ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលព្រមានក្រុមហ៊ុនទូរស័ព្ទ កុំឱ្យបិទបណ្តាញគ្នាទៅវិញទៅមក


ដើម្បីស្តាប់ព័ត៌មាននេះ

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងចំពោះក្រុមហ៊ុនទូរស័ព្ទ
ទាំងអស់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីខ្លួនសង្កេតឃើញថា មានការបិទខ្ទប់
ការតភ្ជាប់បណ្តាញគ្នាទៅវិញទៅមកនាំឱ្យច្របូកច្របល់ស្ថានភាពទីផ្សារទូរគម-
នាគមន៍នៅកម្ពុជា។

លោក ជៀប មុនី សូមជូនសេចក្តីរាយការណ៍ពិស្តារ ៖

រដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជា
ត្រូវធានាលើការផ្តល់សេវាទូរគមនាគមន៍ប្រកបដោយគុណភាពល្អជូនអតិថិជន
និងត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រកួតប្រជែងដណ្តើមអតិថិជនគ្នាតាមរយៈការរាំង
ខ្ទប់ការតភ្ជាប់បណ្តាញគ្នាទៅវិញទៅមក។

បទបញ្ជានេះក៏តម្រូវឱ្យមានការកំណត់ថ្លៃសេវារបស់គ្រប់ក្រុមហ៊ុនទូរស័ព្ទ ដែល
ត្រូវផ្អែកលើមូលដ្ឋានថ្លៃដើមជាក់ស្តែង ដែលទទួលស្គាល់ដោយក្រសួងប្រៃស-
ណីយ៍ និងទូរគមនាគមន៍។

បទបញ្ជាបែបនេះគឺត្រូវបានកំណត់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៩ ដែលចុះ
ហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះថ្ងៃទី២១ខែតុលាឆ្នាំ២០០៩។

ការដាក់ចេញនូវបទបញ្ជានេះ ដោយសារតែរដ្ឋាភិបាល នាពេលថ្មីៗនេះ បាន
សង្កេតឃើញថា ការតភ្ជាប់បណ្តាញគ្នាទៅវិញទៅមករវាងប្រតិបត្តិករទូរគមនា-
គមន៍មួយទៅ ប្រតិបត្តិករទូរគមនាគមន៍មួយទៀត ឬការហៅទូរស័ព្ទឆ្លងប្រព័ន្ធ នៅជួបប្រទះការលំបាកស្មុគស្មាញបំផុត ដែលជាហេតុបង្កឱ្យមានផលវិបាកជា
ច្រើនចំពោះអ្នកប្រើប្រាស់។

រដ្ឋាភិបាលបានព្រមានថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះប្រតិបត្តិករទូរ
គមនាគមន៍ណា ដែលពុំគោរពតាមបទបញ្ជានេះ ហើយនៅតែបន្តការបិទខ្ទប់ការ
តភ្ជាប់បណ្តាញគ្នាទៅវិញទៅមក ឬ ធ្វើសកម្មភាពប្រកួតប្រជែងគ្នាដោយពុំស្មោះ
ត្រង់ នាំឱ្យច្របូកច្របល់ស្ថានភាពទីផ្សារទូរគមនាគមន៍នៅកម្ពុជា។

ក្នុងចំណោមវិធានការទាំងនោះ គឺ រួមមានទាំងវិធានការដែលរដ្ឋាភិបាលត្រូវផ្អាក
អាជ្ញាបណ្ណអាជីវកម្មបណ្តោះអាសន្ន ឬ ដកហូតអាជ្ញាប័ណ្ឌអាជីវកម្មជាស្ថាពរពី
ក្រុមហ៊ុនទូរស័ព្ទណាមួយនោះផងដែរ។

មន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ពុំអាចទំនាក់ទំនងសុំអត្ថាធិប្បាយបន្ថែម
បានទេនៅថ្ងៃនេះ។

បទបញ្ជាបែបនេះរបស់រដ្ឋាភិបាលទៅលើក្រុមហ៊ុនទូរស័ព្ទ បានកើតឡើងបន្ទាប់
ពីក្រុមហ៊ុនទូរស័ព្ទមួយរបស់រុស្ស៊ីឈ្មោះ Beeline ដែលកាលពីខែមុន បានចោទ
ប្រកាន់ក្រុមហ៊ុនទូរស័ព្ទ Mobitel អំពីបិទខ្ទប់ការហៅទូរស័ព្ទចេញពីប្រព័ន្ធរបស់
ខ្លួន ទៅកាន់អតិថិជនរបស់ Mobitel។ ជាការឆ្លើយតប ក្រុមហ៊ុន Mobitel បាន
ចោទប្រកាន់ក្រុមហ៊ុនBeelineវិញថា បានទម្លាក់តម្លៃទាបសម្រាប់ការហៅចេញ
ពីអតិថិជនរបស់ខ្លួនទៅកាន់ប្រព័ន្ធផ្សេងទៀត។

លោកឧកញ៉ាគិត ម៉េង តំណាងក្រុមហ៊ុន Mobitel ពុំបានផ្តល់អត្ថាធិប្បាយណា
មួយទេ។

"អត់ទេ ឥឡូវខ្ញុំជាប់ប្រជុំបន្តិច សុំទោស" ។

ចំណែកតំណាងក្រុមហ៊ុន Beeline វិញ ពុំអាចទំនាក់ទំនងសុំអត្ថាធិប្បាយបាន
ទេនៅថ្ងៃនេះ។

លោកអ៊ុំ រតនា អ្នកនាំពាក្យក្រុមហ៊ុនទូរស័ព្ទ Smart Mobile មានប្រសាសន៍ថា
ក្រុមហ៊ុនរបស់លោក បានទទួលបទបញ្ជារបស់រដ្ឋាភិបាលរួចហើយ ។

"តាមពិតក្រុមហ៊ុនខ្ញុំអត់ដែល block connection របស់គេទេ ព្រោះប្រព័ន្ធណា
ក៏គេទូរស័ព្ទចូលដែរ។ ក្រុមហ៊ុនខ្ញុំ អញ្ចឹងអត់ដែល blockទេ អញ្ចឹងគឺថា អត់
មានអីត្រូវ គឺអត់មានអីថា មិនអនុវត្តតាមលិខិតរបស់រដ្ឋាភិបាលហ្នឹងទេ" ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទចល័តនៅក្នុងប្រទេស
កម្ពុជាមានចំនួន៩ក្រុមហ៊ុន និង មានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួនជាង៤
លាននាក់ គឺច្រើនជាងឆ្នាំ២០០៨ ដែលអ្នកប្រើប្រាស់មានតែជាង៣លាននាក់
ប៉ុណ្ណោះ។

ប្រព័ន្ធទូរគមនាគមន៍បានផ្តល់ចំណូលដល់ប្រទេសកម្ពុជាចំនួន៣០លានដុល្លារ
សហរដ្ឋអាមេរិកក្នុង១ឆ្នាំៗ។

រាយការណ៍ពីទីក្រុងភ្នំពេញ ខ្ញុំ ជៀប មុនី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG