ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើមនុស្សត្រូវការវីតាមីនDប៉ុន្មាន ដើម្បីមានសុខភាពល្អ?


ការសិក្សាជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានរកឃើញថា វីតាមីន D អាចមាន
ប្រយោជន៍សំរាប់ការរក្សាសុខភាពមនុស្ស លើសពីគ្រាន់តែសំរាប់ការរក្សាឆ្អឹង
ឲ្យរឹងមាំនោះទៀត ។ ក៏ប៉ុន្តែ តើមនុស្សត្រូវការវីតាមីន D ប៉ុន្មានទើបបានគ្រប់
គ្រាន់ ហើយតើចំនួនប៉ុន្មានទៅដែលថា ច្រើនជ្រុលនោះ?

អ្នកស្រី នុច សារីតា សូមជូនសេចក្តីប្រែសម្រួលដូចតទៅ ៖

វីតាមីន D ជួយឆ្អឹងនិងសាច់ដុំឲ្យលូតលាស់រឹងមាំ និងមានសុខភាព។ ការមាន
កម្រិតទាបនៃវីតាមីនD អាចនាំឲ្យមានបញ្ហាច្រើន ដូចជារោគក្រិស និងជំងឺឆ្អឹង
ស្តើង ឬ Osteoporosis។ រោគក្រិសគឺជាការខូចទ្រង់ទ្រាយឆ្អឹងដែលច្រើនតែ
កើតមាននៅនឹងកូនក្មេង។ Osteoporosisជាជំងឺធ្វើឲ្យឆ្អឹងស្តើងដែលជាបញ្ហា
ទូទៅមួយរបស់មនុស្សចូលវ័យចាស់ ជាពិសេសស្ត្រី ។

ការសិក្សាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានផ្តល់យោបល់ថា វីតាមីន D ក៏អាចមានប្រ-
យោជន៍សម្រាប់វិស័យផ្សេងៗទៀតដែរ។ ការសិក្សាបានបង្ហាញថា កម្រិតទាប
នៃវីតាមីន D អាចបង្កើនគ្រោះថ្នាក់នៃជំងឺគាំងបេះដូង ក្នុងចំណោមបុរស និង
បង្កើនការស្លាប់ដោយជំងឺមហារីកខ្លះៗបាន ។ ការសិក្សាផ្សេងៗបានបង្ហាញ
ថា មនុស្សដែលមានជំងឺសន្លាក់ដៃសន្លាក់ជើងជាញឹកញាប់ គឺ មានវីតាមីន D
កម្រិតទាប។

វិធីងាយជាទីបំផុតដើម្បីទទួលបានវីតាមីន D នោះ គឺបានមកពីពន្លឺថ្ងៃ។ កាំរស្មី
ultraviolet ធ្វើប្រតិកម្មជាមួយកោសិកាស្បែក ដើម្បីផលិត វីតាមីន D។ ក៏ប៉ុន្តែ
មនុស្សជាច្រើននាក់ព្រួយបារម្ភអំពីជំងឺមហារីកស្បែក និង ខូចស្បែកដោយសារ
កំដៅថ្ងៃ។ដូច្នេះមនុស្សគ្របដណ្តប់ស្បែករបស់គេជិតឬលាបប្រេងការពារកំដៅ
ថ្ងៃ ឬនៅឆ្ងាយពីពន្លឺថ្ងៃ ។

មនុស្សមានស្បែកសម្បុរខ្មៅផលិតវីតាមីន Dតិចជាងមនុស្សដែលមានសម្បុរស
ដែរ ។ ការផលិតជាតិវីតាមីន D នៅនឹងមនុស្សចាស់ចុះថយ ហើយនិងមនុស្ស
រស់នៅ នៅក្នុងតំបន់អក្ខោសាន (ប៉ូល) ខាងជើងដែលមានពន្លឺថ្ងៃតិចក៏មាន
កម្រិតវីតាមីន D ទាបដែរ ។

ម្ហូបអាហារជាច្រើនពុំមានជាតិវីតាមីនDពីធម្មជាតិទេ។ ម្ហូបអាហារដែលមាន
វីតាមីន D កម្រិតខ្ពស់ មានរួមទាំងត្រីដែលមានខ្លាញ់ ដូចជាត្រី salmon ត្រី
tuna និងត្រី mackerel ជាដើម ហើយនិងប្រេងថ្លើមត្រី ។ ក្រុមអ្នកស្រាវជ្រាវ
នៃសាកលវិទ្យាល័យ Boston University រាយការណ៍នៅក្នុងឆ្នាំ២០០៧ថា
ត្រី salmon ដែលគេចិញ្ចឹមក្នុងអាង មានវីតាមីន D តិចជាងត្រី salmon នៅ
ក្នុងសមុទ្រច្រើនណាស់ ។

គេរកឃើញថា មានចំនួនវីតាមីនDតិចតួចនៅក្នុងថ្លើមគោ cheese ឬfromage
និងជាតិលឿងនៃស៊ុត ។ មនុស្សខ្លះទទួលទានម្ហូបអាហាររាល់ថ្ងៃ ដែលមាន
វីតាមីនបន្ថែម។ក៏ប៉ុន្តែភាគច្រើននៃវីតាមីនDនៅក្នុងម្ហូបចំណីអាមេរិកាំងមាននៅ
ក្នុងជំពូកម្ហូប ដូចជាទឹកដោះគោដែលមានដាក់បន្ថែមវីតាមីន។ សព្វថ្ងៃនេះវេជ្ជ
បណ្ឌិតជាច្រើនកំពុងធ្វើការពិសោធន៍កម្រិតវីតាមីន D នៅក្នុងខ្លួនអ្នកជំងឺរបស់
ពួកគេ ។ ក៏ប៉ុន្តែនៅពេលការស្រាវជ្រាវបន្ត មានក្រុមអ្នកជំនាញការខ្លះបារម្ភថា
ប្រសិនបើមនុស្សប្រើវីតាមីន D ច្រើនហួសវីតាមីននេះអាចមានប្រតិកម្មទៅជា
ជាតិពុលបាន ។ ក្រុមវេជ្ជបណ្ឌិតខាងស្បែកក៏ព្រមានមនុស្សឲ្យប្រុងប្រយ័ត្ន
ចំពោះការសំដិល ឬហាលថ្ងៃច្រើនផងដែរ ពីព្រោះខ្លាចមានគ្រោះថ្នាក់នៃជំងឺ
មហារីកស្បែក ។

តើមនុស្សមានសុខភាពល្អត្រូវការវីតាមីន D ប៉ុន្មាន? ក្រុមអ្នកជំនាញការចំណី
អាហារ បានណែនាំរដ្ឋាភិបាលអាមេរិកាំង ឲ្យកំណត់សេចក្តីស្នើថ្មីៗ នៅក្នុងឆ្នាំ
១៩៩៧ ។ ចំនួនវីតាមីន D ប្រើរាល់ថ្ងៃ ពីអាយុទើបនឹងកើតដល់អាយុ៥០ឆ្នាំ
មានកំណត់ប្រមាណ 200 I.U.s ។ ហើយតម្លើងចំនួននេះទៅ 400 I.U.s ពី
អាយុលើសពី៥០ទៅ៧០ឆ្នាំ បន្ទាប់មក 600 I.U.s សំរាប់មនុស្សអាយុពី៧១
ឆ្នាំឡើងទៅ ។ ក៏ប៉ុន្តែក្រុមអ្នកជំនាញខ្លះនិយាយថា ចំនួនទាំងនេះពុំទាន់ខ្ពស់
គ្រប់កម្រិតទេ ។

ក្រុមអ្នកជំនាញខាងចំណីអាហារកំពុងពិនិត្យមើលជាថ្មីម្តងទៀតថា តើចំនួន
វីតាមីនD និង ជាតិ Calcium ប៉ុន្មានដែលមនុស្សគួរប្រើ ។ វិជ្ជាស្ថានពេទ្យនៃ
បណ្ឌិតសភាជាតិរំពឹងនឹងចេញសេចក្តីរាយការណ៍មួយ នៅខែឧសភាខាងមុខ
នេះ ៕

XS
SM
MD
LG