ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គួរមានលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញាឱ្យឆាប់


គណបក្សប្រឆាំង និងគណៈកម្មការសិទ្ធិមនុស្សអាស៊ី បាននិយាយថា ប្រទេស
កម្ពុជាត្រូវការច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដើម្បីធានាឯករាជ្យ
ភាពរបស់បុគ្គលចៅក្រម និងព្រះរាជអាជ្ញា សម្រាប់យុត្តិធម៌សង្គម។

លោក ជន សក្តា សូមជូនព័ត៌មានពិស្តារដូចតទៅ៖

គណបក្សប្រឆាំង និង គណៈកម្មការសិទ្ធិមនុស្សអាស៊ី នៅថ្ងៃអាទិត្យនេះ បាន
ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុម័តច្បាប់លក្ខន្តិកៈសម្រាប់ចៅក្រម-ព្រះរាជអាជ្ញា
និងការរៀបចំស្ថាប័នតុលាការ សំដៅពង្រឹងប្រសិទ្ធិភាព និងឯករាជ្យភាពរបស់
តុលាការក្នុងការលុបបំបាត់អំពើរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីចៅក្រមនិងព្រះរាជអាជ្ញាមួយចំនួនត្រូវ
បានតែងតាំងដាក់ឱ្យចូលនិវត្តន៍ ឬ ដាក់ពិន័យកាលពីខែកន្លងមកនេះ ដោយ
រំលោភលើរដ្ឋធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

លោកតំណាងរាស្ត្រយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី នៅក្នុងសម័យ
ប្រជុំសភាកាលពីថ្ងៃសុក្រ បានទាមទារឱ្យបង្កើតច្បាប់មួយចំនួន ដើម្បីបង្កើន
សេចក្តីជឿទុកចិត្តនៅក្នុងប្រព័ន្ធយុត្តិធម៌ដល់សាធារណជន។

"លក្ខន្តិកៈសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាដែលសព្វថ្ងៃនេះ ខ្ញុំដឹងថា យើង
កំពុងតែមានការព្រាងហើយ ប៉ុន្តែនៅមានភាពយឺតយ៉ាវ ហើយសេចក្តីព្រាង
ច្បាប់នេះមានសារៈសំខាន់ណាស់ ដើម្បីបង្កើតនូវការទុកចិត្តទៅលើប្រព័ន្ធយុត្តិ
ធម៌។ខ្ញុំសូមជម្រាបអង្គសភាទាំងមូលនិងជនរួមជាតិថា ប្រព័ន្ធយុត្តិធម៌មាន
សារៈសំខាន់ណាស់"។

គណៈកម្មការសិទ្ធិមនុស្សអាស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ
ថា ដោយអវត្តមាននៃច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រម-ព្រះរាជអាជ្ញា និងច្បាប់
ស្តីពីការរៀបចំស្ថាប័នតុលាការ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស
នោះ ប្រព័ន្ធយុត្តិធម៌ទាំងមូលរបស់ប្រទេសកម្ពុជា មិនមានមូលដ្ឋានគ្រឹះ និង
គម្រោងច្បាប់ទេ។

សេចក្តីថ្លែងការណ៍នេះបានចង្អុលបង្ហាញថា រដ្ឋាភិបាលនិងក្រសួងយុត្តិធម៌
បានរំលោភលើយុត្តាធិការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៅក្នុងករណី
ជាច្រើនជាពិសេសក្រសួងយុត្តិធម៌គ្រប់គ្រងលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សា
និងបានធ្វើសំណើតែងតាំងទៅឧត្តមក្រុមប្រឹក្សា ដើម្បីយល់ព្រម និងបានបញ្ជូន
សំណើតែងតាំង ទូលថ្វាយព្រះមហាក្សត្រសម្រាប់ការឡាយព្រះហស្ថលេខា។

នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០០៩ រដ្ឋាភិបាលបានបដិសេធឧត្តមក្រុមប្រឹក្សា
នៃអង្គចៅក្រម នៅពេលឧត្តមក្រុមប្រឹក្សាបានដាក់ឱ្យចូលនិវត្តន៍និងបានជំនួស
សមាជិក៤ រូបនៃសមាជិក៨រូប ហើយបានបញ្ជូនសំណើទាំងមូលទូលថ្វាយ
ព្រះមហាក្សត្រសម្រាប់ឡាយព្រះហស្ថលេខា ។ នៅថ្ងៃទី៤ ខែសីហាថ្មីៗនេះ
ក្រសួងយុត្តិធម៌បានស្នើតែងតាំងចៅក្រម និងព្រះរាជអាជ្ញាជាង៣២រូប ដែល
រួមមាន៤រូបមានអាយុចូលនិវត្តន៍៦០ឆ្នាំ ហើយឧត្តមក្រុមប្រឹក្សាបានយល់ព្រម
និងបានបញ្ជូនសំណើថ្វាយព្រះមហាក្សត្រសម្រាប់ឡាយព្រះហស្ថលេខា នេះ
បើយោងតាមសេចក្តីថ្លែងការណ៍។

ប្រទេសកម្ពុជាមិនទាន់មានច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំស្ថាប័នតុលាការ ដែលធ្វើឱ្យការប្រព្រឹត្តទៅរបស់ស្ថាប័ន
តុលាការគ្មានប្រសិទ្ធិភាព និងកង្វះឯករាជ្យភាព និងសមត្ថភាព។

គណៈកម្មការសិទ្ធិមនុស្សអាស៊ី បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍ថា អវត្ត
មាននៃច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដោយបញ្ជាក់ថា គ្មានការ
ធានាអំពីឯករាជ្យភាពរបស់បុគ្គលចៅក្រម និងព្រះរាជអាជ្ញា។ ឧត្តមក្រុមប្រឹក្សា
នៃអង្គចៅក្រម កម្មសិទ្ធិរបស់តុលាការឯករាជ្យ និងត្រូវបានធ្វើជាព្រះរាជអធិបតី
ដោយព្រះមហាក្សត្រ។ ឧត្តមក្រុមប្រឹក្សានេះតែងតាំង និងអប់រំចៅក្រម និងព្រះ
រាជអាជ្ញាតាមវិន័យដែលជាកម្មសិទ្ធិរបស់ឧត្តមក្រុមប្រឹក្សានេះ។ឧត្តមក្រុមប្រឹក្សា
នៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងការធានាឯករាជ្យភាពនៃប្រព័ន្ធតុលាការ។

លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និង
ជាទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការ
ជំរុញច្បាប់នេះមិនមែនធានាភាពពេញលេញនៃឯករាជ្យភាពរបស់តុលាការទេ។ ប៉ុន្តែវាបំពេញនូវលក្ខខណ្ឌច្បាប់របស់ប្រទេសកម្ពុជា។ វាជារឿងត្រឹមត្រូវជាង។

"យើងខ្ញុំសូមអរគុណណាស់ ដែលគណបក្សប្រឆាំង និង គណៈកម្មការសិទ្ធិ
មនុស្សអាស៊ីមានគោលបំណងដូចគ្នាជាមួយ រដ្ឋាភិបាល ហើយយើងខ្ញុំក៏កំពុង
ខិតខំជំរុញដែ រ។ រដ្ឋាភិបាលមានសមត្ថកិច្ចប៉ុន្មាន ណា៎ ។ ច្បាប់នេះស្ទះនៅ
កន្លែងណា ។ វាជាបញ្ហាដែលគាត់គួរបើកភ្នែកមើលឱ្យចំបញ្ហាផង និង កុំចេះ
តែមានបំណងមិនល្អមកលើតែរដ្ឋាភិបាល"។

ប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា ត្រូវបានទទួលរងការរិះគន់អំពីភាពមិនឯក
រាជ្យ និងភាពអយុត្តិធម៌ពីសំណាក់មតិជាតិនិងអន្តរជាតិ ប៉ុន្តែរដ្ឋាភិបាលបាន
ដាក់ចេញនូវគោលនយោបាយកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការសម្រាប់
យុត្តិធម៌សង្គម។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហដ្ឋអាមេរិក៕

XS
SM
MD
LG