ដើម្បីស្តាប់ព័ត៌មាននេះ
បន្ទាប់ពីប្រឹងប្រែងស្រាវជ្រាវនិងកែច្នៃបច្ចេកវិជ្ជាជាច្រើនឆ្នាំ លោកគង់ ផារិទ្ធបាន
ផលិតកង់ដើរដោយពន្លឺព្រះអាទិត្យប្រកបដោយជោគជ័យ ។ នៅក្នុងពេលនេះ
លោកបានបញ្ចេញកង់ប្រើពន្លឺព្រះអាទិត្យដំបូងគេទៅលក់លើទីផ្សារក្នុងប្រទេស
កម្ពុជា។
ក៏ប៉ុន្ដែគេសម្គាល់ឃើញថា ស្នាដៃរបស់លោកផារិទ្ធ ហាក់ដូចជាមិនទាន់មាន
លក្ខណៈប្រកួតប្រជែងនៅឡើយ។
នាង រស់ សុធា សូមជូនសេចក្ដីរាយការណ៍ពីទីក្រុងភ្នំពេញដូចតទៅ៖
ចាប់តាំងពីខែសីហាមកម្ល៉េះ ទោចក្រយាន ឬកង់ សរុបចំនួន៤គ្រឿងដែលដើរ
ដោយកម្លាំងថាមពលពន្លឺព្រះអាទិត្យជាលើកដំបូងបានចេញលក់លើទីផ្សារ។
គឺជាប្រភេទកង់កែច្នៃលើកទីមួយរបស់ជនជាតិ កម្ពុជាដើម្បីចូលរួមកាត់បន្ថយ
នូវការប្រើប្រាស់ជាតិពុលបង្កដោយចំហេះឧស្ម័នពីយានយន្ដនៅក្នុងប្រទេស
កម្ពុជា។
លោកគង់ ផារិទ្ធ ដែលជាអ្នកកែច្នៃកង់ប្រភេទទំនើបនេះ បានឲ្យដឹងថា លោក
បានចំណាយពេលអស់៥ឆ្នាំ ទៅលើការស្រាវជ្រាវ និងពិសោធន៍កង់ដែលដើរ
ដោយថាមពលពន្លឺព្រះអាទិត្យនេះ មុននឹងអាចទម្លាក់កង់នេះចូលក្នុងទីផ្សារ
សម្រាប់ប្រកួតប្រជែងជាមួយកង់នាំចូលពីបរទេសបាន។
“បញ្ចប់ជាស្ថាពរលើការស្រាវជ្រាវហ្នឹង ហើយលើកទី១ហើយមានលក្ខណៈដាក់
តាំងលក់អីចឹងណា”។
ទោចក្រយានដែលដើរដោយកម្លាំងពន្លឺព្រះអាទិត្យត្រូវដាក់លក់ក្នុងតម្លៃ ៤៥០
ដុល្លារ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃម៉ូតូដែលគេប្រើរួចមួយទឹក ចំនួន១
គ្រឿង។ កង់នេះមានរាងមិនសូវសង្ហាទេ ក៏ប៉ុន្ដែវានឹង ជួយសម្រួលដល់ការធ្វើ
ដំណើរ ហើយនិងកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់យានជំនិះផង
ដែរ។
ដើម្បីផលិតកង់ប្រើប្រាស់ពន្លឺព្រះអាទិត្យនេះ លោក គង់ ផារិទ្ធ ត្រូវទិញកង់ជជុះ
ធម្មតាមកកែតម្រូវ ហើយចាប់ផ្លាកបន្ទះស្រូបកំដៅថ្ងៃ នៅលើតួកង់ផ្នែកខាង
ក្រោយហើយលោកបានតខ្សែភ្ជាប់ចរន្ដអគ្គិសនីពីបន្ទះ ទទួលកំដៅថ្ងៃនេះ ទៅ
កាន់អាគុយចំនួនពីរ ដែលមានថាមពល៧ អាំពែ និង១២ វ៉ុល។ អាគុយទាំងពីរ
នេះជា កន្លែងបម្រុងថាមពលសម្រាប់បង្វិលម៉ូទ័ររុញកង់ទៅមុខ។
ជាមួយនឹងថាមពលអគ្គិសនីបម្លែងចេញពីកាំរស្មីកំដៅថ្ងៃ កង់ប្រើពន្លឺព្រះអាទិត្យ
អាចរត់បានពី៥ ទៅ១០គីឡូម៉ែត្រ ក្នុងល្បឿនលឿនបំផុត30 គីឡូម៉ែត្រក្នុងមួយ
ម៉ោង។
លោក គង់ ផារិទ្ធ ពន្យល់ថា កង់នេះសម្រាប់រាប់រងការប្រើប្រាស់រយៈចម្ងាយជិត
តែប៉ុណ្ណោះ។
“កង់នោះមិនមែនមានពន្លឺថ្ងៃជិះបានរហូតនោះទេ។ គ្រាន់តែថា បើយើងនៅជន
បទដែលអត់មានភ្លើង យើងអាចទប់ទល់បាន ជិះត្រឹម៤-៥ គីឡូម៉ែត្រ ១០គីឡូ
ម៉ែត្រ អីអញ្ចឹងទៅ។ ខ្វះភ្លើងខ្លះ យើងធាក់ខ្លះទៅ។ ហាលថ្ងៃទៅចូលអាគុយទៅ
ជិះមកវិញមក បន្តិចបន្តួចអញ្ចឹង”។
នៅឆ្នាំ2004 លោក គង់ ផារិទ្ធ បានដុះគំនិតធ្វើការស្រាវជ្រាវទៅលើកង់ប្រើថាម
ពលពន្លឺព្រះអាទិត្យនេះឡើង ដោយយល់ឃើញថា វាអាចចូលរួមចំណែកកាត់
បន្ថយជាតិពលក្នុងបរិយាកាស ដែលបញ្ចេញដោយយានយន្តប្រើប្រាស់ប្រេង
ឥន្ធនៈ។
នៅពេលនោះ លោក គង់ ផារិទ្ធ បានធ្វើការសាកល្បងតម្លើងកង់ពន្លឺព្រះអាទិត្យ
ជាច្រើនលើក ច្រើនសារ ហើយបានសម្រេចលក់ជាបណ្ដើរៗ ចាប់ពីឆ្នាំ២០០៦ មកម្ល៉េះតាមរយៈអ្នកមកទិញដោយផ្ទាល់ មុននឹង លោកសម្រេចដាក់លក់លើទី
ផ្សារជាស្ថាពរនៅឆ្នាំ២០០៩នេះ។ លោកនិយាយថា រហូតមកដល់ពេលដែល
កង់របស់លោកមានវត្តមាននៅលើទីផ្សារជាចំហនេះ លោកផលិតកង់ប្រើពន្លឺ
ព្រះអាទិត្យសរុបប្រមាណជា១០គ្រឿងហើយ។
“ចំណាយការស្រាវជ្រាវហ្នឹងច្រើនមែនទែន ដើម្បីឲ្យកង់ហ្នឹងវាមានប្រភេទម៉ូទ័រ
ស៊ីភ្លើងតិចបំផុត។ ហើយម៉ូទ័រដែលដាក់ក្នុងកង់ទៅវាស្រាល ហើយពេលដែល
អស់អាគុយទៅ ធាក់ទៅវាធូរ។ វាខុសពីកង់ចិន ដែលអស់ភ្លើងទៅធាក់ទៅតឹង
ណាស់”។
នៅប្រទេសកម្ពុជាមានកង់ដើរដោយកម្លាំងអាគុយដែលនាំចូលពីប្រទេសចិន។ ហើយប្រជាជនកម្ពុជាមួយចំនួនបាននិយមប្រើប្រាស់យានជំនិះនេះ ដោយសារ
វាជួយសន្សំសំចៃសោហ៊ុយចំណាយទៅលើសេវាធ្វើដំណើរជិតៗ ហើយវាជួយ
សម្រាលកម្លាំងកាយបានមួយផ្នែក បើធៀបជាមួយហ្នឹងកង់ដែលមិនប្រើអា-
គុយ។ ក៏ប៉ុន្ដែយាននេះអាចប្រើប្រាស់បានតែនៅតំបន់ទីប្រជុំជនដែលមានអគ្គិ-
សនីប្រើប្រាស់ ពីព្រោះវាត្រូវការសាកបញ្ចូលភ្លើងឡើងវិញតាមរយៈចរន្ដអគ្គិ-
សនី។
ដោយឡែកលោក គង់ ផារិទ្ធ មានប្រសាសន៍ថា កង់ប្រើពន្លឺព្រះអាទិត្យរបស់
លោកមានលក្ខណៈងាយ ស្រួលសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅជាង ដោយសារ
តែកង់នេះអាចសាកអាគុយដោយការស្រូបកំដៅពីព្រះ អាទិត្យដែលប្រជាពល
រដ្ឋកម្ពុជាអាចហាលសំដិលវានៅគ្រប់ទីកន្លែងបានផង និង អាចសាកបញ្ចូល
ភ្លើងពីចរន្ដអគ្គិសនីផង។ ហើយការបញ្ចូលភ្លើងតាមរយៈចរន្តអគ្គិសនីអាចធ្វើឲ្យ
កង់នេះរត់បានចម្ងាយឆ្ងាយជាងការបញ្ចូលភ្លើងដោយឆ្លងកាត់បន្ទះស្រូបពន្លឺ
ព្រះអាទិត្យ។ គឺគេអាចជិះកង់បានរហូតទៅដល់២០គីឡូម៉ែត្រ ផ្ទុយពីការបញ្ចូល
ភ្លើងពីថាមពលពន្លឺព្រះអាទិត្យដែលអនុញ្ញាតឲ្យកង់នេះរត់បានត្រឹមតែចន្លោះពី
៥ ទៅ១០ គីឡូម៉ែត្រប៉ុណ្ណោះ។
ទោះជាយ៉ាងណា ទាំងអ្នកលក់ ទាំងអ្នកជំនាញផ្នែកថាមពលកែប្រែ បានលើក
ឡើងថា កង់ប្រើប្រាស់ពន្លឺ ព្រះអាទិត្យមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់
សម្រាប់ប្រកួតប្រជែងនៅលើទីផ្សារនៅឡើយទេ។
លោក តាំង ម៉េងលី អ្នកទទួលលក់កង់ដើរដោយថាមពលពន្លឺព្រះអាទិត្យដំបូង
គេ ដែលមានទីតាំងនៅលើផ្លូវកម្ពុជាក្រោម ក្រុងភ្នំពេញ បាននិយាយថា តម្លៃ
ខ្ពស់របស់កង់នេះ គឺជាឧបសគ្គចម្បងក្នុងការស្វែងរកអតិថិជន។
“តម្លៃហ្នឹងវាអាចជាឧបសគ្គខ្លះដែរ ពីព្រោះគេរកលុយមិនសូវបានគេអាចទិញ
កង់ ធូរៗជិះសិន។ ខ្ញុំ សង្ឃឹមថា បើសិនជាសេដ្ឋកិច្ចដើរទៅមុខតិចទៀត ដូច
កាលពីឆ្នាំដែលគេលក់ដីបានអញ្ចឹង ខ្ញុំថា អាចឈានដល់ឆ្នាំហ្នឹង អាចលក់បាន
ច្រើន”។
លោកស្រី ងិន ណាវីរៈ អ្នកសម្របសម្រួលកម្មវិធីជំនួយខ្នាតតូចនៃកម្មវិធីអភិ-
វឌ្ឈន៍អង្គការសហប្រជាជាតិ UNDP ដែលធ្លាប់បានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ
ដល់ការស្រាវជ្រាវ និងកែច្នៃកង់ប្រើថាមពលព្រះអាទិត្យនេះ លោកស្រីងិន ណា
វីរៈ មានប្រសាសន៍ថា ក្រៅពីមានតម្លៃថ្លៃកង់នេះមានទម្ងន់ធ្ងន់ពេក ដែលមិន
បានបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ទេ។
“ បើយើងនិយាយពីផលប្រយោជន៍វា។ វាល្អ។ ប៉ុន្ដែតម្លៃហ្នឹងវាថ្លៃពេក បើយើង
ធៀបជាមួយកង់អាគុយ។ កង់អាគុយអី យើងថា ១០០ ជាងអី។ យើងអាចទិញ
បាន។ ហើយកង់គាត់តម្លៃ ២០០ជាង ៣០០ជាង អញ្ចឹង ។ អញ្ចឹងវាអត់រត់ជា
មួយទីផ្សាររួចទេ ។ វាពិបាកជិះ ។ បើយើងស្រីៗ ជិះអត់កើតដោយសារតែគាត់
ធ្វើទូកខ្ពស់។ វានៅយោងមុខ យោងក្រោយ ដោយសារតែដាក់អាបន្លឺព្រះអាទិត្យ
នៅខាងក្រោយ”។
លោកគង់ ផារិទ្ធ ទទួលស្គាល់ថា លោកគួរត្រូវធ្វើការកែលម្អបន្ថែមទៀតដើម្បីឲ្យ
សា្នដៃរបស់លោកអាចលក់បានទូលំទូលាយ និង មានលក្ខណៈប្រកួតប្រជែង
កាន់តែខ្លាំង។ យ៉ាងណាក៏ដោយនៅក្នុងពេលនេះ លោកបញ្ជាក់ថា លោកអាច
ផលិតកង់បានត្រឹមតែពី៥ ទៅ១០គ្រឿងប៉ុណ្ណោះ ក្នុងមួយខែ។ ដូច្នេះបើទោះជា
មានតម្រូវការកើនឡើង ក៏សង្វាក់ផលិតភាពរបស់លោកនៅមិនទាន់ធានា ផ្គត់
ផ្គង់ទាន់ពេលវេលាដល់ទីផ្សារបាននៅឡើយ។
លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មាន
ប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាលើកទឹកចិត្តចំពោះការប្រើប្រាស់ថាមពល
កកើតឡើងវិញ ដូចជាការផលិតកង់ប្រើពន្លឺព្រះអាទិត្យនេះ ជាដើម ត្បិតវាបាន
ចូលរួមចំណែកការពារបរិស្ថាននៅក្នុងប្រទេស ក៏ប៉ុន្ដែរដ្ឋាភិបាលពុំទាន់មានលទ្ធ
ភាព ណាមួយសម្រាប់គាំទ្រផ្នែកហិរញ្ញវត្ថុដល់កិច្ចការខាងលើនេះនៅឡើយ។
ថ្វីបើដូច្នេះក្ដី លោក គង់ ផារិទ្ធ បានធ្វើការសាកល្បងមួយទៀតគឺការផលិតរថ
យន្ដដើរដោយថាមពលពន្លឺ ព្រះអាទិត្យ។ នៅពេលនេះ លោកគង់ ផារិទ្ធ កំពុង
កែប្រែឲ្យរថយន្ដទីមួយដែលលោកទើបនឹងផលិតបាន កាលពីពេលថ្មីៗឲ្យកាន់
តែមានលក្ខណៈល្អប្រសើរមុននឹងសម្លឹងទៅរកទីផ្សារ។
ពីរាជធានីភ្នំពេញ ខ្ញុំ រស់ សុធា VOA សម្លេងសហរដ្ឋអាមេរិក៕