ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដី៤,៦ហិចតាក្បែរប្រាសាទ ព្រះវិហារជារបស់ខ្មែរ


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាបានព្រមានប្រទេសថៃ កុំឱ្យលើកបញ្ហាជម្លោះប្រាសាទព្រះវិហារ
និងតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទនោះ។

លោកជន សក្តា សូមជូនសេចក្តីពិស្តារអំពីរឿងនេះ៖

ប្រទេសកម្ពុជាបានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកម្ពុជានិងប្រទេស
ថៃ មិនមានតំបន់ជម្លោះ និងតំបន់ត្រួតស៊ីគ្នានៅលើផ្ទៃដីទំហំ៤,៦ ហិចតានៅ
ក្បែរប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជានោះទេ ដោយទទូចដល់ ប្រទេសថៃ
ឱ្យបញ្ឈប់ការទាមទារយកប្រាសាទព្រះវិហារ និងការរារាំងប្រទេសកម្ពុជាមិន
ឱ្យចូលជាសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍នៃបេតិកភ័ណ្ឌពិភពលោក។

សមាជិកព្រឹទ្ធសភា-រដ្ឋសភា និងរដ្ឋាភិបាល ព្រមទាំងតំណាងគណៈកម្មាធិការ
ព្រំដែន រាជបណ្ឌិតសភា អង្គការមិនមែនរដ្ឋាភិបាល អ្នកស្រាវជ្រាវជាន់ខ្ពស់
ផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ បានជួបពិភាក្សាគ្នានៅក្នុងវេទិកាតុមូលជាសា-
ធារណៈសំដៅការពារតំបន់ព្រំដែន និងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា
ប្រឆាំងនឹងការទាមទាររបស់ប្រទេសថៃ ដោយសំអាងលើឯកសារភស្តុតាងនៃ
សាលក្រមតុលាការទីក្រុងឡាអេឆ្នាំ១៩៦២ និងអនុសញ្ញាអន្តរជាតិ ឆ្នាំ១៩០៤
និងឆ្នាំ១៩០៧។

សមាជិកសភាថៃជាង៤០នាក់បានធ្វើសិក្ខាសាលាកាលពីថ្ងៃអង្គារ ដើម្បីទាម
ទារប្រាសាទព្រះវិហារនិងដើម្បីទប់ស្កាត់ប្រទេសកម្ពុជា មិនឱ្យចូលជាសមាជិក
គណៈកម្មាធិការអន្ត្រៃយ៍នៃបេតិកភ័ណ្ឌពិភព លោករបស់អង្គការ UNESCO។

លោក ជាម យៀប ប្រធានគណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភាខាង
គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលនេះ បាន
បដិសេធដាច់អហង្ការចំពោះការលើកឡើងរបស់សមាជិកសភា ថៃមួយចំនួន
ដែលមានបំណងលេបត្របាក់ទឹកដីកម្ពុជាយ៉ាងងងឹតងងុល។

"ខ្ញុំសូមផ្តាំទៅសភាសៀមមួយក្តាប់តូច ដែលមានមហិច្ឆិតាចង់លោភលន់ និង
ចង់លេបទឹកដីកម្ពុជាបន្តទៀតនោះ។ កម្ពុជា កុំឃើញថា ទឹកស្ងប់អត់មាន ត្រី
និងអត់មានក្រពើ។ ប្រទេសកម្ពុជាអត់មានការអួតអាងសព្វាវុធ ឬ កម្លាំងគ្រប់
បែបយ៉ាងទេ"។

លោក Panitan Watanayagorn អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីថៃ
Abhisit Vejajiva បានថ្លែងប្រាប់ VOA ពីទីក្រុង Bangkokថា លោកមិន
អាចធ្វើអត្ថាធិប្បាយទៅលើជំហររបស់សមាជិកសភាថៃទេ។

"នោះគឺជាជំហររបស់សភាថៃ។ វាមិនមែនជាជំហររបស់រដ្ឋាភិបាលរបស់យើង
ទេ។ វាមានការបែងចែកអំណាច ដាច់ពីគ្នា រវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ន
នីតិប្រតិបត្តិដែលប្រគល់អណត្តិដោយរដ្ឋធម្មនុញ្ញ។ យើងមិនធ្វើអត្ថាធិប្បាយ
ណាមួយទៅលើសមាជិកសភាទាំងនោះទេ"។

សេចក្តីថ្លែងការណ៍ចេញក្រោយកិច្ចពិភាក្សាតុមូលនេះបានបញ្ជាក់ថា ប្រទេស
ថៃតែងតែបន្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា និង អង្គការ
UNESCO។ ប្រទេសថៃត្រូវឈប់យកបញ្ហាប្រាសាទព្រះវិហារ និង ព្រំដែនមក
ប្រើប្រាស់ធ្វើជាលេសដើម្បីប្រកួតប្រជែងនយោបាយផ្ទៃក្នុងរបស់ខ្លួន ដោយ
ទម្លាក់ផលវិបាកមកលើប្រទេសកម្ពុជា ។ ប្រទេសកម្ពុជា និង ប្រទេសថៃគ្មាន
តំបន់ជម្លោះ និងគ្មានតំបន់ត្រួតគ្នាទេ។

លោកPanitan Watanayagorn បានបញ្ជាក់ថា"យើងមិនជំទាស់នឹងសេចក្តី
សម្រេចរបស់តុលាការពិភពលោក ប្រគល់ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់
ប្រទេសកម្ពុជាទេ។យើងទទួលយកសេចក្តីសម្រេចរបស់តុលាការពិភពលោក
នេះ ។ ប៉ុន្តែយើងរក្សាសិទ្ធិប្តឹងឧទ្ធរណ៍ករណីនេះ បើមានភស្តុតាងណាមួយ
បន្ថែម"។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន
បញ្ជាក់ថា ប្រទេសថៃគ្មានសិទ្ធិប្តឹងឧទ្ធរណ៍មកដល់ពេលនេះទេពីព្រោះតុលាការ
ទីក្រុងឡាអេបានទុកពេល១០ឆ្នាំ ឱ្យប្រទេសថៃប្តឹងឧទ្ធរណ៍ ក្រោយពីប្រទេស
ថៃបានចាញ់ក្តីប្រាសាទព្រះវិហារនៅក្នុងឆ្នាំ១៩៦២។

ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជាបានធ្វើកំណត់ការទូតទៅស្ថាន
ទូតថៃនៅក្នុងទីក្រុងភ្នំពេញ ដើម្បីប្រឆាំងនឹងការបាញ់សម្លាប់អ្នកភូមិខ្មែរម្នាក់
ដោយកងទ័ពឈុតខ្មៅថៃក្នុងអង្គភាព២៦០៨ កាលពីថៃច័ន្ទ នៅពេលដែលក្រុម
អ្នកភូមិខ្មែរត្រូវបានចោទប្រកាន់អំពីការកាប់ឈើនៅតាមតំបន់ព្រំដែន។

កំណត់ទូតនេះ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានស្នើសុំឱ្យអាជ្ញាធរថៃដែល
ពាក់ព័ន្ធ ចាត់វិធានការឱ្យបានសមរម្យដើម្បីកុំឱ្យអំពើឃោរឃៅបែបនេះកើត
ឡើងម្តងទៀត ព្រមទាំងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ក្នុងឧប្បតិ្តហេតុអកុ-
សលនេះ និងនាំយកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោក Panitan Watanayagorn បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណី
នេះទេ។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG