ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើមបណ្ដឹងសំណុំរឿងលេខ០០២ដល់ពេលរៀបចំខ្លួន


​ ដើម្បីស្តាប់ព័ត៌មាននេះ

មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី កំពុងរៀបចំខ្លួនសម្រាប់ការពារជនរង
គ្រោះដោយ របបខ្មែរក្រហមក្នុងសំណុំរឿងលេខ០០២ ដោយនឹងមានការបែង
ចែកជាក្រុមការពារទៅតាមទំហំ នៃបទឧក្រិដ្ឋត្រូវបានចោទប្រកាន់។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

ក្រុមមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណីកំពុងរៀបចំបែងចែកជាក្រុមសម្រាប់
ការពារជនរងគ្រោះដោយរបបខ្មែរក្រហម ទៅតាមបទល្មើសដែលជនសង្ស័យ
នឹងទទួលរងការចោទប្រកាន់នៅក្នុងករណីសំណុំរឿងលេខ០០២។ សំណុំរឿង
នេះ ដែលមានជនជាប់ចោទចំនួន៤នាក់សុទ្ធសឹងជាមេដឹកនាំកំពូលៗនៃរបប
ដឹកនាំបែបកុម្មុយនិស្ដម៉ៅនិយមដែលបានបង្កឲ្យមានជនរងគ្រោះស្លាប់បាត់បង់
ជីវិតយ៉ាងតិច១,៧លាននាក់។

លោកហុង គឹមសួន មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី បានឲ្យដឹង
ថា ក្រុមមេធាវីបានបែងចែកជា១២ ក្រុមផ្សេងគ្នាសម្រាប់ការពារតាមបទល្មើស
និមួយៗក្នុងសំណុំរឿងលេខ០០២នេះ ហើយមេធាវីរំពឹងថា នឹងមានបទចោទ
ប្រកាន់សំខាន់ៗយ៉ាងតិចចំនួន៤ទៅលើជនសង្ស័យទាំង ៤នាក់។

“០០២ហ្នឹងយើងកំពុងរៀបចំការការពារកូនក្ដីដែលនឹងដាក់ពាក្យជាដើមបណ្ដឹង
បន្ដបន្ទាប់ តាមបទល្មើសរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម
ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ អំពើធ្វើទារុណកម្មបំពានទៅលើសន្ធិសញ្ញាក្រុង
ហ្សឺណែវ អីហ្នឹង"។

ដោយឡែកលោក គង់ ពិសី មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់ទៀត
បញ្ជាក់ថា ការបែង ចែកនេះគឺដើម្បីសុក្រិតភាពក្នុងការការពារក្ដី។

“ចង់បានថា មេធាវីក្រុមណាៗ អញ្ចឹងទៅ។យើងការពារឲ្យវាជាក់លាក់"។

សូមបញ្ជាក់ថា ជនជាប់ចោទទាំង៤ក្នុងសំណុំរឿងលេខ០០២នេះ មាននួន ជា
អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីត
ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសនិងប្រពន្ធរបស់គាត់គឺអៀង ធីរិទ្ធ
អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ជនជាប់ចោទទាំង៤ កំពុងស្ថិតក្នុងការឃុំខ្លួន
បណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំង
មនុស្សជាតិ។ប៉ុន្ដែលោកមេធាវីហុង គឹមសួនមានប្រសាសន៍ថា អាចនឹងមាន
ការចោទប្រកាន់ពីបទល្មើសបន្ថែមទៀត នៅពេលដែលសហចៅក្រមស៊ើប
អង្កេតបិទបញ្ចប់ការស៊ើបអង្កេតនៅ ក្នុងអំឡុងចុងឆ្នាំ២០០៩នេះ។

ការបែងចែកជាក្រុមរបស់ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី ធ្វើឡើង
ស្របពេលដែលការកាត់ទោស អតីតប្រធានគុកទួលស្លែងកាំង ហ្គិចអៀវ ហៅ
ឌុច ហៀបនឹងបិទបញ្ចប់ជាស្ថាពរ ដោយរង់ចាំការធ្វើសេចក្ដីសន្និដ្ឋានរួមនៅក្នុង
សប្ដាហ៍ទី៣ ខែវិច្ឆិកាខាងមុខ ហើយសំណុំរឿងលេខ០០២ត្រូវគេរំពឹងថា នឹង
ត្រូវបើកសវនាការនៅដើមឆ្នាំ២០១០។

លោករាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមមាន
ប្រសាសន៍ថា រហូតមកទល់នឹងចុងខែកញ្ញា មានបណ្ដឹងពីជនរងគ្រោះសម្រាប់
ករណីលេខ០០២ចំនួន៤.៤៦១បណ្ដឹង នៅក្នុងនោះ២.២៩០បណ្ដឹង ជនរងគ្រោះ
សុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី។

ទោះជាយ៉ាងណា លោករាជ សម្បត្តិ មានប្រសាសន៍ថា គេនៅមិនទាន់អាច
សន្និដ្ឋានអំពីការចោទប្រកាន់បទល្មើសបន្ថែម ឬ យ៉ាងណានៅឡើយ នៅមុន
ពេលដែលសហចៅក្រមស៊ើបអង្កេតបិទ បញ្ចប់ការងាររបស់ខ្លួនក្នុងសំណុំរឿង
នេះ នោះ៕

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG