ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់ព្យុះកំបុតត្បូងកេតសាណា បង្កការខូចខាត៤១លានដុល្លារ


ដើម្បីស្តាប់ព័ត៌មាននេះ

ការប៉ាន់ប្រមាណជាបណ្តោះអាសន្ន អំពីការខូចខាតដោយខ្យល់ព្យុះកំបុតត្បូង
កេតសាណាកាលពីខែមុន មានតម្លៃរាប់សិបលានដុល្លារអាមេរិក។

លោក ជន សក្តា សូមជូនសេចក្តីពិស្តារអំពីព័ត៌មាននេះ៖

ប្រទេសកម្ពុជាបានប៉ាន់ប្រមាណជាបណ្តោះអាសន្ននៅថ្ងៃសុក្រនេះថា ការខូច
ខាតដំណាំស្រូវ និងផ្លូវថ្នល់នៅក្នុងខេត្ត១១ ដែលបានបណ្តាលមកពីខ្យល់ព្យុះ
កំបុតត្បូងកេតសាណា កាលពីចុងខែកញ្ញាមានតម្លៃសរុបជាង៤១លានដុល្លារ
អាមេរិក។

ខ្យល់ព្យុះកំបុតត្បូងកេតសាណាដែលនាំមកជាមួយនូវភ្លៀង ទឹកជំនន់ បានវាយ
ប្រហារមកលើខេត្តចំនួន១១នៃខេត្តសរុប២៣របស់ប្រទេសកម្ពុជាកាលពីថ្ងៃទី
២៨ខែកញ្ញា ដែលបានបំផ្លាញដំណាំស្រូវចំនួន ២៧.៩៩៣ហិចតា និង សម្លាប់
មនុស្សយ៉ាងតិច៣៥នាក់ ព្រមទាំងផ្ទះសម្បែងច្រើនរាប់រយខ្នងត្រូវបានខូចខាត
និងមនុស្សច្រើនរាប់ម៉ឺននាក់គ្មានទីជម្រក និងខ្វះខាតចំណីអាហារ។

ក្រុមមន្ត្រីមកពីខេត្ត១១ រួមមានខេត្តកំពង់ធំ រតនគីរី ព្រះវិហារ កំពង់ចាម ក្រចេះ
បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប មណ្ឌលគីរី ស្ទឹងត្រែង និងកំពតបាន
របាយការណ៍ពីការខូចខាតនៅកិច្ចប្រជុំអំពីការប៉ាន់ ប្រមាណការខូតខាត និង
តម្រូវការស្តារឡើងវិញដោយគ្រោះមហន្តរាយខ្យល់ព្យុះកេតសាណា និង ទឹក
ជំនន់ ដែលរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃ
សុក្រនេះ។

លោកញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត
រាយបានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត
រាយ នឹងចងក្រងរបាយការណ៍ស្តីពីការខូចខាតនេះ ជូនរដ្ឋាភិបាល ដើម្បីស្វែង
រកជំនួយពីសហគមន៍អន្តរជាតិ។

ធនាគារពិភពលោក និងប្រទេសជប៉ុនថ្មីៗនេះ បានបង្ហាញឆន្ទៈក្នុងការជួយផ្តល់
ជំនួយដល់ការស្តារឡើងវិញនូវការខូចខាត ប៉ុន្តែពួកគេចង់បានរបាយការណ៍
ជាក់លាក់មួយពីរដ្ឋាភិបាល មុននឹងធ្វើការសម្រេចផ្តល់ជំនួយ។

ខេត្តកំពង់ធំដែលជាខេត្តមួយក្នុងចំណោមខេត្តចំនួន១១ បានទទួលរងគ្រោះធ្ងន់
ធ្ងរជាងគេ ដោយស្រូវស្ទូងចំនួន ១៩.៣៨៩ហិចតា ដែលមានតម្លៃទឹកប្រាក់១៧
លានដុល្លារអាមេរិក ត្រូវបានបំផ្លាញ។

លោក សោម សុផាត អភិបាលរងខេត្តកំពង់ធំ បានថ្លែងយ៉ាងដូច្នេះថា "ខ្ញុំមាន
ការព្រួយបារម្ភខ្លាំងណាស់ ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើន
ស្លាប់មនុស្ស២០នាក់ និងរបួស១៤នាក់ រលំផ្ទះទាំងស្រុង១០៩ខ្នង និងស្រូវជិត
២០០.០០០ ហិចតាត្រូវខូចទាំងស្រុង"។

លោក Josef Fullen Bach ប្រធានផ្នែកទទួលបន្ទុកកិច្ចការនយោបាយប្រចាំ
តំបន់អាស៊ីអគ្នេយ៍ បានថ្លែងប្រាប់លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ចវត្ថុនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលអាល្លឺម៉ង់ផ្តល់ទឹកប្រាក់២០០.០០០ €
ស្មើនឹង ២៨០.០០០ ដុល្លារអាមេរិកសម្រាប់ជួយជំនួយជាបន្ទាន់ ដល់ជនរង
គ្រោះដោយខ្យល់ព្យុះកំបុតត្បូងកេតសាណា។

អង្គការ Oxfam បានបញ្ជាក់កាលពីសប្តាហ៍មុនថា គ្រួសារចំនួន ៥.០០០ ឬ
ប្រជាពលរដ្ឋខ្មែរប្រមាណ២០.០០០នាក់ ត្រូវការជំនួយជាបន្ទាន់ បន្ទាប់ពីបាន
ទទួលរងគ្រោះនៃព្យុះកំបុតត្បូងកេតសាណា។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន
សំអន បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាលចុះជួយជនរងគ្រោះដោយសារទឹកជំនន់
និងព្យុះកំបុតត្បូងកេតសាណា។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG