ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋសភាអនុម័តដល់ជំពូកទីពីរ នៃច្បាប់ស្តីពីបាតុកម្ម

  • ហេង រស្មី
  • VOA

រដ្ឋសភាបានអនុម័តដល់ជំពូកទីពីរនៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

រដ្ឋសភារបស់ប្រទេសកម្ពុជា នៅថ្ងៃច័ន្ទនេះ បានអនុម័តដល់ជំពូកទី២នៃច្បាប់
ស្តីអំពីការធ្វើបាតុកម្ម ដោយសន្តិវិធីដោយគ្មានការរអាក់រអួល បើទោះបីជាមាន
ការជំទាស់ខ្លះៗពីមេដឹកនាំគណបក្សប្រឆាំងថា ការ អនុម័តច្បាប់នេះ ពុំបាន
បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល
យ៉ាងណាក៏ដោយ ។

សមាជិកសភាចំនួន៧៦រូបបានអនុម័តជាឯកច្ឆ័ន្ទបោះឆ្នោត សម្រេចគាំទ្រជំពូក
ទី២នៃច្បាប់ស្តីអំពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ។

នៅក្នុងជំពូកទី២នេះ មានចំនួន១០មាត្រាស្តីអំពីនីតិវិធីនៃការជូនដំណឹងអំពីការ
ធ្វើបាតុកម្មដោយសន្តិ វិធី។

មាត្រាទី៧នៃជំពូកទី២នេះបានចែងថា លិខិតជូនដំណឹងត្រូវដាក់ទៅសាលារាជ
ធានី ឬសាលាខេត្ត យ៉ាងហោចណាស់ ៥ថ្ងៃនៃថ្ងៃធ្វើការ មុនពេលកំណត់នៃការ
ធ្វើបាតុកម្មដោយសន្តិវិធី។ ហើយនៅក្នុងចំណុចទី១នៃមាត្រាទី១៤បាននិយាយ
ថា ការធ្វើបាតុកម្មដោយសន្តិវិធីនេះ មានការចូលរួមយ៉ាងច្រើនបំផុត២០០នាក់
សម្រាប់រាជធានី ឬខេត្តនីមួយៗ។

លោកហេង សំរិន ប្រធានរដ្ឋសភា បានប្រាប់ក្រុមអ្នកកាសែតនៅអគាររដ្ឋសភា
ជាតិ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅថ្ងៃច័ន្ទនេះថា រដ្ឋសភាបានសម្រេចផែនការ
របស់រដ្ឋាភិបាលឲ្យអនុម័តជំពូកទី២នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី
នេះ។

"ច្បាប់នេះវាមានសារៈសំខាន់។ សំខាន់សម្រាប់ដើរឲ្យធ្វើតាមផ្លូវច្បាប់ត្រឹមត្រូវ
ក្នុងការអនុវត្តឲ្យអ្នក ចង់ធ្វើបាតុកម្មឲ្យបានតាមផ្លូវត្រូវ"។

ចំណែកលោក សម រង្ស៊ី មេដឹកនាំគណបក្សសម រង្ស៊ី បានថ្លែងបា្រប់ក្រុមអ្នក
កាសែតថា លោកពុំគាំ ទ្រចំពោះច្បាប់ស្តីអំពីសិទ្ធិសុំធ្វើបាតុកម្មនេះទេ ។

លោកសម រង្ស៊ី បានលើកឡើងថា របៀបសរសេរនៅក្នុងច្បាប់នេះ គឺបើកផ្លូវឲ្យ
រដ្ឋាភិបាលបិទផ្លូវយើងវិញទេ។

"បិទផ្លូវអ្នកប្រជាធិបតេយ្យក្នុងការធ្វើបាតុកម្មដោយសន្តិវិធីក្នុងការទាមទារអ្វី
មួយដ៏សមហេតុសមផល ដែលស្របទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ
បែរទៅជាមិនអាចធ្វើទៅបាន បើច្បាប់នេះចេញរបៀបហ្នឹង ហើយរដ្ឋាភិបាល
យកទៅអនុវត្តតាមអ្វីដែលយើងធ្លាប់ឃើញគេអនុវត្តមកនោះ”។

លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បញ្ជាក់ថា មានពាក្យពេជន៍មួយ
ចំនួនដែលលើកទៅប្រើនៅក្នុងជំពូកទី២នេះ ពុំបញ្ជាក់ឲ្យបានច្បាស់លាស់។

លោកកឹម សុខា បានបញ្ជាក់ទៀតថា ពាក្យថា សន្តិសុខជាតិ សណ្តាប់ធ្នាប់
សាធារណៈ គួរតែសរសេរ នៅក្នុងឧបសម្ព័ន្ធមួយ ដើម្បីពន្យល់ឲ្យបានច្បាស់
លាស់។

"ធម្មតាកាលណាហែរបាតុកម្មតាមផ្លូវវាប៉ះពាល់ហើយសណ្តាប់ធ្នាប់សាធារណៈ
វាមិនដែល។ អត់ប៉ះមានតែនៅក្នុងផ្ទះ។ តែហែរប៉ះហើយ។ អញ្ចឹងលេសដើម្បី
រដ្ឋាភិបាលស្រួលយកមាត្រាហ្នឹងមកថា មកបដិសេធ អត់ឲ្យ ពីព្រោះប៉ះពាល់
សណ្តាប់ធ្នាប់។ ប៉ុន្តែបើតាមប្រទេសគេ ដែលគេធ្វើប្រជាធិបតេយ្យពិតប្រាកដ
សេរីភាពពិតប្រាកដ អាសណ្តាប់ធ្នាប់សធារណៈជាកាតព្វកិច្ចរបស់សមត្ថកិច្ច
របស់រដ្ឋាភិបាល ត្រូវតែការពារ"។

ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ ចែកចេញជា៦ជំពូកធំៗ និងសរុប
ទាំងអស់៣០មាត្រា ដែលរៀបចំឡើងតាំងពីឆ្នាំ២០០៥កន្លងមកម្ល៉េះដើម្បីជំនួស
ច្បាប់បាតុកម្ម តំាងពីឆ្នាំ១៩៩១។

ច្បាប់បាតុកម្មថ្មីនេះកំណត់ចំនួនមនុស្សចូលរួមធ្វើបាតុកម្មយ៉ាងច្រើនបំផុត
ត្រឹម"តែ២០០នាក់ប៉ុណ្ណោះ និងប្រាប់ជាមុន អ្នកចួលរួម យានជំនិះ តាមប្រភេទ
នីមួយៗនៅក្នុងការដង្ហែក្បួន ការអនុញ្ញាត ឬមិនអនុញ្ញាតឲ្យធ្វើបាតុកម្មរបស់
ក្រសួងមហាផ្ទៃ ធ្វើឡើងរយៈពេល២៤ម៉ោង មុនពេលដែលត្រូវកំណត់នៃការ
ធ្វើបាតុកម្ម។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG