ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ ប៉ះពាល់កសិផលកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាកំពុងទទួលផលប៉ះពាល់ផ្ទាល់ពីការកើនឡើងកំដៅពិភពលោក
ដោយក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ សីតុណ្ហភាពមធ្យមរបស់ប្រទេសបាន
កើនជិត១អង្សាសេ។ការទទួលរងឥទ្ធិពលនេះបានជំរុញឱ្យប្រទេសកម្ពុជាត្រៀម
រៀបចំវេទិកាជាតិលើកដំបូងរបស់ខ្លួនស្តីពីការប្រែប្រួលអាកាសធាតុ។

លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីទីក្រុងភ្នំពេញ៖

អ្នកស្រី ផាន់ ជីវ័ន កំពុងស្រោចបន្លែតាមរងស្ពៃរបស់អ្នកស្រីនៅក្នុងស្រុកស្អាង
ខេត្តកណ្តាល ចម្ងាយជាង២០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ កសិករវ័យ២៨ឆ្នាំរូប
នេះ បានត្អូញត្អែរថា ធាតុអាកាសសព្វថ្ងៃប្រែប្រួលមិនទៀងទាត់ ម្តងត្រជាក់
ខ្លាំងម្តងក្តៅខ្លាំង។

“ដូចថាប្រែប្រួលប្លែក បើថា ត្រូវស្រទុំ ស្រទុំភ្លាម ដល់ពេលក្តៅ ក្តៅខ្លាំង។ប្លែក
អាកាសធាតុប្រែប្រួលលឿន”។

អ្នកស្រីបន្តថា ធាតុអាកាសមិនទៀងទាត់នេះបានកំពុងធ្វើឱ្យប៉ះពាល់ដល់ផល
ដំណាំរបស់ស្រី។

“ប្រែប្រួលលឿនអញ្ចឹង ដូចថា យើងធ្វើអត់សូវបានផល ដូចថា អ្នកដាំបន្លែដាំ
អត់សូវបាន។ ដូចថា ភ្លៀងពេកដាំក៏អត់សូវបាន។ តែបើក្តៅពេក ក៏អត់សូវបាន
ដែរ”។

អ្នកស្រីផាន់ ជីវ័នពុំអាចពន្យល់បានទេ ថាតើបាតុភូតធាតុអាកាសប្រែប្រួលនេះ
បណ្តាលមកពីមូលហេតុអ្វីនោះ។ អ្នកស្រីបានគិតថា បាតុភូតនេះអាចបណ្តាល
មកពីឥទ្ធិពលនៃខ្យល់ព្យុះដែលបក់បោកមកពីប្រទេសជិតខាង។

ប៉ុន្តែអ្នកជំនាញខាងអាកាសធាតុពន្យល់ថា ការផ្លាស់ប្តូរភ្លាមនេះជាសញ្ញាណ
មួយនៃការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីការកើនឡើងកំដៅពិភព
លោក។

លោក អ៊ុក ណាវ៉ាន់ ប្រធានក្រុមការងារថ្នាក់ជាតិកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៃ
ការិយាល័យប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថានកម្ពុជា បានមានប្រសាសន៍
ថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបានចាប់ផ្តើមបង្ហាញរូបរាងយ៉ាងច្បាស់
ហើយនៅក្នុងប្រទេសកម្ពុជា។

លោក អ៊ុក ណាវ៉ាន់ ពន្យល់ថា ថ្វីត្បិតតែប្រទេសកម្ពុជាមានរាងសណ្ឋានដូចជា
បាតខ្ទះដែលជាលក្ខណៈអំណោយផលជៀសផុតពីគ្រោះធម្មជាតិកំណាចមួយ
ចំនួនកន្លងមកក៏ដោយក៏កម្ពុជាបានជួបប្រទះហើយនូវឥទ្ធិពលផ្ទាល់នៃការប្រែ
ប្រួលអាកាសធាតុ ដូចជាការកើនឡើងកំដៅខុសធម្មតា ការប្រែប្រួលរបបទឹក
ភ្លៀង និងវត្តមាននៃខ្យល់ព្យុះកេតសាណាដ៏ខ្លាំងក្លានាពេលកន្លងទៅថ្មីៗនេះ
ជាដើម។

"នេះក៏ជាសញ្ញាណមួយបង្ហាញឱ្យឃើញផងដែរថា លក្ខខណ្ឌអំណោយផល
ធម្មជាតិរបស់ប្រទេសកម្ពុជាយើងមិនអាចធនទ្របានតទៅទៀតទេ ទៅនឹងឥទ្ធិ
ពលអាក្រក់នៃការប្រែប្រួលអាកាសធាតុ”។

ការប្រែប្រួលអាកាសធាតុនេះបណ្តាលមកពីសីតុណ្ហភាពសកលលោកកាន់តែ
ក្តៅឡើងៗ ។ លោកអ៊ុក ណាវ៉ាន់នៃការិយាល័យប្រែប្រួសអាកាសធាតុកម្ពុជា
បានមានប្រសាសន៍ថា នៅក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ សីតុណ្ហភាព
មធ្យមនៅក្នុងប្រទេសកម្ពុជាបានកើនឡើង ០,៦ អង្សាសេ ដោយសារតែការ
កើនឡើងកំដៅសកល ។ ហើយលោកថា សីតុណ្ហភាពនេះនឹងបន្តកើនឡើងត
ទៅទៀត។

"ការធ្វើនិទស្សន៍សម្រាប់ថ្ងៃអនាគត បានន័យថា ចាប់ពីសព្វថ្ងៃនេះទៅដល់ថ្ងៃ
ដំណាច់សតវត្សរ៍ទី២១ បានន័យថា ដំណាច់ឆ្នាំ២១០០ហ្នឹង សីតុណ្ហភាពប្រ-
ទេសយើងនឹងកើនពីចន្លោះ ១,៥ ទៅ២,៥ អង្សាសេ"។

ការវាយតម្លៃរបស់ក្រសួងបរិស្ថានកម្ពុជាស្តីពីការប្រែប្រួលអាកាសធាតុក៏បាន
បង្ហាញដែរថា ការកើនឡើងកំដៅសកលក៏អាចបណ្តាលឱ្យមានភ្លៀងធ្លាក់កាន់
តែខ្លាំងឡើង ពោលគឺរបបទឹកភ្លៀងប្រចាំឆ្នាំនៅកម្ពុជានឹងកើនឡើងពីចន្លោះ
៣ទៅ៣៥%ពីស្ថានភាពបច្ចុប្បន្ន ។ តំបន់ដែលងាយរងគ្រោះជាងគេនោះគឺ
តំបន់វាលទំនាបដែលជាតំបន់ដាំដុះផលដំណាំរបស់ប្រទេស។

ដោយចាប់ផ្តើមមើលឃើញពីផលប៉ះពាល់អវិជ្ជមានពីឥទ្ធិពលនៃការប្រែប្រួល
អាកាសធាតុនេះ ប្រទេសកម្ពុជានឹងរៀបចំវេទិកាជាតិលើកទី១របស់ខ្លួនស្តីពី
បញ្ហាការប្រែប្រួលអាកាសធាតុសម្រាប់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃច័ន្ទទី១៩រហូត
ដល់ថ្ងៃទី២១សប្តាហ៍ក្រោយ នៅទីក្រុងភ្នំពេញ។ វេទិកាថ្នាក់ជាតិនោះនឹងជួយ
បង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីឥទ្ធិពលការប្រែប្រួលអាកាសធាតុនិង
រិះរកវិធីសាស្រ្តបញ្ចូលបញ្ហាការប្រែប្រួលអាកាសធាតុនេះទៅក្នុងផែនការអភិ-
វឌ្ឍន៍ជាតិរបស់កម្ពុជា ព្រមទាំងជួយអំពាវនាវឱ្យប្រទេសដែលមានឧស្សាហ-
កម្មជឿនលឿនកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសបន្ថែម
ទៀត។

គេរំពឹងថា មនុស្សចំនួនជាង៧០០នាក់ ដោយរួមទាំងអ្នកឯកទេសខាងការ
ប្រែប្រួលអាកាសធាតុទាំងជាតិ និងអន្តរជាតិ ប្រមាណ៤០នាក់ផង នឹងចូលរួម
នៅក្នុងវេទិកាស្តីពីការប្រែប្រួលអាកាសធាតុនេះ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG