ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជារំពឹងកំណើនវិស័យ ទេសចរណ៍នៅឆ្នាំក្រោយ


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមហ៊ុនព្រលានយន្ដហោះក្នុងទីក្រុងភ្នំពេញរំពឹងថា ចំនួនអ្នកដំណើរ និងការ
ហោះហើរមកកាន់ប្រទេសកម្ពុជានឹងកើនឡើងនៅឆ្នាំក្រោយ ។ កំណើននេះ
ដោយសារតែភាពល្អប្រសើរឡើងវិញផ្នែកសេដ្ឋកិច្ច។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

អ្នកធ្វើដំណើរតាមជើងយន្ដហោះមកកាន់ប្រទេសកម្ពុជានឹងកើនឡើងចំនួន៥%
នៅឆ្នាំ ២០១០ខាងមុខ ហើយជាមួយគ្នានេះ ជើងហោះហើររបស់ក្រុមហ៊ុនផ្សេង
ឆ្ពោះមកកម្ពុជានឹងកើនប្រមាណជា២,៥%ដែរ បើទោះបីជាចរន្ដហោះហើរនៅ
ក្នុងពិភពលោកនៅតែស្ថិតក្នុងកម្រិតទាបនៅឡើយរហូតទៅដល់ឆ្នាំក្រោយ។

លោក នីកូឡា ឌឺវិលឡេ (Nicolas Deviller) ប្រធាននាយកប្រតិបត្តិរបស់ក្រុម
ហ៊ុនសម្បទានព្រលានយន្ដហោះ បានប្រមើលមើលយ៉ាងដូច្នេះនៅថ្ងៃពុធនេះ
ក្នុងសន្និសីទស្ដីពីស្ថានភាពអាកាសចរណ៍ក្នុងទីក្រុងភ្នំពេញ។

“មូលហេតុទីមួយដោយសារតែចាប់តាំងពីមួយខែឬពីរខែមកហើយ យើងអាច
ដឹងថា មានភាពប្រសើរឡើងនៃបរិយាកាសសេដ្ឋកិច្ចក្នុងប្រទេស។ហើយមូល
ហេតុទីពីរ គឺដោយសារតែរដូវរងារមកដល់”។

រដូវរងារ គឺជារដូវនៃកំណើនទេសចរនៅក្នុងពិភពលោក។

ផ្អែកតាមលោកនីកូឡា ឌឺវិលឡេបានឲ្យដឹងថា អ្នកដំណើរតាមផ្លូវអាកាសចេញ
និងចូលប្រទេសកម្ពុជា ជាមធ្យមប្រចាំឆ្នាំមានចំនួន៣លាននាក់។ លោកបន្ថែម
ថា បើទោះបីជាចំនួនការហោះហើរនៅក្នុងពិភពលោកមានការធ្លាក់ចុះខ្លាំងប្រ-
មាណជា២០% នៅតាមប្រទេសមួយចំនួនក៏ដោយ ក៏ការហោះហើរមកកាន់ប្រ-
ទេសកម្ពុជា មានការធ្លាក់ចុះចន្លោះពី១៤ ទៅ១៥% តែប៉ុណ្ណោះ។

លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានរបស់ក្រសួងទេស-
ចរណ៍មានប្រសាសន៍ថា ក្រសួងបានប៉ាន់ប្រមាណនូវកំណើនទេសចរប្រហាក់
ប្រហែលគ្នានេះដែរនៅឆ្នាំក្រោយ ដោយសារតែមានការពង្រីកការហោះហើរ
របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុនបរទេសចូលមក
កម្ពុជា។

"យើងគិតថា ឆ្នាំក្រោយភ្ញៀវកើនខ្ទង់ប្រហែលជា៥%ទៅ៧% ដែរ"។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរ
នៅកម្ពុជាអាចកើនឡើងដល់២.៣៥០.០០០នាក់នៅ ឆ្នាំ២០១០។ ហើយថ្វីបើ
រយៈពេល៦ខែដើមឆ្នាំ ២០០៩នេះ ភ្ញៀវទេសចរបានធ្លាក់ស្រុតចុះចំនួន១%ក៏
ដោយ ក៏តាមការប៉ាន់ប្រមាណភ្ញៀវទេសចរចូលមកកម្ពុជា អាចនឹងកើនដល់
ចន្លោះពីជាង២,២លាននាក់ទៅជាង២,៣លាននាក់ គឺច្រើនជាងទេសចរកាល
ពីឆ្នាំ២០០៨ដែលកម្ពុជាទទួលបានត្រឹមតែ២.១២០.០០០លាននាក់ប៉ុណ្ណោះ។

លោក ឆឺយ សុភស្រ្ដ័ ប្រធានក្រុមហ៊ុនទេសចរណ៍ NTC រំពឹងដូចគ្នានេះដែរ ក៏
ប៉ុន្ដែលោកមានប្រសាសន៍ថា នៅក្នុងពេលនេះក្រុមហ៊ុនទេសចរណ៍ និងសណ្ឋា
គារមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែទទួលរងនូវផលប៉ះពាល់នៃការ
ធ្លាក់ចុះនៃភ្ញៀវទេសចរនៅឡើយ។

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG