ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ UNPOជួយសកម្មភាព ខែ្មរកម្ពុជាក្រោម


អង្គការបណ្តាប្រជាជាតិដែលគ្មានអ្នកតំណាងក្នុងអង្គការសហប្រជាជាតិនៅតែ
បន្តការងាររបស់ខ្លួនជួយដល់ការទាមទារឱ្យមានការជ្រើសរើសអ្នកតំណាងរបស់
ពលរដ្ឋខែ្មរកម្ពុជាក្រោមនៅវៀតណាមតាមលក្ខណៈប្រជាធិបតេយ្យនិងការគោរព
សិទ្ធិមនុស្ស។

លោក តាំងសារ៉ាដា មានព័ត៌មានលម្អិតអំពីរឿងនេះពីរដ្ឋធានី Washington។

ដើម្បីស្តាប់ព័ត៌មាននេះ

មេដឹកនាំសកម្មជនដើម្បីសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោមមានមូលដ្ឋានក្នុងសហរដ្ឋ
អាមេរិកបានដាក់ក្តីសង្ឃឹមថា អង្គការបណ្តាប្រជាជាតិដែលគ្មានអ្នកតំណាងក្នុង
អង្គការសហប្រជាជាតិ ឬ ហៅកាត់ថា UNPOនឹងបន្តជួយដល់ការទាមទារសិទ្ធិ
សេរីភាពនិងការទាមទារឱ្យមានការជ្រើសរើសអ្នកតំណាងរបស់ពលរដ្ឋខែ្មរកម្ពុជា
ក្រោមនៅវៀតណាមតាមលក្ខណៈប្រជាធិបតេយ្យ។

សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកប្រចាំក្នុងរដ្ឋ New Jersey នៃសហរដ្ឋអា-
មេរិកកំពុងតស៊ូដើម្បីទាមទារឱ្យមានសិទ្ធិសេរីភាពពេញបរិបូរណ៌ជូនពលរដ្ឋខ្មែរ
ក្រោមក្នុងប្រទេសវៀតណាមដែលត្រូវបានរាយការណ៍មកថា កំពុងទទួលរងការ
ធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

លោកថាច់ ងុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែងតាមទូរស័ព្ទកាល
ពីថ្ងៃច័ន្ទនៅក្រោយដំណើរប្រជុំរបស់លោកជាមួយសមាជិកគណៈកម្មាការប្រតិ-
បតិ្តនៃអង្គការ UNPO កាលពីពាក់កណ្តាលខែតុលានៅសាធារណរដ្ឋស្វយ័ត
Cremia ក្នុងប្រទេស Ukraine ។

“ទីមួយដែលយើងធ្វើនៅពេលបច្ចុប្បន្នគឺរឿងការគោរពសិទ្ធិមនុស្សដោយយោង
ទៅតាមច្បាប់សកលនៃអង្គការសហប្រជាជាតិ យោងទៅតាមច្បាប់នៃសិទ្ធិជន
ជាតិដើម អាហ្នឹងចំណុចទីមួយ។ ចំណុចទី២ គឺបែបលក្ខណៈការគ្រប់គ្រងខ្លួន
ដោយខ្លួនឯងដោយយើងចង់ឃើញរដ្ឋាភិបាលយួនហ្នឹង ត្រូវតែឲ្យមានខ្មែរហ្នឹង
ទទួលខុសត្រូវចំពោះបងប្អូនខ្មែរហើយដែលក្នុងពេលបច្ចុប្បន្ននេះខ្មែរដែលជា
មួយរដ្ឋាភិបាលយួនតំណាងឲ្យខ្មែរនោះគឺកើតឡើងដោយការជ្រើសរើស ដោយ
ការតែងតាំងពីរដ្ឋាភិបាលមិនមែនពីបងប្អូនខ្មែរក្រោម។ អាហ្នឹងឃើញថាជាការ
បន្លំមួយរបស់រដ្ឋាភិបាលយួនថា បែបលក្ខណៈគ្រប់គ្រងខ្លួនដោយខ្លួនឯងតែមិន
មែនរបៀបប្រជាធិបតេយ្យ”។

កិច្ចប្រជុំរបស់អង្គការUNPOនោះបានផ្តោតទៅលើសកម្មភាព និង សមិទ្ធិផល
ដែលជាកិច្ចខិតខំប្រែងរបស់អង្គការ UNPO ក្នុងឆ្នាំ២០០៩ដើម្បីជួយជ្រោមជ្រែង
ដល់សមាជិករបស់ខ្លួន ដូចជាការជួយរៀបចំការធ្វើបាតុកម្មរបស់សហព័ន្ធខ្មែរ
កម្ពុជាក្រោមនៅទីក្រុងហ្សឺណែវការចូលរួមការរំឭកខួបលើកទី៦០នៃការបាត់បង់
ទឹកដីខ្មែរកម្ពុជាក្រោម ការប្រៀបធៀបអំពីភាពខ្សោយនិងភាពខ្លាំងរបស់អង្គការ
UNPO ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកថាច់ងុកថាច់មានប្រសាសន៍ថា កិច្ចប្រជុំនោះក៏បានកំណត់ផែនការសកម្ម
ភាពរបស់អង្គការUNPOសម្រាប់ឆ្នាំ២០១០បន្តទៀតដើម្បីឲ្យអង្គការនេះអាចជួយ
ដល់សកម្មភាពតស៊ូនានារបស់សមាជិក។

“បានពិនិត្យឡើងវិញនូវសមាជិកដែលអសកម្មដែលយើងទាក់ទងមិនបានហ្នឹង
តើត្រូវធ្វើយ៉ាងណា? ត្រូវទុកបន្តទៀតឬ ក៏ធ្វើយ៉ាងណានោះ? ហើយពិនិត្យមើល
អ្នកដែលសុំចូលជាសមាជិកថ្មី ។ ទីបីគឺពិនិត្យមើលថវិការបស់អង្គការ UNPO
ហើយសកម្មភាពទាំងអស់ហ្នឹង។ យើងត្រូវការថវិកាប៉ុន្មានហើយថវិកានោះបាន
ពីណាមកខ្លះ ហើយយើងរករបៀបណានោះ”។

សហព័ន្ធខ្មែរកម្ពុជាក្រោមជាសមាជិករបស់អង្គការ UNPOចាប់តាំងពីឆ្នាំ២០០០។
UNPO បានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលមានសមាជិកចំនួន៦៥ប្រទេសចូល
រួម ក្នុងនោះសហព័ន្ធខ្មែរកម្ពុជាក្រោមជាសមាជិកនៃគណៈកម្មការ ប្រតិបត្តិមួយ
ក្នុងចំណោមសមាជិកគណៈកម្មការប្រតិបត្តិទាំង១២ ដែលត្រូវបានជ្រើសរើស
ចំនួនបីអាណត្តិមកនោះ។ទិសដៅរបស់អង្គការនេះមានបីចំណុចធំៗគឺដើម្បីសែ្វង
រកឯករាជ្យភាព បង្កើតដែនដីស្វយ័ត និង ដើម្បីទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិ
សេរីភាពរបស់ពលរដ្ឋ។ ប្រទេសមួយចំនួនដែលជាសមាជិករបស់ UNPO បាន
ទទួលឯករាជ្យភាពកន្លងមក រួមមានប្រទេស Estonia, Georgia, Ukraine,
East Timor និងប្រទេស Lithuanie ដែលជាសមាជិក។

លោកថាច់ងុកថាច់មានប្រសាសន៍ថា វាជាកាតព្វកិច្ចមួយដែលរដ្ឋាភិបាលវៀត
ណាមត្រូវគោរពដល់សិទ្ធិសេរីភាពរបស់ជនជាតិដើម ដូចមានសេរីភាពខាង
សាសនា ការអប់រំ សារព័ត៌មាន ដូចមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និង
សិទិ្ធមនុស្សដែលរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាជាមួយអង្គការសហ
ប្រជាជាតិ កាលពីខែធ្នូ ឆ្នាំ១៩៨២ ។

លោកបានបន្ថែមថា ផ្ទុយទៅវិញ អាជ្ញាធរវៀតណាមបានហាមឃាត់យ៉ាងខ្លាំង
មិនឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោមមើលទូរទស្សន៍ ឬស្តាប់វិទ្យុប៉ុស្ត៍ខ្មែរទៀតផង។

លោកថាក់ ដឹក ជាមន្ត្រីនគរបាលរបស់វៀតណាមក្នុងទីក្រុងព្រៃនគរ ដែលឥឡូវ
ប្រែជាទីក្រុងហូជីមិញមានប្រសាសន៍ប្រាប់VOAតាមទូរស័ព្ទថា គេគួរចុះមកដល់
ប្រទេសវៀតណាមមើលស្ថានការណ៍ទីនោះដោយផ្ទាល់ហើយថា ការនិយាយ
ពីខាងក្រៅដូច្នោះវាជាការណ៍មិនពិត។

“អាហ្នឹងមិនពិតទេ។បើចង់ដឹងពិត អញ្ជើញមកមើលដល់ប្រទេសមក។និយាយ
អញ្ចឹងវាមិនពិតទេ”។

អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួននិយាយថា ក្រុមប្រជាជនខ្មែរក្រោមដែល
ប្រកាន់សាសនាថេរវាទ និង ក្រុមអ្នកកាន់សាសនាភាគតិច ដូចជាម៉ុងតាញ៉ាត
នៅតំបន់ខ្ពង់រាបកណ្តាល នៅតែកំពុងប្រឈមនឹងការធ្វើទុក្ខបុកម្នេញការវាយធ្វើ
បាប និងការសម្លាប់ជាដើម។ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យស្ថាន
ទូតវៀតណាមប្រចាំនៅកម្ពុជា លោកទ្រិញ បាកឹមធ្លាប់មានប្រសាសន៍ប្រាប់VOA
សម្លេងសហរដ្ឋអាមេរិកកាលពីពេលកន្លងមកថា ការចោទប្រកាន់ទាំងនោះជា
ព័ត៌មានមិនពិត។

ខ្ញុំ តាំងសារ៉ាដា VOA Washigton៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG