ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទចម្រៀងបុរាណខ្មែរត្រូវចងក្រង


នៅឆ្នាំ១៩២១ជនជាតិបារាំងម្នាក់ បានចងក្រងបទចម្រៀងបុរាណខ្មែរចំនួន៥៤
បទ ដែលលោកបានប្រមូលផ្ដុំស្ទើរតែពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា ។ បទ
ចម្រៀងទាំងនេះត្រូវបានបំភ្លេចចោលយ៉ាងយូរ។ នៅថ្ងៃសុក្រនេះ បទចម្រៀង
ចំនួន៨បទក្នុងចំណោម៥៤បទត្រូវបានផលិតឡើងវិញ ហើយនឹងត្រូវប្រគុំជូន
សាធារណជន ក្នុងពិព័រណ៍មួយក្នុងទីក្រុងភ្នំពេញ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនលម្អិតដូចតទៅ៖

ប្រសិនបើគេគ្រាន់តែផ្ទៀងត្រចៀកស្ដាប់មួយភ្លែត បទចម្រៀងនេះពិតជាមិន
មានអ្វីប្លែកពីបទចម្រៀង បុរាណដែលគេកំពុងឮ នៅតាមវិទ្យុ និង ឃើញការ
ប្រគុំនៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍មួយចំនួននោះទេ ។ ផ្ទុយទៅវិញ វាមិន
មែនដូច្នោះទេ។ ចម្រៀងដែលទើបនឹងរសាត់ទៅនេះ ស្ទើរតែគ្មានអ្នកណាម្នាក់
បានឮគេច្រៀងនៅក្នុងទសវត្សរ៍ចុងក្រោយនេះទេ។ ហើយវាគឺជាចម្រៀងមួយ
បទក្នុងចំណោមចម្រៀងចំនួន៨បទដែលត្រូវបានផលិតឡើងវិញនាពេលថ្មីៗ
នេះ បន្ទាប់ពីបទចម្រៀងទាំងនេះ បានកប់ជ្រៅនៅក្នុងអតីតកាលយ៉ាងយូរ។

នៅល្ងាចថ្ងៃសុក្រនេះ មជ្ឈមណ្ឌលបូផាន់ណាដែលជាមជ្ឈមណ្ឌលមួយប្រមូល
ផ្ដុំនូវឯកសារសោតទស្សន៍ចាស់ៗមកតម្កល់ទុក នឹងបង្ហាញនូវថាសចម្រៀងថ្មី
នេះ នៅក្នុងពិធីតាំងពិព័រណ៍មួយ ដោយមាន ការតាំងរូបថត និងការប្រគុំតន្រ្ដី
ជាក់ស្ដែងនៃបទចម្រៀងទាំង៨បទនេះ រួមមានបទកញ្ឆាវិលបទផុតចុងជ្រោយ
លលកសលាវ ពូពែក បទសរ៉ោមេ បទស្រងែកំបែប និងបទលលកសខ្មែរ។

គឺសុទ្ធសឹងជាស្នាដៃ ដែលលើកយកមកលាតត្រដាងអំពីជីវភាពប្រជាពលរដ្ឋ
កម្ពុជាក្នុងអំឡុងដើម សតវត្សរ៍ទី ២០ ដោយរៀបរាប់អំពីសេចក្ដីស្នេហាយ៉ាង
ជ្រាលជ្រៅ ការសេពគ្រឿងញៀននិងការព្រាត់ប្រាស់ស្នេហា ជាដើម។

កញ្ញា ជុំ ណយ អ្នកទទួលខុសត្រូវផ្នែកសកម្មភាពវប្បធម៌របស់មជ្ឈមណ្ឌល
បូផាន់ណា បានឲ្យដឹងថា បទចម្រៀងទាំងនេះត្រូវបានរកឃើញថា ជាបទ
ចម្រៀងក្នុងចំណោមបទចំនួន ៥៤បទ ដែលចងក្រងដោយជនជាតិបារាំងម្នាក់
គឺលោក Albert Tricon នៅក្នុងឆ្នាំ ១៩២១ ។ បទចម្រៀងទាំងនេះត្រូវបាន
ប្រតិចារឹកជាអក្សរបារាំង ហើយមិនដែលមានការយកមកច្រៀងឡើងវិញនោះ
ទេ ហាក់ដូចជាត្រូវ បានបំភ្លេចចោល។

"កាលពីសម័យនោះ លោកយល់ថា នៅក្នុងប្រទេសខ្មែរយើង មិនទាន់មានអ្នក
ណាម្នាក់បានកត់ត្រាឬក៏ប្រមែប្រមូលនូវរាល់ចម្រៀងប្រជាប្រិយឬមួយចម្រៀង
ផ្សេងៗទៀតរបស់ប្រជាជនយើងទេ ហើយគាត់ក៏ចាប់ផ្ដើមធ្វើការងារហ្នឹង។ដល់
អញ្ចឹងទៅ គាត់ដើរប្រមូលបទចម្រៀងទាំងអស់ហ្នឹងស្ទើរតែគ្រប់ទូទាំងខេត្តក្រុង
កាលពីសម័យឆ្នាំនោះ ហើយមានចម្រៀងខ្លះគាត់ប្រមូលពីព្រះបរមរាជវាំងផង
ដែរ ។ ហើយអញ្ចឹងយើងគិតថា វាជាឯកសារមួយដែលមានតម្លៃសម្រាប់ប្រជា
ជនយើងគ្រប់រូប"។

កវីខ្មែរបាននិពន្ធបទចម្រៀងទាំងនេះដែលមានឃ្លាឃ្លោងធ្វើឲ្យពិបាកយល់ខ្លះ
ប៉ុន្ដែមានលក្ខណៈអន្លង់អន្លោចទៅតាមទំនប់ច្រៀង ដែលអមដោយឧបករណ៍
ភ្លេងបុរាណ មានជាអាទិ៍ ដូចជាចាប៉ី ទ្រ ស្គរនិងសាដៀវ ជាដើម។

កញ្ញាជុំ ណយរៀបរាប់ថា ក្រៅពីបង្ហាញពីជីវភាពពិតក្នុងសម័យតែងនិពន្ធនោះ
បទចម្រៀងទាំង៨បទនេះក៏បង្កប់នូវការអប់រំសម្រាប់កែលម្អសង្គមមនុស្សផង
ដែរ។

“ដូចជាបទកញ្ឆាវិល បើស្ដាប់ចំណងជើងទៅប្រហែលជាយើងអាចស្មានបាន
ហើយ កញ្ឆហើយនិងវិល។អញ្ចឹងបានថា និយាយពីអ្នកប្រមឹក។គាត់ជក់កញ្ឆា
គាត់ស្រវឹង។ អញ្ចឹងបទនេះរិះគន់អ្នកប្រមឹក។ ដូចជាបទមួយទៀតបទស្រងែ
អញ្ចឹងបទនេះ គឺជាបទមួយដែលរិះគន់នារីខ្មែរយើង ដែលថា សំបូរចិត្ដសាវា
ប្រុស៥ ប្រុស៦ មិនស្កប់ចិត្តស្រីអញ្ចឹង ។ និយាយពីនារីមែន ប៉ុន្ដែវាជាការណ៍
ពិត ប៉ុន្ដែក្នុងលក្ខណៈ អប់រំ ។ ដូច្នេះយើងស្ដាប់ហើយ ពេលហ្នឹងយើងអាច
ពិចារណារិះគិតថា ត្រូវធ្វើយ៉ាងម៉េចឲ្យវាល្អ "។

ប្រៀបដូចជាចរន្ដទឹកដែលតែងតែហូរចាកព្រែក ហើយចរន្ដថ្មីនឹងហូរឡើងវិញ
បទចម្រៀងបែបបុរាណទាំងនេះទំនងជាមិនមែនជាការតម្រូវចិត្តរបស់យុវវ័យ
បច្ចុប្បន្ននេះទេ ។ យុវជនសម័យថ្មី ដែលចូលចិត្តបទកន្រ្តាក់ញាក់ញ័ររញ្ជួយ
រង្គើសព្វដងខ្លួន ឬក៏ចូលចិត្តបទចម្រៀងដែលនិយាយពីអត្ថន័យ វិបត្តិស្នេហា
សុទ្ធសាធ ដែលពួកគេកំពុងជួបប្រទះក្នុងជីវិតរបស់ពួកគេ។

អ្នកទទួលខុសត្រូវផ្នែកសកម្មភាពវប្បធម៌របស់មជ្ឈមណ្ឌលបូផាន់ណា កញ្ញា
ជុំ ណយ ទទួលស្គាល់ថា វាមិនមែនជាការងាយស្រួលទេ ក្នុងការបញ្ជ្រៀបក្ដី
ស្រឡាញ់បទចម្រៀងទាំងនេះ ចូលទៅក្នុងស្រទាប់យុវវ័យដែលនិយមវប្បធម៌
ថ្មី និងមានការផ្លាស់ប្ដូរ។ ក៏ប៉ុន្ដែនេះមិនមែនជាការបំបាក់ទឹកចិត្តនោះទេ ត្បិត
នាងគិតថា យ៉ាងហោចណាស់ ការចងក្រងបទចម្រៀងដែលគេបំភ្លេចចោល
ទាំងនេះឡើងវិញគឺជាវិភាគទានមួយយ៉ាងសំខាន់សម្រាប់ការថែរក្សាព្រលឹង
តន្រ្តីខ្មែរ។

“ទីមួយគឺយើងចង់លើកស្ទួយនូវផ្នែកទាក់ទងនូវផ្នែកមរតកតន្រ្តីខ្មែរយើងហ្នឹង។
បើចាស់ៗ គាត់ប្រហែលជាពេញចិត្តហើយ ពីព្រោះគាត់ចូលចិត្តអភិរក្សនូវអ្វី
ដែលជាពីដើម ពីមុនអញ្ចឹង។ តែក្មេងៗ បើសិនយើងមិនបញ្ជ្រៀបចូលទៅក្នុង
ចំណោមពួកគាត់ទេ គាត់នឹងមិនដឹងទេ ។ អញ្ចឹងយើងត្រូវធ្វើម៉េចឲ្យពួកគាត់
ក្មេងៗជំនាន់នេះ ចាប់អារម្មណ៍ ងាកមកមើល ហើយពួកគាត់អាចចាប់ផ្ដើម
ស្រឡាញ់ ពីព្រោះមុនដំបូងអ្នកខ្លះឮថា បទចម្រៀងទាក់ទងភ្លេងការអីអញ្ចឹង
ឮទៅមានអារម្មណ៍ថា មិនមែនក្នុងវ័យខ្ញុំ ហួសសម័យ អញ្ចឹង។ ប៉ុន្ដែបើសិនជា
យើងបានស្ដាប់មួយបទ ហើយមួយបទទៀត យើងច្បាស់ជាមានអារម្មណ៍ថា
យើងចាប់ផ្ដើមស្រឡាញ់វា"។

នៅប្រទេសកម្ពុជា ការចងក្រងឯកសារចាស់ៗឡើងវិញសម្រាប់ទុកជាមរតក
ជំនាន់ក្រោយនៅមានកម្រិតនៅឡើយ។មួយវិញទៀត វិស័យសិល្បៈខ្មែរពេល
បច្ចុប្បន្ន ហាក់ដូចជាកំពុងប្រឈមជាមួយនឹងសកលភាវូបនីយ៍កម្មនៃវប្បធម៌
ក្នុងពិភពលោក។ ជាមួយគ្នានេះដែរ ស្នាដៃនិពន្ធបទចម្រៀង ដែលមានទឹកដម
ខ្ពស់នាសម័យមុនៗរបស់កវីនិពន្ធខ្មែរ ក៏បានថយឥទ្ធិពលដែរ នាពេលបច្ចុប្បន្ន
នេះដែរ។

លោកមាស សារុន អគ្គនាយកបច្ចេកទេសវប្បធម៌របស់ក្រសួងវប្បធម៌និងវិចិត្រ
សិល្បៈ បានវាយតម្លៃថា ការចងក្រងនូវបទចម្រៀងបុរាណដ៏កម្រចំនួន៨បទ
របស់មជ្ឈមណ្ឌល បូផាន់ណាគឺជាវិភាគទានមួយទៀតក្នុងការជួយថែរក្សាបេ-
តិកភណ្ឌ័វប្បធម៌របស់ខ្មែរ។

“អាហ្នឹងវាជាតម្លៃនៃការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិហើយ "។

លោក មាស សារុន ទទួលស្គាល់ថា វិស័យសិល្បៈនឹងប្រែប្រួលតាមកាលៈ
ទេសៈរបស់សង្គមនិមួយៗ ហើយនៅក្នុងពេលនេះ ក្រសួងវប្បធម៌ នឹងជំរុញ
ការបំផុសការបើកកកាយនូវសិល្បៈបុរាណខ្មែរឡើងវិញ តាមរយៈការសម្ដែង
និងការប្រគុំតន្រ្ដី។

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG