ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាទំនងជាមិនលើកយកបញ្ហា ព្រំដែនក្នុងកិច្ចប្រជុំអាស៊ានទេ


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាទំនងជាមិនលើកយកបញ្ហាព្រំដែនទៅដាក់ក្នុងរបៀបវារៈនៃកិច្ច
ប្រជុំកំពូលអាស៊ានទេ បន្ទាប់ពីប្រទេសថៃសរសេរលិខិតឆ្លើយតបផ្លូវការ។

លោក ហេងរស្មី រាយការណ៍ជូនដូចតទៅ៖

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅថ្ងៃព្រហ-
ស្បតិ៍នេះថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនទំនងជាមិនលើកយកបញ្ហាជម្លោះ
ព្រំដែនទៅដាក់នៅក្នុងរបៀបវារៈកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងប្រារព្ធ
ធ្វើឡើងនៅ ហួរហ៊ីន ប្រទេសថៃ នាចុងខែនេះទេ បន្ទាប់ពីប្រទេសថៃបានធ្វើ
លិខិតសុំទោសជាផ្លូវការនោះ។

កាលពីយប់ថ្ងៃពុធ លោកKasit Piomya រដ្ឋមន្រ្តីក្រសួងការបរទេសថៃបានសរ-
សេរលិខិតជាផ្លូវការមួយច្បាប់ បន្ទាប់ពីកម្ពុជាព្រមានចំៗជាចំហថា នឹងលើក
យកបញ្ហាព្រំដែនទៅដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន។

ក្នុងលិខិតលោក Kasit Piromya ដែលត្រូវបានបកប្រែក្រៅផ្លូវការ បានបញ្ជាក់
ពីឥរិយាបទបកស្រាយដ៏ប៉ិនប្រសប់របស់ថៃថា បទសម្ភាសន៏ ដូចបានចុះផ្សាយ
នៅក្នុងកាសែតបាងកកប៉ុស្តិ៍ តាមប្រព័ន្ធ Internet គឺជាលទ្ធផលនៃការដក
ស្រង់សម្តីខុស ហើយក្រសួងការបរទេសបានចាត់វិធានការរួចហើយ ដើម្បីឲ្យ
កែតម្រូវការស្រង់សម្តីខុសនេះ ។

លោក Kasit Piromya បាននិយាយនៅក្នុងលិខិតនោះទៀតថា បញ្ហាជម្លោះ
ព្រំដែន ដោយយោងទៅលើកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្រ្តីថៃ និងកម្ពុជា
បានឯកភាពគ្នារួចហើយថា បញ្ហាប្រាសាទព្រះវិហារត្រូវបានដោះស្រាយតាម
យន្តការទ្វេភាគីរវាងប្រទេសទាំងពីរ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថា លិខិត
ឆ្លើយតបនេះ កម្ពុជា ទទួលយកបាន ។

លោកបានមានប្រសាសន៍ថា ទំនងជាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងមិន
លើកយកបញ្ហាជម្លោះ ព្រំដែនទៅដាក់ក្នុងកិច្ចប្រជុំកំពូលអាស៊ានទេ ពីព្រោះ
ភាគីថៃបានបញ្ជាក់ជំហររួចហើយថា នឹងដោះស្រាយបញ្ហាព្រំដែនតាមរយៈការ
ចរចាទេ្វភាគី។

" ភ្លាមៗនឹងខ្ញុំគ្រាន់តែគិតថា សម្តេចអាចនឹងមិនលើកទេ។ ក៏ប៉ុន្តែជំហររបស់
សម្តេចយ៉ាងណានោះ យើងអត់ទាន់ដឹងច្បាស់ទេ នៅពេលកិច្ចប្រជុំថ្នាក់កំពូល
នោះ។ នេះជាការឆ្លើយតបជាផ្លូវការរបស់ខាងភាគីថៃ ដែលគេបានលើកឡើង
ថា ជាកំហុសសារព័ត៌មានចុះខុស"។

លោក Kasit Piromya រដ្ឋមន្រ្តីក្រសួងការបរទេសថៃ ត្រូវបានកាសែតក្នុងស្រុក
ថៃចំនួនពីរ គឺ Thai News Agency និងកាសែត Bankok Post បានដកស្រង់
សម្តីមកចុះផ្សាយកាលពីថ្ងៃទី៨ កន្លងទៅនេះថា លោកមានគម្រោងបង្កើតអង្គ
ការអព្យាក្រិតអាស៊ានមួយ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា
និងប្រទេសថៃ។

ប្រទេសកម្ពុជា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានសរសេរលិខិតជាផ្លូវការមួយ
ច្បាប់ជូនរដ្ឋមន្រ្តីក្រសួងការបរទេសថៃ ដោយសម្តែងការស្វាគមន៍ចំពោះគម្រោង
ទាំងនេះ។ ក៏ប៉ុន្តែមួយថ្ងៃក្រោយមក លោក Thani Thonpakdi អ្នកនាំពាក្យរង
ក្រសួងការបរទេសថៃ បាននិយាយនៅក្នុងកាសែត The Nation ថា លោក
Kasit Piromya ពុំបានស្នើសុំឲ្យមានយន្តការអាស៊ានណាមួយ ដើម្បីដោះស្រាយ
ជម្លោះព្រំដែនរវាងថៃ និងកម្ពុជាទេ ។

អស់រយៈពេលជាង១ឆ្នាំមកហើយដែលប្រទេសថៃ និងកម្ពុជាមានបញ្ហាជម្លោះ
ព្រំដែននៅតំបន់ប្រាសាទព្រះវិហារ ដែលមានចំណាស់ ប្រមាណជាង៩០០ឆ្នាំ។
ជម្លោះនេះបានកើតមានឡើងបន្ទាប់ពីអង្គការ UNESCO បានដាក់ប្រាសាទ
ព្រះវិហារទៅជាទ្រព្យសម្បត្តិរបស់បេតិកភណ្ឌពិភពលោក ។

ប្រទេសទាំងពីរធ្លាប់បានធ្វើការប្រយុទ្ឋគ្នាជាច្រើនលើក ដែលបានបណ្តាលឲ្យ
ភាគីទាំងសងខាងស្លាប់ និងរងរបួស ក៏ប៉ុន្តែរហូតមកដល់ពេលនេះ កងទ័ពនៃ
ប្រទេសទាំងពីរនៅតែដាក់ពង្រាយតាមបន្ទាត់ព្រំដែនដ៏ក្រាស់ក្រែលដដែល។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG