ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាមិនប្រតិកម្មចំពោះថៃដែលថា នឹងមក ចាប់លោកថាកស៊ីន


ប្រទេសកម្ពុជាប្រកាន់ជំហរមិនប្រតិកម្មចំពោះការប្រកាសរបស់ប្រទេសថៃដែល
ថា ថៃនឹងមកចាប់ខ្លួនលោកថាកស៊ីន ស៊ីណាវ៉ាត្រា អតិតនាយករដ្ឋមន្ត្រីធ្លាក់ពី
តំណែង ដោយសាររដ្ឋប្រហារ ហើយបញ្ជូននៅប្រទេសថៃ ប្រសិនណាលោក
មកស្នាក់នៅក្នុងប្រទេសកម្ពុជា។

លោក ហេង រស្មី ជូនសេចក្តីរាយការណ៍ដូចតទៅ ៖

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បាន
បញ្ជាក់ប្រាប់ក្រុមអ្នកកាសែតនៅប៉ុន្មានម៉ោងមុននេះ នៅឯអគារទីស្តីការគណៈ
រដ្ឋមន្រ្តីថា ប្រទេសកម្ពុជាពុំទាន់ឆ្លើយតបជាផ្លូវការនៅឡើយទេចំពោះការព្រមាន
របស់ប្រទេសថៃដែលថា លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា
អាចនឹងត្រូវចាប់បញ្ជូនខ្លួនត្រឡប់ទៅកាន់ប្រទេសថៃវិញ ប្រសិនណាបើស្នាក់
នៅក្នុងប្រទេសកម្ពុជានោះ ។

"ពេលណាគេលើកបានយើងឆ្លើយ ។ ឥឡូវទុកឲ្យគេនិយាយ ។ ពេលណាគេ
លើកជាផ្លូវការ បានយើងឆ្លើយជាផ្លូវការ"។

លោក Suthep Thuangsuban ឧបនាយករដ្ឋមន្រ្តីថៃ បានប្រាប់ទីភ្នាក់ងារ
សារព័ត៌មានបារាំងមួយឈ្មោះ AFP ពីទីក្រុងបាងកក ដែលបានស្រង់សម្តីមក
នោះថា លោកថាកស៊ីនអាចប្រឈមមុខ នឹងកិច្ចព្រមព្រៀងធ្វើបត្យាប័ននាំខ្លួន
មកកាន់ទីក្រុងបាងកកវិញ ប្រសិនណាបើចូលមកប្រទេសកម្ពុជា។

ការបញ្ចេញប្រតិកម្មរបស់លោកស៊ូ ថេបបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់
ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសស្វាគមន៍ចំពោះលោកថាក់ស៊ីន
ស៊ីណាវ៉ាត្រា ប្រសិនណាបើលោកចង់រស់នៅក្នុងប្រទេសកម្ពុជា ។

នៅក្នុងជំនួបគ្នាមួយកាលពីថ្ងៃពុធរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង
លោកឧត្តមសេនីយ៍ ឆាវលិត យុងឆៃយុត សមាជិករបស់គណបក្សភឿថៃ។

លោកហ៊ុន សែនបានលើកឡើងថា លោកនឹងសូមស្វាគមន៍ដំណើរបស់លោក
ថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រប់ពេលវេលា នៅពេលដែលលោកចង់ស្នាក់នៅក្នុង
ប្រទេសកម្ពុជា ។ លោកហ៊ុន សែនបានសន្យាថា នឹងរៀបចំលំនៅដ្ឋានមួយ
សម្រាប់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះទៀតផង ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសូងការបរទេស បានថ្លែង
បា្រប់ក្រុមអ្នកកាសែត បន្ទាប់ពីជំនួបគ្នាមួយរវាងលោកលីម្យុងបាក់ ប្រធានាធិ-
បតីនៃប្រទេសកូរ៉េខាងត្បូង និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

លោកហោ ណាំហុង បានបញ្ជាក់ថា នេះគឺជាសិទ្ធិរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុនសែន ដែលជួបមិត្តភក្តិរបស់លោក។

"ឯកឧត្តមឆាវ លិត ជាអ្នកដឹកនាំរបស់គណបក្សភឿថៃ។ ហើយគណបក្សភឿ
ថៃនេះ បានចេញពីគណបក្ស Thai Rak Thai ដែលជាមិត្តភក្តិ និងដៃគូរបស់
គណបក្សប្រជាជនកម្ពុជា ។ ដូច្នេះមូលហេតុពីរហ្នឹង ដែលនាំឲ្យសម្តេចជួប
ឯកឧត្តមឆាវ លិត"។

លោកថាក់ ស៊ីនស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានបណ្តេញចេញពី
មុខតំណែងកាលពីឆ្នាំ២០០៦ ដោយរដ្ឋប្រហារយោធាមិនបង្ហូរឈាមមួយ ហើយ
ក្រោយមកលោកបានបន្តស្នាក់នៅនីរទេសនៅឯបរទេស បន្ទាប់ពីតុលាការនៃ
ប្រទេសថៃរកឃើញថា លោកជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ។

លោកនាយករដ្ឋមន្រ្តីថៃ Abhisit Vejajiva ត្រូវបានទីភ្នាក់ងារAFP នៅក្នុងទី
ក្រុងបាងកកស្រង់សម្តីមកចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាដែលជា
សមភាគីគួរតែទុកទំនាក់ទំនង និងបញ្ហានយោបាយឲ្យដាច់ដោយ ឡែកពីគ្នា។

រាយការណ៍រាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG