគនេះអាចចាប់ផ្តើមពី១ថ្ងៃ
មុនពេលចេញរោគសញ្ញារហូតដល់៧ថ្ងៃ ក្រោយពេលចេញរោគសញ្ញា នេះបើ
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលធ្លាប់បានបញ្ជាក់ថា ប្រជាពល
រដ្ឋត្រូវតែប្រុងប្រយ័ត្នអំពីជំងឺគ្រុនផ្តាសាយថ្មី AH1N1នេះ ជាពិសេសនៅពេល
ដែលបុណ្យអុំទូក អកអំបុកនិងសំពះព្រះខែ ខាងមុខនេះ។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ពេលខាក
ស្តោះត្រូវយកក្រណាត់ ឬ កន្សែងខ្ទប់មាត់ ជៀសវាងការខាកស្តោះនៅតាមទី
សាធារណៈជាដើម ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបាន
បញ្ជាក់ឲ្យដឹងថា អ្នកជំងឺគ្រុនផ្តាសាយថ្មី AH1N1 ដែលបានស្លាប់កន្លងទៅនេះ
សរុបទាំងអស់មានចំនួន៤នាក់ ដែលរួមមានបុរសអាយុ៤៥ឆ្នាំមា្នក់និងស្រ្តីមាន
ចំនួន៣នាក់ គឺអាយុ២៥ឆ្នាំ ៤១ឆ្នាំ និងចុងក្រោយគេ គឺអាយុ៥១ឆ្នាំ ដែលបាន
ស្លាប់បាត់បង់ជីវិតកាលពីសប្តាហ៍មុន។

អង្គការសុខភាពពិភពលោកបានបង្ហាញឲ្យឃើញថា នៅលើពិភពលោកនេះ
មានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយថ្មី AH1N1នេះ បានកើនឡើងដល់
ជិត៥.០០០នាក់ហើយ នៅក្នុងពេលដែលចំនួនអ្នក ផ្ទុកមេរោគនេះ បានកើន
ឡើងដល់ប្រមាណ ៣៤ម៉ឺននាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា
ដោយមានការសហការជាមួយនឹងអង្គការសុខភាពពិភពលោក បានបំពាក់
ម៉ាស៊ីនតាមដានអ្នកជំងឺស្វ័យប្រវត្តិនៅតាមច្រកចេញចូលសំខាន់ៗ ដែលរួម
មានច្រកព្រំដែនគោក និងច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទប់
ស្កាត់ការរីករាលដាលជំងឺគ្រុនផ្តាសាយថ្មីAH1N1។

ប្រទេសកម្ពុជាពុំទាន់មានវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺគ្រុនផ្តាសាយថ្មី
AH1N1 នៅឡើយទេ ហើយវ៉ាក់សាំងនេះនឹងនាំមកកាន់ប្រទេសកម្ពុជា នៅ
ខែវិច្ឆិកាខាងមុខនេះ នេះបើតាមការបញ្ជាក់របស់លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តី
ក្រសួងសុខាភិបាល។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG