ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគ្រាសរដ្ឋចំនួន៣រៀបចំខ្លួន ចូលក្នុងផ្សារទុន


ដើម្បីស្តាប់ព័ត៌មាននេះ

មានសហគ្រាសរដ្ឋចំនួន៣ កំពុងបន្តការងាររៀបចំខ្លួនដើម្បីចុះបញ្ជីក្នុងផ្សារទុន
ដំបូងបំផុតរបស់កម្ពុជា។ ក៏ប៉ុន្តែមន្ត្រីជំនាញនិយាយថា ក្រុមហ៊ុនរបស់រដ្ឋទាំង
នេះទំនងជាមិនអាចរៀបចំខ្លួនទាន់ពេលវេលា នៅពេលដែលផ្សារទុនគ្រោង
នឹងបើកនៅដំណាច់ឆ្នាំ២០០៩នេះ។

សូមស្តាប់សេចក្តីរាយការណ៍ពិស្តាររបស់ នាង រស់ សុធា ដូចតទៅ៖

ទូរគមនាគមន៍កម្ពុជា រដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំពេញ និង កំពង់ផែក្រុងព្រះ
សីហនុគឺជាសហគ្រាសរដ្ឋតែ៣គត់ ហើយក៏ជាក្រុមហ៊ុនដំបូងគេដែលកំពុងខិត
ខំរៀបចំខ្លួនឆ្ពោះទៅរកការចុះបញ្ជីជាផ្លូវការក្នុងទីផ្សារមូលបត្រឬផ្សារទុនរបស់
ប្រទេសកម្ពុជា។ផ្សារទុនជាប្រវត្តិសាស្ត្ររបស់ខ្មែរគ្រោងនឹងបើកប្រតិបត្តិការនៅ
ខែធ្នូឆ្នាំ២០០៩នេះ ដោយមានការវិនិយោគពីក្រុមហ៊ុន Korea Exchangeរបស់
កូរ៉េខាងត្បូងចំនួន៤៥ភាគរយ។

មន្ដ្រីផ្លូវការរបស់សហគ្រាសទាំង៣នេះ បានឲ្យដឹងថា ខ្លួនបានរៀបចំផែនការ
ដើម្បីកៀងគរមូលធនពីសាធារណជនសម្រាប់ពង្រីកសកម្មភាពអាជីវកម្មចាប់
តាំងពីពាក់កណ្តាលឆ្នាំ ២០០៩មកម្ល៉េះ។ ម្យ៉ាងវិញទៀត ក្រុមការងារពិសេស
នៃស្ថាប័ណ្ណនិមួយៗ ត្រូវបានបង្កើតឡើងដើម្បីទទួលបន្ទុកលើកិច្ចការផ្សារទុន
និងរៀនសូត្រដំណើរការជួញដូររបស់ផ្សារទុន ពង្រឹងកិច្ចការផ្ទៃក្នុង ជាពិសេស
ដើម្បីរៀបចំ របាយការណ៍ហិរញ្ញវត្ថុប្រកបដោយតម្លាភាពជាដើម។

រហូតមកដល់ពេលនេះ ពោលគឺនៅពេលដំណើរការបើកផ្សារទុនកាន់តែខិត
ចូលមកដល់នោះ សហគ្រាសរដ្ឋទាំង៣ហាក់ដូចជាមានការរំពឹងទុកខុសគ្នា
ចំពោះដំណើរការចុះបញ្ជីក្នុងផ្សារទុននេះ។

លោក ណី សំកុល ប្រធាននាយកដ្ឋានគណនេយ្យ និង ហិរញ្ញវត្ថុនៃក្រុមហ៊ុន
ទូរគមនាគមន៍កម្ពុជានិងជាសមាជិកនៃក្រុមការងារទទួលបន្ទុកផ្សារទុន បាន
ថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកថា ស្ថាប័នរបស់លោកបានរៀបចំ
របាយការណ៍ហិរញ្ញវត្ថុដែលមានតម្លាភាព ជាយូរឆ្នាំមកហើយ។

លោក សំកុល បន្ថែមថា នៅពេលនេះក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា រង់ចាំតែ
ការវាយតម្លៃពីគណៈកម្មការមូលបត្រប៉ុណ្ណោះ។

“អ្វីៗហ្នឹងគឺខាងខ្ញុំបានរៀបចំហើយ ប៉ុន្តែត្រង់ថា អាហ្នឹងវាសមស្របហើយ ឬ
នៅ ខ្ញុំមិនទាន់ដឹងដែរ។ លុះត្រាតែគេមកមើល ថាតើអាហ្នឹងសមស្របហើយឬ
ក៏គេត្រូវមានសវនកម្មឯករាជ្យទៅពិនិត្យលើអ្វីៗផ្សេងទៀត។ អាហ្នឹងវាអត់ទាន់
ឈានដល់”។

ដូចគ្នានេះដែរ លោករស់ គឹមលាង ប្រធាននាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
នៃរដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩៧មករដ្ឋា
ករទឹកបានអនុវត្តតាមស្តង់ដារគណនេយ្យអន្តរជាតិ ដែលមានការធ្វើសវនកម្ម
លើរបាយការណ៍ហិរញ្ញវត្ថុដោយសវនករឯករាជ្យរួចទៅហើយ ។ ហើយនៅ
ពេលនេះក្រុមការងាររបស់លោក កំពុងគិតគូររៀបចំបង្កើតឲ្យមានក្រុមសវន
កម្មផ្ទៃក្នុងតាមការទាមទាររបស់គណៈកម្មការមូលបត្រ។

លោក គឹមលាង ជឿជាក់ថា រដ្ឋាករទឹកដែលអាចរកចំណូលបានជិត៦លាន
ដុល្លារកាលពីឆ្នាំ២០០៨នោះ អាចមានលទ្ធភាពចុះបញ្ជីក្នុងផ្សារទុនបានទាន់
ពេលវេលា។

“ខ្ញុំជឿថា យើងនឹងអាចទៅរួច ដោយសារមូលដ្ឋានគ្រឹះមួយចំនួន យើងមាន
គ្រប់គ្រាន់ហើយ ។ គឺយើងអត់មានអីមិនតម្លាភាពទេ ដោយសារស្អីៗធ្វើសវន
កម្មទាំងអស់”។

ចំណែកនៅខាងកំពង់ផែក្រុងព្រះសីហនុដែលអាចរកចំណូលបានប្រហែល២៥
លានដុល្លារក្នុងមួយឆ្នាំពីការចូលចតរបស់កប៉ាល់ប្រមាណ ៧០០ គ្រឿងនោះ
មន្ត្រីម្នាក់ជាសមាជិកនៃក្រុមការងារទទួលបន្ទុកកិច្ចការទំនាក់ទំនងផ្សារទុននៃ
កំពង់ផែនេះ បានប្រាប់VOAសម្លេងសហរដ្ឋអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញ
ឈ្មោះថា ចាប់ពីកំពង់ផែនេះបើកដំណើរការពីឆ្នាំ១៩៧៩មក របាយការណ៍
ហិរញ្ញវត្ថុមិនធ្លាប់ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនឯករាជ្យឬក្រុមហ៊ុនអន្តរ
ជាតិនោះទេ ។ ហើយនាពេលនេះទៀតសោត ក្រុមការងាររបស់លោកមិន
ទាន់មានគម្រោងការងារអ្វីឲ្យពិតប្រាកដនៅឡើយ។

សូមបញ្ជាក់ថា ក្នុងដំណើរនៃការរៀបចំខ្លួននេះ សហគ្រាសរដ្ឋទាំង៣ទទួល
បានការណែនាំពីក្រុមហ៊ុនមូលបត្ររបស់កូរ៉េTong Yang Securityដែលមាន
ជំនាញពង្រឹងការងារផ្ទៃក្នុង ជាពិសេស ប្រព័ន្ធហិរញ្ញវត្ថុរបស់សហគ្រាស
និមួយៗ។ ក្រៅពីនោះ ក្រសួងសេដ្ឋកិច្ច និងគណៈកម្មការមូលបត្រក៏ចូលរួម
យ៉ាងសកម្ម ដើម្បីជួយឲ្យពួកគេមានលទ្ធភាពចុះបញ្ជីក្នុងផ្សារទុនដោយជោគ
ជ័យដែរ។

លោក ម៉ិញ បានកុសល អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា លើកឡើង
ថា លោកមិនទាន់អាចធ្វើការវាយ តម្លៃលើសហគ្រាសរដ្ឋទាំង៣នៅឡើយនា
ពេលនេះ ដោយសារប្រកាសស្តីពី លក្ខន្តិកៈសម្រាប់ក្រុមហ៊ុនចង់ចូលប្រឡូក
ក្នុងផ្សារទុន មិនទាន់ចេញផ្សាយនៅឡើយ។

លោក កុសល និយាយថា លោកអាចកំណត់ច្បាស់ថា តើក្រុមហ៊ុនទាំងនេះ
មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលប្រឡូកក្នុងផ្សារទុនទាន់ពេល ឬយ៉ាងណា
លុះត្រាតែប្រកាសនេះចេញផ្សាយនៅខែវិច្ឆិកាខាងមុខ។

ទោះយ៉ាងណា លោក ម៉ី វ៉ាន់ ប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រ-
សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថា វាត្រូវការពេលយ៉ាងហោចណាស់
១៨ខែក្នុងការត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការចុះបញ្ជី។ដូច្នេះក្រុមហ៊ុនរដ្ឋទាំង
៣ ទំនងជាមិនអាចចុះបញ្ជីទាន់ពេលវេលានោះទេ។

“ បែបមិនទាន់ទេមើលទៅក្នុងរយៈពេលឆ្នាំហ្នឹង”។

ស្របពេលជាមួយគ្នានោះ លោក Han Kyong Tae ប្រធានតំណាងប្រចាំប្រ-
ទេសនៃក្រុមហ៊ុន Tong Yang Security បាននិយាយថា វានឹងមិនទាន់មាន
ការជួញដូរសន្លឹកហ៊ុនរបស់សហគ្រាសរដ្ឋទាំង៣នេះទេ នៅពេលផ្សារទុនបើក
នៅខែធ្នូនេះ។

កម្ពុជាសង្ឃឹមថានឹងអាចទាក់ទាញក្រុមហ៊ុនជាតិ និងអន្តរជាតិជាង៤០០ចូល
ទៅក្នុងផ្សារទុននេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រៅពីសហគ្រាសរដ្ឋ៣ខាង
លើ មិនទាន់មានក្រុមហ៊ុនឯកជនណាមួយមានភាពច្បាស់លាស់ថា ខ្លួននឹងចុះ
បញ្ជីក្នុងផ្សារទុននេះនៅឡើយ។ក្រុមហ៊ុនភាគច្រើន រួមមានស្ថាប័នធនាគារមួយ
ចំនួនផងនោះ កំពុងស្ថិតក្នុងដំណាក់ កាលរង់ចាំមើល។

លោក In Pyo Lee នាយកគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មសាកលនៃក្រុមហ៊ុន
Korea Exchange ប៉ាន់ប្រមាណថា នឹងមានក្រុមហ៊ុន ប្រហែល២០ចូលរួមក្នុង
ផ្សារទុនរបស់កម្ពុជា ក្នុងរយៈពេល២ឬ៣ឆ្នាំខាងមុខ។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ រស់ សុធា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG