ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត  បានបញ្ចប់ លើកលែងឃុំចំនួន៥១


ប្រទេសកម្ពុជាបានបញ្ចប់ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីនៅថ្ងៃអង្គារនេះ ដោយ
បានធ្វើឲ្យអ្នកបោះឆ្នោតសម្រាប់ឆ្នាំ ២០១០ នឹងកើនចំនួនរហូតទៅដល់ជាង
៨,៨លាននាក់។

លោក គង់សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានសម្រេច
ពន្យារពេលការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីរយៈពេល ៤ថ្ងៃជាបន្ថែមទៀតនៅ
ក្នុងឃុំចំនួន៥១របស់ខេត្តចំនួន៦ មូលហេតុដោយសារតែខេត្តទាំង៦នេះបាន
ទទួលរងគ្រោះទឹកជំនន់ និងព្យុះសង្ឃរាកេតសាណា។

ព្យុះកំណាចនេះបានបក់បោកមកលើប្រទេសកម្ពុជា កាលពីចុងខែមុន ហើយ
បានបណ្ដាលឲ្យប្រជាពលរដ្ឋស្លាប់យ៉ាងតិចចំនួន៣៥នាក់និងបង្កការខូចខាត
ប្រមាណជា៤១លានដុល្លារអាមេរិក បើយោងតាមរបាយការណ៍ផ្លូវការរបស់
រដ្ឋាភិបាល។

ខេត្តទាំង៦ដែលត្រូវពន្យារពេលការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត រួមមានខេត្ត
បាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះនិងខេត្ត
សៀមរាប។

សេចក្ដីសម្រេចរបស់ គ.ជ.ប. ធ្វើឡើងនៅពេលដែលការចុះបញ្ជីឈ្មោះអ្នកបោះ
ឆ្នោតថ្មីសម្រាប់ឆ្នាំ២០០៩ បានបិទបញ្ចប់ នៅថ្ងៃអង្គារនេះ។

លោកទេព នីថា អគ្គលេខាធិការគ.ជ.ប.មានប្រសាសន៍ថា ព្យុះកេតសាណានិង
ភ្លៀងបានរំខានដល់ភ្នាក់ងារចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី មិនឲ្យបំពេញការងារ
របស់ពួកគេបានពេញលេញល្អ។

“ខេត្តទាំងអស់នោះមានបាត់ដំបង១៩ឃុំកំពង់ធំ៦ឃុំក្រចេះ៧ឃុំព្រះវិហារ២ឃុំ
សៀមរាប៨ឃុំ និងឧត្តរមានជ័យ៩ឃុំ។ ដោយសារតែឃុំហ្នឹងជួបព្យុះភ្លៀង និង
ទឹកជំនន់ដែលមិនអាចធ្វើការពេញលេញបាន អញ្ចឹងទេ យើងបន្ថែមរយៈពេល
ហ្នឹងជំនួសវិញ"។

ប្រទេសកម្ពុជា បានចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពអ្នកបោះឆ្នោតថ្មីរយៈពេល២០ថ្ងៃគឺ
ចាប់ពីថ្ងៃទី១តុលាមកម៉្លេះ។ យោងតាមលោកទេព នីថា អគ្គលេខាធិការគ.ជ.ប.
បានឲ្យដឹងថា គិតមកត្រឹមថ្ងៃច័ន្ទទី១៩តុលា ម្សិលមិញនេះគ.ជ.ប.ចុះបញ្ជីអ្នក
បោះឆ្នោតថ្មី បានចំនួនជាង២៤ម៉ឺននាក់។

លោកទេព នីថា បញ្ជាក់ថា នៅមិនទាន់មានភាពមិនប្រក្រតីឬបណ្ដឹងជំទាស់
ទៅនឹងការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនេះនៅឡើយទេ។

ក៏ប៉ុន្ដែលោក យឹម សុវណ្ណ តំណាងរាស្ដ្រ និង ជាអ្នកនាំពាក្យគណបក្សជំទាស់
សម រង្ស៊ី បានលើកឡើងថា មានភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុង
អំឡុងពេលចុះបញ្ជីបោះឆ្នោតនេះ ដែលបណ្ដាលឲ្យការចុះឈ្មោះនេះសម្រេច
បានត្រឹមតែប្រមាណជា៣០% តែប៉ុណ្ណោះ។

“ការផ្សព្វផ្សាយរបស់គ.ជ.ប. មិនបានទូលំទូលាយទេហេតុដូច្នេះបានជាការចុះ
ឈ្មោះបោះឆ្នោតទទួលបានប្រហែលជា៣០%នៃចំនួនដែលត្រូវចុះ។ប្រជាពល
រដ្ឋដែលគេជម្លៀសចេញពីទីក្រុងភ្នំពេញភាគច្រើនលើសលុប មិនបានទៅចុះ
ឈ្មោះបោះឆ្នោតទេដោយសារតែបញ្ហាឯកសារ។បញ្ហាទឹកលិចក៏បានធ្វើឲ្យប្រ-
ជាពលរដ្ឋមិនបានទៅចុះឈ្មោះបោះឆ្នោត ហើយក៏មានការចុះឈ្មោះថ្មីៗថែម
ទៀតដែលជាជនបរទេសផងដែរជនជាតិវៀតណាម"។

យ៉ាងណាក៏ដោយ លោកទេព នីថា បានបដិសេធថា មិនមានការចុះឈ្មោះជន
ជាតិវៀតណាមក្នុងបញ្ជីបោះឆ្នោតថ្មីនោះទេ ប៉ុន្ដែលោកមិនបានបដិសេធពីការ
ខ្វះចន្លោះមួយចំនួន ដែលអាចកើតមាននៅក្នុងអំឡុងពេលយុទ្ធនាការនៃចុះ
ឈ្មោះនេះទេ។

ជាមួយគ្នានេះដែរ លោកគល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការ
បោះឆ្នោតមួយនៅកម្ពុជា ឈ្មោះថា អង្គការខុមហ្រ្វែល មានប្រសាសន៍ថា មិន
ទាន់មានរបាយការណ៍ស្ដីពីភាព មិនប្រក្រតី នៅក្នុងអំឡុងពេលនៃការចុះបញ្ជី
អ្នកបោះឆ្នោតឆ្នាំនេះនៅឡើយ តែអង្គការរបស់លោកកំពុងតាមដានមើលជា
បន្ថែមទៀតក្នុងទីកន្លែងដែលប្រជាពលរដ្ឋត្រូវបណ្ដេញចេញនិងពលរដ្ឋទទូល
រងគ្រោះធម្មជាតិ។

យោងតាមការប៉ាន់ប្រមាណរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន
ឱ្យដឹងថា បន្ទាប់ពីការចុះបញ្ជីថ្មី អ្នកបោះឆ្នោតអាចកើនឡើងដល់ជាង ៨,៣
លាននាក់នៅឆ្នាំ ២០១០ ហើយរហូតដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ឃុំ សង្កាត់ នៅឆ្នាំ២០១២ ចំនួនអ្នកបោះឆ្នោតនៅប្រទេសកម្ពុជាអាចកើនដល់
ជាង៨,៨លាននាក់។

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG