ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិព័រណ៍​រំឭក​ស្នាដៃ​មហោស្រព​ភាព​យន្ត​​ខ្មែរ​​ទសវត្សរ៍​​១៩៦០-​​១៩៧៥


លោក ជូ ដាវី ពលរដ្ឋ​បារាំង​កំណើត​ខ្មែរ​ កំពុង​ធ្វើ​បឋកថា​អំពី​ភាពយន្ត​ខ្មែរ​ក្នុង​ទសវត្សរ៍​១៩៦០​និង​៧០ នៅ​សារមន្ទីរ Smithsonian ក្នុង​រដ្ឋធានី Washington សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១០។
លោក ជូ ដាវី ពលរដ្ឋ​បារាំង​កំណើត​ខ្មែរ​ កំពុង​ធ្វើ​បឋកថា​អំពី​ភាពយន្ត​ខ្មែរ​ក្នុង​ទសវត្សរ៍​១៩៦០​និង​៧០ នៅ​សារមន្ទីរ Smithsonian ក្នុង​រដ្ឋធានី Washington សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១០។

ប្រទេសកម្ពុជាបានបើកពិធីតាំងពិព័រណ៍ និងមហោស្រពភាពយន្តខ្មែរចាប់ពីឆ្នាំ
១៩៦០ដល់ឆ្នាំ១៩៧៥ ដើម្បីរំឭកពីស្នាដៃភាពយន្តខ្មែរ សម្រាប់ជាមធ្យោបាយ
ជំរុញវិស័យភាពយន្តកុំឱ្យសាបសូន្យ។

លោក ជន សក្តា សូមជូនព័ត៌មានពិស្តារដូចតទៅ៖

សមាគមកុនខ្មែរកូនខ្មែរ នៅថ្ងៃសៅរ៍នេះ បានចាប់ផ្តើមប្រារព្ធពិធីតាំងពិព័រណ៍
មហោស្រពភាពយន្តខ្មែរនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ ដើម្បី
រំឭកឡើងវិញពីស្នាដៃតែងនិពន្ធ និង ផលិតករខ្មែរដ៏អស្ចារ្យសម្រាប់ឱ្យមនុស្ស
ជំនាន់បច្ចុប្បន្នយល់ដឹងពីសង្គមវប្បធម៌ខ្មែរនាសម័យកាលនោះ។

ប្រទេសកម្ពុជាបានផលិតខ្សែភាពយន្តជាង ៣៥០រឿង និងមានរោងភាពយន្ត
ប្រមាណ ៣០ រោងនៅក្នុងទីក្រុងភ្នំពេញរវាងពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧៥។
ប៉ុន្តែឥឡូវនេះ ខ្សែភាពយន្តចំនួនតែ៣៣រឿងប៉ុណ្ណោះ អាចនៅសល់ និងរោង
ភាពយន្ត Lux តែមួយនៅដំណើរការបញ្ចាំង ព្រមទាំងផលិតករ និងតួសម្តែង
តែបីបួននាក់ប៉ុណ្ណោះបានរស់រានពីរបបខ្មែរក្រហម។

ការតាំងពិព័រណ៍និងមហោស្រពភាពយន្តខ្មែរនេះ បានចាប់ផ្តើមពីថ្ងៃទី១៧ដល់
២៥ ខែតុលា ដោយមានដាក់តាំងជីវប្រវត្តិ រូបថត និងផ្ទាំងគំនូរប្រកាសផ្សាយ
ពាណិជ្ជកម្មភាពយន្ត។ សិល្បៈករខ្មែរជាង ២០រូប បានបង្កើតផ្ទាំងគំនូរ រូបថត
និងការគូររូបនិងគំរូស្ថាបត្យកម្ម បានផ្តោតទៅលើអារម្មណ៍ដែលនៅសេសសល់
និងឯកសារដែលមានកំណត់។

លោកព្រំ សីហា មន្ត្រីទំនាក់ទំនងសាធារណៈសម្រាប់ពិធីតាំងពិព័រណ៍ និង
មហោស្រពភាពយន្តនេះ បានបញ្ជាក់ថា យើងបានជម្រើសយកតែខ្សែភាពយន្ត
ចំនួន ១១ សម្រាប់បញ្ចាំងជូនសាធារណជនទស្សនា ដែលអត្ថាធិប្បាយដោយ
លោកលី ប៊ុនយីម លោកអីវុន ហែម និង លោកលី យូ ស្រៀង ដែលជាផលិតករ
រឿងព្រេងខ្មែរ។

ការតាំងពិព័រណ៍បានបើកបម្រើសាធារណជនរៀងរាល់ថ្ងៃពីម៉ោង៣រសៀល និង
ការបញ្ចាំងភាពយន្តចាប់ពីម៉ោង៤រសៀលដល់ម៉ោង៧ យប់។

លោកព្រំ សីហាបានថ្លែងថា"យើងស្រឡាញ់វប្បធម៌ខ្មែរនិងភាពយន្តខ្មែរដែល
មានភាពល្អអស្ចារ្យនៅក្នុងសម័យកាលនោះ ហើយយើងចង់រំឭកឡើងវិញនូវ
អតីតកាលដ៏ល្អដែលមាតាបិតា មីងមារ និងជីដូនជីតារបស់យើងបានទៅមើល
ភាពយន្ត។ យើងជ្រើសរើសភាពយន្តទាំងផ្នែកបុរាណ និងសម័យនៃរឿងទាំង
អស់នេះដើម្បីយកមកបញ្ចាំងក្នុងការតាំងពិព័រណ៍មហោស្រពភាពយន្ត ដើម្បី
ឆ្លុះបញ្ចាំងពីសង្គមខ្មែរក្នុងសម័យនោះ និង លក្ខណៈផ្សេងៗគ្នានៃរឿង ដែល
យើងបានជ្រើសរើសយកមក ។ ប៉ុន្តែយើងគិតថា យើងជ្រើសរើសរឿង ដែល
មានគុណភាព ដូចជារឿងពស់កេងកង ទទួលបានពានរង្វាន់ថ្នាក់អាស៊ី ដោយ
លោកទា លីមគុណ។ យើងឆ្លុះបញ្ចាំងសង្គមខ្មែរ ដូចជាភាពចម្រុះនៃវប្បធម៌។
យើងបង្ហាញពីប្រពៃណីទំនៀមទម្លាប់ខ្មែររបស់យើងនៅក្នុងភាពយន្ត និងសង្គម
របស់យើងនៅក្នុងសម័យនោះ ។ ម៉្យាងទៀត យើងចង់បង្ហាញទេពកោសល្យនៃ
ភាពយន្តនៅក្នុងសម័យនោះ និង ផលិតកររបស់យើងមានភាពប៉ិនប្រសប់ក្នុង
ការកែច្នៃភាពយន្ត ទៅជាភាពយន្តមានការចំណាប់អារម្មណ៍សម្រាប់កូនចៅ
ជំនាន់ក្រោយ ។ អញ្ចឹងយើងចង់បណ្តុះបណ្តាលឱ្យផលិតករភាពយន្តជំនាន់
ក្រោយឱ្យមានអារម្មណ៍ឡើង ដើម្បីធ្វើរឿងឱ្យដូចយុគសម័យមាសរបស់យើងពី
មុន"។

លោកស្រី ឌី សាវ៉េត អាយុ ៦៥ ឆ្នាំ អតីតតារាភាពយន្តខ្មែរ និងបច្ចុប្បន្នជាគ្រូ
បង្ហាត់សិល្បៈសម្តែងដែលបានចូលរួមនៅក្នុងពិធីនេះ បានបញ្ជាក់ថា លោក
ស្រីបានសម្តែងការសប្បាបាយចិត្តចំពោះការរំឭកអនុស្សាវរីយ៍ឡើងវិញ។

លោកស្រី បានរំឭកថា លោកស្រីបានដើរតួក្នុងភាពយន្តខ្មែរប្រមាណ១០០រឿង
ចាប់តាំងពីអាយុ ១៦ឆ្នាំ ទាក់ទងនឹងរឿងអប់រំ រឿងជីវិត រឿងជីវិតរស់នៅរបស់
សង្គមខ្មែរ ការប្រកាន់វណ្ណៈ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ។

"យើងជាកូនខ្មែរ។ យើងត្រូវគាំទ្រភាពយន្តខ្មែរ។ គេនៅតែគោរពសិល្បៈករខ្មែរ។
តារាភាពយន្តខ្មែរយើងទៅណា ក៏ត្រូវបានគេទទួលស្គាល់ រាប់អាន និង ចង់
ឃើញ។ ប៉ុន្តែមកដល់ឥឡូវនេះ វប្បធម៌បរទេសត្រូវបាននាំចូលប្រទេសកម្ពុជា
ពីគ្រប់ទិសទី។ វប្បធម៌ខ្មែរត្រូវបានគេបំភ្លេច"។

លោកស្រីបានសម្តែងការព្រួយបារម្ភអំពីបញ្ហាប្រឈមជាច្រើននៃការធ្លាក់ចុះភាព
យន្តខ្មែរ និងរោងភាពយន្តស្ទើរតែទាំងអស់ត្រូវបានប្រែក្លាយទៅជាសណ្ឋាគារ
និងអាហារដ្ឋាន។

"ថវិការបស់យើងនៅស្ទើរ បច្ចេកទេសរបស់យើងនៅស្ទើរ និងទីផ្សាររបស់យើង
អត់មាន ។ បញ្ហាបីមុខនេះធ្វើឱ្យសិល្បៈភាពយន្តរបស់យើងចុះខ្សោយច្រើន។
កាលពីជំនាន់មុន យើងលេងនៅក្នុងស្រុក។ យើងធ្វើអ្នកមាននៅក្នុងស្រុក។ ខ្ញុំ
បារម្ភតាំងពីខ្ញុំឃើញរោងកុនចាប់ផ្តើមបិទមួយ ពីរ បី ហើយឥឡូវរោងកុនបិទ
ចង់អស់ហើយ នៅសល់តែរោងភាពយន្ត Lux មួយ។ ខ្ញុំបារម្ភណាស់ ប៉ុន្តែខ្ញុំ
មិនដឹងទៅធ្វើម៉េច ពីព្រោះខ្ញុំជាសិល្បៈករមួយរូបដែលនៅសេសសល់ពីជំនាន់
មុន"។

លោកលី ប៊ុនយីម អាយុ៦៧ឆ្នាំ អតីតផលិតករភាពយន្តខ្មែរជើងចាស់បានហៅ
ការតាំងពិព័រណ៍និងមហោស្រពភាពយន្តខ្មែរនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
ដ៏អស្ចារ្យណាស់ ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ។

លោកបានបន្តថា លោកចូលចិត្តផលិតខ្សែភាពយន្តបុរាណ ដូចជារឿងអន
អើយស្រីអន រឿងពុទ្ធិសែននាងកង្រី និង រឿងចៅសព្វសិទ្ធិ៍ សម្រាប់បម្រើ
សេចក្តីសប្បាយរបស់មនុស្សក្មេងចាស់ ដើម្បីឱ្យដឹងពីអារយ្យធម៌ និង វប្បធម៌
ប្រពៃណីរបស់ខ្មែរយើង។

"ខ្ញុំមានចិត្តមួយចង់ថតភាពយន្តតទៅទៀត ពីព្រោះខ្ញុំមិនចង់ឱ្យវិស័យភាពយន្ត
ខ្មែររបស់យើងធ្លាក់ចុះអញ្ចឹងទេ ។ ភាពយន្តខ្មែរអាចដំណើរការទៅមុខបានឱ្យ
តែមានប្រហែល៥០០.០០០ ដុល្លារអាមេរិកនេះ។ យើងទិញសម្ភារៈម៉ាស៊ីនថត
ពីរបីនិងប្រដាប់កាត់តមួយ"។

រដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងផលិតខ្សែភាពយន្តខ្មែរ
ប៉ុន្តែក្រុមផលិតករបានប្រឈមនឹងកង្វះធនធានសម្រាប់ការផលិតនេះ។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG