ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានឹងទទួលពិនិត្យឯកសារអំពីលោក Thaksin


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជានឹងទទួលយកសំណុំឯកសារអំពីលោក Thaksin អតីតនាយករដ្ឋ
មន្ត្រីថៃមកពិនិត្យមើល បើរដ្ឋាភិបាលក្រុងបាងកកបញ្ជូនមកឱ្យប្រទេសកម្ពុជា។

លោកជន សក្តា សូមជូនព័ត៌មានៃពិស្តារ ដូចតទៅ៖

ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកម្ពុជានឹង
មិនបដិសេធឯកសារជាផ្លូវការរបស់រដ្ឋាភិបាលទីក្រុងបាងកកអំពីករណីលោក
អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ទេ ថ្វីបើលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានប្រកាសផ្តល់ទីជម្រកដល់លោក Thaksin និង មិនធ្វើបត្យាប័ន
លោក Thaksin ក៏ដោយ។

ក្រសួងការបរទេសថៃបាននិយាយនៅក្នុងសប្តាហ៍នេះថា នឹងបញ្ជូនសំណុំរឿង
ឯកសារជាផ្លូវការជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ជាក់រឿងពិតអំពី
ករណីលោក Thaksin ដើម្បីជៀសវាងការយល់ច្រឡំ និង អារម្មណ៍មិនល្អរវាង
ប្រទេសថៃនិងប្រទេសកម្ពុជា។

លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាអ្នកនាំពាក្យរដ្ឋាភិបាល បាន
បញ្ជាក់ថា " យើងនឹងទទួលយកឯកសារដែលទាក់ទងនឹងលោកអតីតនាយករដ្ឋ
មន្ត្រី Thaksin មកពិនិត្យមើល បើរដ្ឋាភិបាលទីក្រុងបាងកកបញ្ជូនមកឱ្យយើង។
ប្រទេសថៃនឹងយកព័ត៌មានលម្អិតស្តីពីលោក Thaksin មកឱ្យសម្តេចនាយករដ្ឋ
មន្ត្រីហ៊ុន សែន។ បើប្រទេសថៃបញ្ជូនមកឱ្យ យើងទទួលមើលទៅ។ វាគ្មានបញ្ហា
អ្វីទេ។យើងមានអ្នកច្បាប់របស់យើងពិនិត្យបញ្ហានោះ"។

លោកThaksinត្រូវបានទម្លាក់ពីអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០០៦ និងត្រូវបាន
កាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំអំពីបទពុករលួយ។ បច្ចុប្បន្ន លោក Thaksin កំពុងតែរស់នៅនីរទេសខ្លួនក្នុងទីក្រុង Dubai។

សង្គ្រាមពាក្យសម្តីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី
Abhisit Vejjajiva បានចាប់ផ្ទុះឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានហៅលោក Thaksin ថា ជាជនរងគ្រោះនយោបាយ និង បានប្រកាសផ្តល់
ទីជម្រកដល់លោក Thaksin និងមិនធ្វើបត្យាប័នលោក Thaksin ព្រមទាំងចង
សម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សPheu Thai ដែលគាំទ្រ
លោក Thaksin ។

លោក កួយ គង់ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការបរទេស បាន
បញ្ជាក់ថា "យើងមិនទាន់ បានទទួលឯកសារជាផ្លូវការណាមួយដែលទាក់ទងនឹង
លោក Thaksin ពីរដ្ឋាភិបាលថៃនៅឡើយទេរហូត មកដល់ពេលនេះ។ រហូតមក
ដល់ពេលនេះ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស
កម្ពុជា និង ប្រទេសថៃ នៅតែរក្សាដដែល"។

កាសែត The Nation បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ នេះថា គណបក្សប្រជា-
ធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រីAbhisit Vejjajivaបានសម្រេចយកព័ត៌មាន
សម្ងាត់ដើម្បីបង្ហាញភស្តុតាងទំនាក់ទំនងរវាងលោកThaksinនិងលោកហ៊ុនសែន
មកពិភាក្សានៅក្នុងរដ្ឋសភា ហើយក្នុងវិធីនេះ វាអាចត្រូវបានគេមើលឃើងថា ជា
ទង្វើមួយ ដើម្បីព្រមានគណបក្ស Pheu Thai កុំឱ្យប្រឆាំងនឹងគណបក្សប្រជាធិប
តេយ្យខ្លាំងពេក។

លោកកួយ គង់ បានបដិសេធការធ្វើអត្ថាធិប្បាយអំពីបញ្ហានេះ ដោយលោកបាន
ហៅបញ្ហានេះថា ជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG