ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សក្តានុពលធនធានកម្ពុជា មានលើសពីឥន្ធនៈ


ដើម្បីស្តាប់ព័ត៌មាននេះ

ការបង្កើតបទបញ្ញតិ្ត និង ការអភិវឌ្ឍធនធានធម្មជាតិគឺជាជំហានសំខាន់បំផុត
ឆ្ពោះទៅរកការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។ នេះបើតាម
សុន្ទរកថារបស់លោកហែម ហេង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំ
សហរដ្ឋអាមេរិក ដែលបានថ្លែងនៅក្នុងពិធីជួបជុំគ្នាមួយ ត្រូវបានរៀបចំឡើង
ដោយអង្គការអក់ស្វាមអាមេរិក(Oxfam America)នារដ្ឋធានីវ៉ាស៊ីនតោន កាល
ពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាឆ្នាំ២០០៩ ។

លោកមានប្រសាសន៍ថា ចំណូលធនធានធម្មជាតិនឹងជាវិភាគទានដ៏សម្បើម
ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកហែម ហេងមានប្រសាសន៍ថា៖“ចំណូល
ពីវិស័យឥន្ធៈ និងរ៉ែនឹងផ្តល់វិភាគទានយ៉ាងសំខាន់ដល់ការអភិវឌ្ឍហេដ្ឋារចនា
សម្ព័ន្ធជាតិ ដើម្បីស្ថាបនាមូលដ្ឋានសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច នាពេល
អនាគត” ។

លោកហែម ហេង ដែលជាវាគ្មិនសំខាន់ក្នុងពិធីនេះ បន្តទៀតថា ការជួបជុំគ្នា
នេះជាឱកាសមួយសម្រាប់អ្នកចូលរួមយ៉ាងច្បាស់ថែមទៀតអំពីសក្តានុពលនៃ
ធនធានធម្មជាតិដែលកម្ពុជាមាន។ លោកមានប្រសាសន៍ថា៖ “គោលបំណង
របស់ខ្ញុំនោះគឺខ្ញុំចង់ជម្រាបទៅអ្នកចូលរួមអំពីសក្តានុពលសម្បត្តិធម្មជាតិរបស់
ខ្មែរយើង។ ក្រៅពីប្រេងកាត វាមានស្អីខ្លះ។ ដើម្បីផ្សព្វផ្សាយឱ្យអ្នកចូលរួមដែល
មានក្រុមហ៊ុនឯកជន ឱ្យគេដឹងថា កម្ពុជាមានស្អីខ្លះ ក្រៅពីប្រេងកាតហ្នឹង”។

កាលពីខែសីហាឆ្នាំ២០០៧ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា ប្រសិន
បើតម្លៃប្រេងថ្លៃដូចកាលពីឆ្នាំចុងឆ្នាំ២០០៧ នោះប្រទេសកម្ពុជាបានចំណូលពី
ឥន្ធនៈចំនួន១៧៤លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១១ ហើយចំនួននេះ
នឹងកើនឡើងជាអតិបរិមាដល់១,៧ពាន់លានដុល្លារនៅឆ្នាំ ២០២១។ ចាប់ពី
ពេលនោះ វិស័យឥន្ធនៈត្រូវបានទទួលការចាប់អារម្មណ៍បំផុត ពីសាជីវកម្ម
ឥន្ធនៈពិភពលោកធំៗ ហើយអង្គការជាតិ អន្តរជាតិនិងភ្នាក់ងាររដ្ឋាភិបាលម្ចាស់
ជំនួយ មានការព្រួយបារម្ភអំពីសមត្ថភាព និងឧបករណ៍ច្បាប់របស់រដ្ឋាភិបាល
កម្ពុជាក្នុងការគ្រប់គ្រងឥន្ធនៈ និង ឧស្ម័នធម្មជាតិ ដោយហេតុថា រដ្ឋាភិបាល
កម្ពុជាមានប្រវត្តិមិនល្អក្នុងការគ្រប់គ្រងធនធានធម្មជាតិ ។

អង្គការអក់ស្វាមអាមេរិក គឺជាអង្គការមួយដែលបានផ្តោតការយកចិត្តទុកដាក់
ធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងវិស័យគ្រប់គ្រងធនធានធម្មជាតិ ។

នាងលឹម សូលីន មន្ត្រីកម្មវិធីប្រចាំតំបន់អាស៊ីខាងកើត ដែលជាអ្នករៀបចំការ
ពិភាក្សានេះបានឱ្យដឹងថា អង្គការអក់ស្វាមអាមេរិកចង់ឃើញរដ្ឋាភិបាលប្រើ
ប្រាស់ចំណូលធនធានធម្មជាតិប្រកបដោយតម្លាភាពនិងគណនីយភាពហើយ
ចំណូលនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការវិនិយោគទៅថ្ងៃអនាគត។ ជាយុទ្ធ
សាស្ត្រ អង្គការអក់ស្វាមអាមេរិក ធ្វើការយ៉ាងជិតស្និទក្នុងលក្ខណៈស្ថាបនាជា
មួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ស្ថាប័នឯកជននិងម្ចាស់ជំនួយរបស់កម្ពុជា។

នាងសូលីន បន្តទៀតថា៖ “យើងទាំងអស់គ្នាមានគោលបំណងមួយរួមគ្នាគឺធ្វើ
យ៉ាងម៉េច អភិវឌ្ឍវិស័យនេះឱ្យជោគជ័យ ហើយធ្វើយ៉ាងម៉េចឱ្យប្រជាជនកម្ពុជា
ទាំងអស់ទទួលផលប្រយោជន៍ពីការអភិវឌ្ឍវិស័យនេះ”។

លោក Michael Zwirn ប្រធានប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់អង្គការ
សម្ព័ន្ធភាពជីវិតសត្វព្រៃ ដែលអង្គការនេះមានគម្រោងកម្មវិធីផ្តោតលើប្រព័ន្ធ
ទេសភាពនៅភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា ។ លោកបានប្រាប់ វីអូអេ
ផ្នែកខេមរភាសានៅឯពិធីជួបជុំគ្នានោះថា ការជួបជុំគ្នានេះសំខាន់ ព្រោះវាអាច
ជួយកែលម្អឱកាសសម្រាប់ទទួលការមកដល់នៃការអភិវឌ្ឍផ្នែកឥន្ធនៈ និង
ឧស្ម័នធម្មជាតិ ។ លោកឱ្យដឹងទៀតថា តាមបទពិសោធន៍ធ្វើការជាមួយរដ្ឋា
ភិបាលកម្ពុជា រដ្ឋាភិបាលមានការសហការល្អជាមួយអង្គការរបស់លោក តែ
ទោះបីជាដូច្នេះក៏ដោយ ក៏នៅមានមន្ត្រីមួយចំនួនមិនទាន់មានឆន្ទៈនយោបាយ និងការតាំងចិត្តធ្វើកិច្ចការនេះនៅឡើយ។

លោកបន្ថែមថា៖“មានសមាជិករដ្ឋាភិបាលកម្ពុជាមួយចំនួនគាំទ្រជាខ្លាំង។ បុគ្គ-
លិកផ្សេងៗមួយចំនួនមិនទាន់អាចបញ្ចុះបញ្ចូលបាននៅឡើយ ប៉ុន្តែយើងកំពុង
ជួយកសាងឆន្ទៈនយោបាយក្នុងរដ្ឋាភិបាលកម្ពុជានៅថ្នាក់ខ្ពស់ ដូចជារដ្ឋបាល
ជនបទក្នុងខេត្តផ្សេងៗ ដូចជាមន្ត្រីខេត្តកោះកុងជាដើមដើម្បីកសាងឆន្ទៈនយោ
បាយឱ្យបានទូលំទូលាយសម្រាប់វិស័យជីវិតសត្វព្រៃ ព្រៃឈើ និងបញ្ហាអភិវឌ្ឍ
ប្រកបដោយនិរន្តរភាព” ។

ពិធីពិភាក្សានេះត្រូវបានចូលរួមដោយអ្នកជំនាញនានា ក្នុងវិស័យធនធានធម្ម
ជាតិ ហើយបាននាំមកនូវបទពិសោធន៍ផ្សេងៗដើម្បីចែករំលែកដល់អ្នកចូលរួម
ដទៃទៀត ជាពិសេសអ្នកដែលមានចំណាប់អារម្មណ៍ចំពោះសក្តានុពលធនធាន
ធម្មជាតិកម្ពុជា ។

រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេផ្នែកខេមរភាសា ៕

XS
SM
MD
LG