ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្មមិនអាចមាន  បើចេះដោយស្រាយបញ្ហា


ដើម្បីស្តាប់ព័ត៌មាននេះ

មេដឹកនាំគណបក្សប្រឆាំងសម រង្ស៊ី ថ្លែងថា បើសិនជារដ្ឋាភិបាលសហការជា
មួយគណបក្សប្រឆាំង នោះប្រទេសកម្ពុជានឹងអស់មានបាតុកម្ម។ លោកសម
រង្ស៊ី បានថ្លែងយ៉ាងដូច្នេះ នៅថ្ងៃអង្គារនេះ ខណៈដែលសភាកម្ពុជាបោះឆ្នោត
លើច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

លោក ហេង រស្មី សូមជូនសេចក្តីរាយការណ៍អំពីរឿងនេះ។

លោកសម រង្ស៊ី មេដឹកនាំគណបក្សសម រង្ស៊ី បានជំរុញឲ្យមានការសហការគ្នា
មួយរវាងរដ្ឋាភិបាលកម្ពុជា និង គណបក្សប្រឆាំង ដើម្បីលុបបំបាត់ការធ្វើបាតុ
កម្មស្របពេលប្រទេសកម្ពុជា បានអនុម័តដល់ជំពូកទី៤នៃច្បាប់ស្តីអំពីការធ្វើ
បាតុកម្មដោយសន្តិវិធី។

សមាជិកសភាចំនួន៩២រូបបានបោះឆ្នោតគាំទ្រជំពូកទី៤ នៃច្បាប់ស្តីអំពីការធ្វើ
បាតុកម្មដោយសន្តិវិធីនេះ។

ជំពូកទី៤ ដែលបាននិយាយអំពីនីតិវិធីដោះស្រាយបទល្មើស និង ទោសបញ្ញត្តិ
ដោយបានលើកឡើងអំពីដំណើរការធ្វើបាតុកម្មដោយសន្តិវិធី បង្កទៅជាអំពើ
ហិង្សាជនដែលប្រព្រឹត្តិបទល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរ
មាន នេះបើតាមការបញ្ជាក់នៅក្នុងមាត្រាទី២៧ ។

លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានស្នើសុំដល់អង្គសភាថា តួនាទី
របស់គណបក្សប្រឆាំងអាចផ្តល់ព័ត៌មាន អាចផ្តល់យោបល់ឬក៏ជាអ្នកនាំពាក្យ
ដល់ជនរងគ្រោះ។ បើយើងមានការសហការគ្នារវាងរដ្ឋាភិបាល និងគណបក្ស
ប្រឆាំង នោះនឹងអស់មានបាតុកម្ម ។

លោកសម រង្ស៊ី បានលើកឡើងថា មានអ្នករិះគន់ថា លោកជាថៅកែបាតុកម្ម ដោយសារតែលោកដឹកនាំធ្វើបាតុកម្មជាញឹកញាប់តាមផ្លូវ ទីសាធារណៈនោះ។
លោកសម រង្ស៊ី បានមានប្រសាសន៍ទៀតថា ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ
យើងគួរតែជួយគ្នាទៅវិញទៅមក កុំឲ្យមានបាតុកម្មកើតឡើង។

"ថៅកែបាតុកម្មគ្រាន់បើជាងថៅកែក្រុមហ៊ុនខ្លះ ដែលរឹបអូស លួចប្លន់ដីធ្លី ស្រែ
ចំការ ផ្ទះសម្បែងប្រជារាស្រ្ត។ ហ្នឹងហើយតួនាទីគណបក្សប្រឆាំង ដែលការពារ
ប្រជាពលរដ្ឋ ផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ តែខ្ញុំជឿថា រដ្ឋាភិបាលក៏ចង់ផ្តល់
យុត្តិធម៌ជូនប្រជាពលរដ្ឋដែរ"។

លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលតំណាងឲ្យរដ្ឋាភិបាល
បានបញ្ជាក់ក្នុងកិច្ចប្រជុំរដ្ឋសភានៅថ្ងៃអង្គារនេះថា យើងសូមស្វាគមន៍ចំពោះ
ការលើកឡើងរបស់គណបក្សប្រឆាំង ក៏ប៉ុន្តែលោក មានប្រសាសន៍ថា ការ
សហការគ្នាកន្លងមកច្រើនតែពុំសូវមានការស៊ីសង្វាក់គ្នា ។

"ឯកឧត្តមសម រង្ស៊ី ក៏គួរតែយល់ដែរថា ប្រទេសទាំងមូល វាអាចនឹងមានបញ្ហា
ខ្លះហើយ មិនអត់ទេ។ នៅក្នុងប្រទេសជាតិយើងទាំងមូល ក៏វាអញ្ចឹងដែរ ។ វា
អាចមានចន្លោះប្រហោងបញ្ហាខ្លះ តែយើងត្រូវនាំគ្នាដោះ ស្រាយបញ្ហាហ្នឹង"។

ចំណែកលោកញ៉ឹក ប៊ុនឆៃ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បាន
បញ្ជាក់ថា មុននឹងឈានដល់ការធ្វើបាតុកម្ម យើងគួរតែជជែកពិភាក្សាគ្នាឲ្យ
អស់ពីពោះពីពុងសិន ។

លោកបានមានប្រសាសន៍ថា ការធ្វើបាតុកម្មជាចំណុចផុយស្រួយមួយ ហើយ
វារសើបណាស់ អាចប្រែក្លាយទៅជាអ្វីមួយផ្សេង ប្រសិនបើយើងអាចជៀសវាង
បាននោះ វាជាការល្អប្រសើរមួយដល់សន្តិសុខរបស់ ប្រទេសជាតិ។

រាយការណ៍ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG