ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណោះសា្រយចំពោះបញ្ហា ធនធានធម្មជាតិស្មុគស្មាញ


ដើម្បីស្តាប់ព័ត៌មាននេះ

អ្នកជំនាញខាងកិច្ចការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍ
បានប្រាប់វីអូអេផ្នែកខេមរភាសានៅក្នុងសម្ភាសន៍ផ្ទាល់និងតាមទូរស័ព្ទថា មាន
ដំណោះស្រាយប្រកបដោយសក្តានុពលចំពោះបញ្ហាគ្រប់គ្រងធនធានធម្មជាតិ
ក្នុងប្រទេសកំពុងអភិវឌ្ឍ។

ប៉ុន្តែដំណោះស្រាយនោះហាក់ដូចមិនសូវច្បាស់លាស់ក្នុងការអនុវត្ត។ ប្រទេស
កំពុងអភិវឌ្ឍមានការខ្វះខាតក្នុងបទពិសោធន៍នៃការគ្រប់គ្រងប្រកបដោយប្រ-
សិទ្ធិភាព។ ការទុកចិត្តគ្នារវាងរដ្ឋាភិបាលសហគមន៍អន្តរជាតិនិងពាណិជ្ជកម្ម
មិនសូវមាន។ នេះបើតាមសំដីរបស់អ្នកជំនាញមួយចំនួន។ លោកសូមិតវ៉ាម៉ា
(Somit Varma) ប្រធាននាយកដ្ឋានជាតិគីមីរ៉ែ និង ឥន្ធនៈនៃធនាគារពិភព
លោកបានប្រាប់ វីអូអេ នៅឯការិយាល័យរបស់លោកនៅរដ្ឋធានីវ៉ាស៊ីនតោនថា
ប្រសិនបើអាជីវកម្មធនធានធម្មជាតិត្រូវមានការគ្រប់គ្រងបានល្អវាមានឥទ្ធិពល
ជាវិជ្ជមានចំពោះប្រទេសនិងប្រជាពលរដ្ឋ។លោកលើកឧទាហរណ៍ថា ចំណូល
ដែលត្រូវបានគ្រប់គ្រងប្រកបដោយគតិបណ្ឌិតអាចស្ថាបនាបាននូវផ្លូវថ្នល់មន្ទីរ
ពេទ្យសាលារៀន និងបង្ហាត់មន្រ្តីរាជការ ដែលទាំងអស់នេះអាចជាប្រយោជន៍
ដល់ប្រជាពលរដ្ឋទូទៅនិងអ្នកក្រីក្រ ។ លោកបានសង្កត់ធ្ងន់ថា ការគ្រប់គ្រង
ប្រកបដោយប្រសិទ្ធិភាពអាចមាន លុះត្រាតែមានការតាំងចិត្តពីរដ្ឋាភិបាល ។ រដ្ឋាភិបាលត្រូវតែប្តេជ្ញាគ្រប់គ្រងធនធានធម្មជាតិ ដោយបង្កើតឱ្យមានច្បាប់និង
បទបញ្ជានានា។

លោកវ៉ាម៉ាមានប្រសាសន៍ថា៖“ដើម្បីជួយឱ្យទទួលបានជោគជ័យអ្នកពិតជាត្រូវ
ការប្រទេសដែលមានកម្មសិទ្ធិ។ប្រទេសនោះត្រូវតែមានការតាំងចិត្តពេញទំហឹង
ដើម្បីធ្វើឱ្យប្រាកដថា គេធ្វើចំណែករបស់ពួកគេ ដែលគេត្រូវតែបង្កើតបទបញ្ជា
គ្រឿងលើកទឹកចិត្តច្បាប់ត្រួតពិនិត្យច្បាប់ពួកគេនឹងមានតម្លាភាពពួកគេនឹងដាក់
ឱ្យដឹងជាសាធារណៈ ។ ដៃគូអភិវឌ្ឍរបស់គេនឹងជួយគេ ប្រសិនបើគេមិនដឹង
របៀបធ្វើ។ គេនឹងជួយកសាងសមត្ថភាពដើម្បីធ្វើកិច្ចការនេះ”។

បណ្ឌិតផលខូលីអ៊័រ (Paul Collier) សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ
អក់ស្វ៊ត (Oxford) នៅចក្រភពអង់គ្លេស បានបញ្ជាក់ប្រាប់ វីអូអេ ផ្នែកខេមរ
ភាសាថា ច្បាប់និងបទបញ្ជាត្រូវតែបង្កើតឱ្យមានដើម្បីការពារបរិស្ថាន និងជា
ប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន។

“មិនមានការលើកទឹកចិត្តលក្ខណៈឯកជននឹងធ្វើកិច្ចការនេះទេ។ ហេតុដូច្នេះ
ហើយបានជាអ្នកត្រូវការបទបញ្ញត្តិដើម្បីធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋមូលដ្ឋាន
ត្រូវបានផ្តល់ប្រយោជន៍និងការពារ”។

បទបញ្ញត្តិល្អនិងកិច្ចព្រមព្រៀងមានតម្លាភាពគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ការ
ប្រឈមមុខដ៏សំខាន់បំផុតមួយទៀតនោះ គឺសមត្ថភាពធនធានមនុស្ស ដែល
ប្រកបដោយជំនាញបទពិសោធន៍និងវិជ្ជាជីវៈដែលអនុវត្តជាក់ស្តែង និង ចាត់
ចែងគម្រោងប្រកបដោយប្រសិទ្ធិភាព។

ដូច្នេះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍គឺត្រូវការជាចាំបាច់។

“កត្តាពីរ ដែលមានការលំបាកនោះគឺសមត្ថភាពនៅក្នុងប្រទេសដែលអនុវត្ត
គម្រោងជាក់ស្តែង។ វាមិនមែនជាការចង់ធ្វើនោះទេ។ ការចង់នោះមានហើយ
តែខ្វះសមត្ថភាពធ្វើ។ពីព្រោះតែយើងទាំងអស់គ្នាធ្វើកិច្ចការអភិវឌ្ឍន៍ច្រើនយើង
ដឹងថា ការកសាងសមត្ថភាពគឺជាការលំបាក ។ ត្រូវចំណាយពេលរាប់ឆ្នាំក្នុង
ការកសាងសមត្ថភាព។ វាមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែអ្នកត្រូវការ
ដៃគូអភិវឌ្ឍន៍ដែលមានការតាំងចិត្តនិងត្រូវការរដ្ឋាភិបាលដែលមានការប្តេជ្ញា
ចិត្ត។ អ្នកត្រូវការភាគីទាំងពីរដើម្បីធ្វើកិច្ចការនេះ”។

លោកសាស្រ្តាចារ្យផលខូលីអ៊័រនៃសាកលវិទ្យាល័យអក់ស្វ៊ត (Oxford)សង្កត់
ធ្ងន់ថា លុយដែលបានមកពីការទាញយកផលពីធនធានធម្មជាតិគួរត្រូវយក
មកវិនិយោគឡើងវិញនៅក្នុងប្រទេស និង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ
របស់ខ្លួន ពីព្រោះធនធានធម្មជាតិមិននៅគង់វង់ជារៀងរហូតនោះទេ។ ទ្រព្យ
សម្បតិ្តវិនិយោគរយៈពេលយូរនឹងអាចចូលមកជំនួសធនធានធម្មជាតិនៅពេល
អស់ធនធានទាំងនោះ។

លោកសាស្រ្តាចារ្យ ខូលីអ៊័រ មានប្រសាសន៍ថា៖

“ប្រសិនបើរដ្ឋាភិបាលចំណាយប្រាក់ប្រកបដោយប្រសិទ្ធិភាពលើការវិនិយោគ
ពីព្រោះចំណូលពីធនធានធម្មជាតិខុសពីចំណូលដែលបានពីពន្ធដារធម្មតា។
ចំណូលធនធានធម្មជាតិនឹងមិនគង់វង់រហូតនោះទេ។ ប្រសិនបើប្រទេសធ្វើ
និស្សារណកម្មធនធានធម្មជាតិ នៅពេលណាមួយនោះប្រទេសនឹងអស់ធន
ធានទាំងនោះ។ ដូច្នេះយើងត្រូវប្រើចំណូលផ្សេងទៀតដើម្បីជំនួសធនធានធម្ម
ជាតិ”។

លោកសាស្រ្តាចារ្យវីលាម អាស្ស៊រ(William Ascher)អ្នកនិពន្ធសៀវភៅជាច្រើន
ក្បាលដែលរួមមាន “ហេតុអ្វីបានជារដ្ឋាភិបាលខ្ជះខ្ជាយធនធានធម្មជាតិ”មាន
ប្រសាសន៍ថា វិធីនិងប្រព័ន្ធដែលរដ្ឋាភិបាលប្រើដើម្បីរកចំណូលនិងចំណាយ
ធនធានដែលបានមកពីធនធានធម្មជាតិគឺសំខាន់ណាស់ ។ រដ្ឋាភិបាលគួរតែ
ប្រមូលប្រាក់ចំណូលធនធានធម្មជាតិទៅដាក់ក្នុងថវិកាកណ្តាល។

អាជ្ញាធរថវិកាកណ្តាលត្រូវសម្រេចតាងនាមឱ្យប្រជាពលរដ្ឋថា តើប្រាក់គួរតែ
ចំណាយដោយរបៀបណាលើវិនិយោគរយៈពេលខ្លីនិងវែងឧទាហរណ៍ទៅលើ
វិស័យអប់រំការថែទាំសុខភាពការកសាងរចនាសម្ព័ន្ធសារពើពន្ធ។ល។ លោក
សាស្ត្រាចារ្យចង្អុលបង្ហាញថា ប្រទេសឈីលី (Chile)និងប្រទេសបុតស្វាណា
(Botswana)គឺជាប្រទេសដែលទទួលជោគជ័យបំផុតក្នុងការគ្រប់គ្រងធនធាន
ធម្មជាតិ។ លោកសាស្ត្រាចារ្យមានប្រសាសន៍ថា៖

“ករណីជោគជ័យបំផុតនោះគឺ ប្រទេសឈីលី នៅទ្វីបអាមេរិកខាងត្បូង ដែល
ប្រហែលនៅតែជាប្រទេសផលិតស្ពាន់ធំជាងគេនៅក្នុងពិភពលោក។នៅទីនោះ
មូលនិធិត្រូវបញ្ចូលទៅក្នុងមូលនិធិមួយដែលមានស្ថេរភាពដែលធ្វើឱ្យមានស្ថេរ
ភាពដល់ផលប៉ះពាល់មីក្រូសេដ្ឋកិច្ចដែលមានតម្លៃខ្ពស់ឬទាបហើយវាអាស្រ័យ
ទៅលើក្រសួងហិរញ្ញវត្ថុ និងភ្នាក់ងារផែនការសម្រេចថា តើធនធាននោះត្រូវ
បានចំណាយដោយរបៀបណា ។ ករណីល្អមួយនៅទ្វីបអាហ្រិ្វកនោះគឺប្រទេស
បុតស្វាណាដែលមានរ៉ែច្រើន។ មានធនធានពេជ្រច្រើនគួរសម។នៅទីនោះរដ្ឋ
ចូលរួមគ្រប់គ្រង ហើយការគ្រប់គ្រងបានល្អប្រសើរណាស់”។

សាស្រ្តាចារ្យផលខូលីអ៊័រមានប្រសាសន៍ថា អភិបាលកិច្ចប្រកបដោយប្រសិទ្ធិ
ភាពគឺជាកត្តាមួយក្នុងចំណោមកត្តាគន្លឹះជាច្រើនទៀតនៅក្នុងការគ្រប់គ្រងធន
ធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ លោកបានលើកយកប្រទេសណ័រ
វ៉េ (Norway), អូស្រ្តាលី (Australia) និងប្រទេសកាណាដា(Canada) ជា
ឧទាហរណ៍នៃប្រទេសទទួលជោគជ័យក្នុងការគ្រប់គ្រងធនធានធម្មជាតិទាំង
ក្នុងពេលសម្បូរ និងក្សត់។ អភិបាលកិច្ចល្អអាចធ្វើឱ្យសេដ្ឋកិច្ចមានស្ថេរភាព
ទោះបីជាធនធានធម្មជាតិសម្បូរឬក្សត់ចុះក៏ដោយ។

សាស្រ្តាចារ្យខូលីអ៊័រមានប្រសាសន៍ថា៖ “តាមពិតប្រសិនបើមានអភិបាលកិច្ច
គ្រប់គ្រាន់វានឹងមិនមានភាពសម្បូរហួសហេតុនៃធនធាន។ អ្នកមានសេដ្ឋកិច្ច
រីកចម្រើនក្នុងរយៈពេលខ្លីហើយអ្នកនឹងមានសេដ្ឋកិច្ចរិតតែរីកចម្រើនក្នុងរយៈ
ពេលយូរ។ករណីនោះគឺប្រទេសណ័រវ៉េដែលជាប្រទេសមានជាងគេនៅទ្វីបអឺរ៉ុប
ប្រទេសអូស្រា្តលីនិងកាណាដា”។

ធនធានធម្មជាតិគឺជាសម្បត្តិសាធារណៈ។ នៅពេលដែលមានក្រុមហ៊ុនឯកជន
លូកដៃចូលក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអនុវត្តច្បាប់ និង បទបញ្ញត្តិ
ប្រកបដោយប្រសិទ្ធិភាពត្រូវតែមានដើម្បីធ្វើឱ្យប្រាកដថា វានឹងផ្តល់ប្រយោជន៍
ដល់សាធារណជន។

យោងតាមលោកនិកចនស្តូន (Nick Johnstone) ប្រធានអង្គភាពវិភាគគោល
នយោបាយពិសោធន៍នៃអង្គការអភិវឌ្ឍន៍ និង សហប្រតិបត្តិការសេដ្ឋកិច្ច និង
លោក ចូស្វ័រ ប៊ីស្សប់ (Joshua Bishop) ទីប្រឹក្សាជាន់ខ្ពស់កិច្ចការសេដ្ឋកិច្ច
និងបរិស្ថាននៃសហជីពអភិរក្សពិភពលោកឱ្យដឹងថា ក្រុមហ៊ុនឯកជនអាចចូល
រួមក្នុងការគ្រប់គ្រងធនធានធម្មជាតិតាមរយៈកិច្ចព្រមព្រៀងសេវាកិច្ចព្រមព្រៀង
គ្រប់គ្រងការជួលនិងសម្បទាន។

អ្នកជំនាញឱ្យដឹងថា បើគ្មានការគ្រប់គ្រងត្រឹមត្រូវ ធនធានធម្មជាតិនឹងត្រូវបាន
ទាញយកផលច្រើនហួសប្រមាណ។នៅពេលដែលអ្នកទាញយកផលអាចមាន
ឱកាសយកប្រយោជន៍ដ៏មានប្រសិទ្ធិភាពពីធនធានធម្មជាតិ ពួកគេនឹងយក
ចំណេញអស់ពីសមត្ថភាពមុនពេលធនធានក្សោះ៕ ចប់

អត្ថបទ​ទាក់ទង

XS
SM
MD
LG