ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកាជាតិស្តីពីការប្រែប្រួល អាកាសធាតុបានបញ្ចប់


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាបានបិទបញ្ចប់វេទិកាជាតិស្តីពីការប្រែប្រួលអាកាសធាតុកាលពី
ថ្ងៃពុធ ដោយប្រកាសថា ខ្លួននឹងលើកយកបញ្ហាសំខាន់ចំនួនយ៉ាងតិចបីដើម្បី
ទៅចូលរួមចរចានៅក្នុងសន្និសីទអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅ
ក្នុងខែធ្នូខាងមុខនេះ។

លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីរាជធានីភ្នំពេញ៖

ប្រទេសកម្ពុជានឹងទទូចឱ្យប្រទេសឧស្សាហកម្មផ្ទេរដោយពេញលេញនូវបច្ចេក
វិជ្ជាទំនើបដល់ខ្លួន នៅពេលចូលរួមសន្និសីទអន្តរជាតិលើកទី១៥ស្តីពីការប្រែ-
ប្រួលអាកាសធាតុនៅក្នុងខែធ្នូខាងមុខ ដើម្បីឱ្យកម្ពុជាអាចមានលទ្ធភាពដោះ
ស្រាយបញ្ហាប្រែប្រួលអាកាសធាតុបាន។

ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយក្រោយពីការបិទបញ្ចប់
ជាស្ថាពរ កាលពីថ្ងៃពុធ នៃវេទិកាជាតិរយៈពេលបីថ្ងៃ ស្តីពីការប្រែប្រួលអាកាស
ធាតុ។

លោកទេសរដ្ឋរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងប្រាប់ក្រុមអ្នក
យកព័ត៌មានថា ក្រៅពីការទទូចនោះ កម្ពុជាក៏នឹងស្នើផងដែរឱ្យរក្សាខ្លឹមសារនៃ
ពិធីសារក្យូតូបន្តទៀត បើទោះជាមានកិច្ចព្រមព្រៀងថ្មីមកជំនួសពិធីសារនេះក៏
ដោយ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៨ខែធ្នូខាងមុខនេះ បណ្តាប្រទេសជាសមា
ជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុចំនួន១៩២
ប្រទេស រួមទាំងកម្ពុជាផងដែរនោះនឹងជួបប្រជុំគ្នានៅក្នុងទីក្រុងCopenhagen
ប្រទេសដាណឺម៉ាកដើម្បីស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហានៃការប្រែប្រួល
អាកាសធាតុ និង ដើម្បីចរចារកកិច្ចព្រមព្រៀងថ្មីមួយសម្រាប់ជំនួសពិធីសារក្យូតូ
ដែលនឹងផុតកំណត់នៅឆ្នាំ២០១២។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ម៉ុក ម៉ារ៉េតមានប្រសាសន៍ថា នៅក្នុងកិច្ចចរចា
នោះប្រទេសកម្ពុជាក៏នឹងទាមទារឱ្យប្រទេសអ្នកមានបង្កើនការគាំទ្រផ្នែកហិរញ្ញ
វត្ថុដល់កម្ពុជាជាបន្ទាន់ និងដោយឥតលក្ខខណ្ឌផងដែរ។

លោក ម៉ុក ម៉ារ៉េត ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួល
អាកាសធាតុផងដែរនោះ បានថ្លែងថា ការទាមទាររបស់កម្ពុជានេះគឺដោយសារ
កម្ពុជាត្រូវការការធានានូវការគាំទ្រផ្លូវច្បាប់ដើម្បីឆ្លើយតបចំពោះសកម្មភាពកាត់
បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

“ត្រូវតែសូមឱ្យធានានូវការប្តេជ្ញាផ្លូវច្បាប់ ទាក់ទងទៅនឹងការផ្តល់ហិរញ្ញប្បទាន
សម្រាប់ការបន្ស៊ាំនេះ សម្រាប់នៅកិច្ចព្រមព្រៀងអាកាសធាតុនៅពេលអនាគត
ព្រោះនៅ Copenhagen យើងអាចរៀបចំនូវ កិច្ចព្រមព្រៀងមួយទៀត”។

កាលពីថ្ងៃច័ន្ធ ក្នុងពិធីបើកវេទិកាជាតិស្តីពីការប្រែប្រួលអាកាសធាតុនេះ លោក
នាយករដ្ឋមន្រ្តីហ៊ុន​ សែនបានថ្លែងថា ប្រទេសអ្នកមានមិនត្រូវភ្ជាប់លក្ខខណ្ឌ
ណាមួយជាមួយជំនួយរបស់ខ្លួនសម្រាប់កម្ពុជានោះទេ ដោយសារកម្ពុជាគឺជា
ប្រទេសរងគ្រោះពីបញ្ហាប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយប្រទេសអ្នក
មានទាំងនោះ។

ទោះជាយ៉ាងក៏ដោយ លោកម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍
ថា កម្ពុជានឹងបន្តប្រើនិងអនុវត្តតាមយន្តការដែលមានស្រាប់ដូចមានចែងនៅ
ក្នុងពិធីសារក្យូតូនិងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាស
ធាតុ។

ពិធីសារនិងអនុសញ្ញានេះលើកទឹកចិត្តឱ្យប្រទេសក្រីក្រ ដូចជាកម្ពុជាជាដើមនេះ
ចូលរួមចំណែកនៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយា
កាស តាមរយៈការអនុវត្តយន្តការអភិវឌ្ឍន៍ស្អាត និងការលក់ឥណទានកាបោន
ទៅឱ្យប្រទេសអ្នកមាន។

បច្ចុប្បន្នប្រទេសកម្ពុជាបានអនុវត្តគម្រោងចំនួន៦ហើយក្រោមយន្តការអភិវឌ្ឍន៍
ស្អាតនេះ។ គម្រោងទាំងនោះរួមមានជាអាទិ៍គម្រោងផលិតថាមពលដោយប្រើ
អង្កាមនៅស្រុកអង្គស្រួល ខេត្ត កណ្តាល និងគម្រោងជីវឧស្ម័នបានពីសំណល់
លាមកសត្វ នៅស្រុកមេមត់ ខេត្តកំពង់ចាមជាដើម។

លោកណុប ប៉ូលីន មន្រ្តីផ្នែកការប្រែប្រួលអាកាសធាតុនៃអង្គការអុកស្វាមអា-
មេរិកបានមានប្រសាសន៍ថា ជាការណ៍ពិតណាស់ដែលប្រទេសអ្នកមានគួរផ្តល់
ថវិកាបន្ថែមទៀតដល់ប្រទេសកម្ពុជាដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាស
ធាតុនេះ។

តែទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា ប្រសិនបើប្រទេសកម្ពុជាមានគម្រោង
កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើនថែមទៀត នោះកម្ពុជានឹង
ទទួលបានថវិកាពីប្រទេសអ្នកមានបន្ថែមទៀត តាមរយៈការលក់ឥណទាន
កាបោនរបស់ខ្លួន។

“បើសិនជាគេប្រើ គេហៅថា ការទូទាត់សងឥណទានដោះស្រាយជាមួយនិង
ការបំភាយរបស់គេ នៅប្រទេសរបស់ខ្លួននោះ។ យ៉ាងហោចណាស់ក៏ខ្ញុំគិតថា
ប្រទេសកំពុងអភិវឌ្ឍ ដូចយើងហ្នឹង ជាឱកាសមួយដែលទទួលបានថវិកា។ គួរ
តែធ្វើគម្រោងណាដើម្បីទាក់ទាញថវិកាហ្នឹង។ប៉ុន្តែយើងនៅមានគម្រោងតិចតួច
បំផុតដែលទទួលបានថវិកាហ្នឹង ដោយសារវាមានលក្ខណៈស៊ាំញ៉ាំមែនទែន
នៅក្នុងការដែលយើងអនុវត្តគម្រោងទាំងអស់ហ្នឹង”។

លោក Jo Scheuer នាយកកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP ប្រចាំប្រទេស
កម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បើទោះជាក្រីក្រក៏ដោយ ក៏អាច
ក្លាយជាប្រទេសគំរូមួយដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតតិចតួច
បំផុតតាមរយៈការបញ្ចូលប្រសិទ្ធិភាពថាមពលទៅក្នុងគោលនយោបាយពាណិជ្ជ
កម្ម និងផែនការវិនិយោគនានាជាដើម។

តាមរយៈអ្នកបកប្រែ លោក Jo បានផ្តល់អនុសាសន៍ថា ប្រទេសកម្ពុជាអាចចាប់
ផ្តើមពីទីក្រុងសៀមរាប ដោយប្រែក្លាយទីក្រុងនេះឱ្យទៅជា "ទីក្រុងបៃតង" តាម
រយៈការប្រើប្រាស់បច្ចេកទេសសន្សំសំចៃថាមពល និងថាមពលកកើតឡើងវិញ
ដូចជាបំពាក់កញ្ចក់ស្រូបពន្លឺព្រះអាទិត្យនៅតាមសាលារៀន មន្ទីរពេទ្យ វត្តអារាម
និងស្ថាប័នសាធារណៈ និងឯកជនផ្សេងៗទៀត ជាដើម។

“សៀមរាបគឺជាកន្លែងមួយដែលអាចអភិវឌ្ឍជាទីក្រុងបៃតងក្នុងដំណើរនេះ ព្រោះ
ថា ជាកន្លែងទេសចរណ៍”។

លោកម៉ុក ម៉ារ៉េតបានមានប្រសាសន៍នៅក្នុងពិធីបិទវេទិកាជាតិស្តីពីការប្រែប្រួល
អាកាសធាតុថា កម្ពុជាកំពុងស្ថិតលើផ្លូវឈានឆ្ពោះទៅរកសេដ្ឋកិច្ចដែលបញ្ចេញ
កាបោនតិច ឬគ្មានកាបោនតែម្តង។

ពីរាជធានីភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG