ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនទៅទស្សនកិច្ច ប្រទេសចិន


ដើម្បីស្តាប់ព័ត៌មាននេះ

នាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន បានដឹកនាំគណប្រតិភូមួយក្រុម ទៅ
បំពេញទស្សនកិច្ច នៅប្រទេសចិននៅថ្ងៃព្រហស្បតិ៍។ ក្រុមមន្ដ្រីកម្ពុជារំពឹងថា
កម្ពុជាអាចនឹងទទួលបានកម្ចីហិរញ្ញវត្ថុពី ប្រទេសចិន។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖

នាយករដ្ឋមន្ដ្រីកម្ពុជា លោកហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានចាកចេញទៅ
បំពេញទស្សនកិច្ចការងារ និងចូលរួមសម្ពោធពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយនៅ
ក្នុងខេត្ត ស៊ីឈូនប្រទេសចិន ។ គឺជាដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែល
មន្ដ្រីកម្ពុជាជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបានកម្ចីហិរញ្ញវត្ថុពីប្រទេសចិន
ជាច្រើនសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និង ការតបណ្ដាញអគ្គិសនី ដែល
កម្ពុជាត្រូវការជាចាំបាច់ រួមទាំងការជំរុញការវិនិយោគពីប្រទេសចិនមកកម្ពុជា
ផងដែរ។

លោកស្រ៊ី ថាមរ៉ុង្គ ទីប្រឹក្សាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍
បា្រប់ក្រុមអ្នកយកព័ត៌មាននៅឯព្រលានយន្ដហោះអន្ដរជាតិនាទីក្រុងភ្នំពេញថា
លោកហ៊ុន សែន គ្រោងនឹងចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ពាណិ-
ជ្ជកម្មនៅព្រឹកស្អែកនេះ។ ហើយលោកហ៊ុន សែនក៏នឹងថ្លែងសុន្ទរកថា នៅក្នុង
វេទិកាសហប្រតិបត្តិការអន្ដរជាតិនិងសិក្ខាសាលាសម្រាប់ការវិនិយោគផងដែរ។

លោក ស្រ៊ី ថាមរ៉ុង្គ បញ្ជាក់ថា លោក ហ៊ុន សែន នឹងសាកល្បងទាក់ទាញការ
វិនិយោគពីប្រទេសចិន នៅក្នុងឱកាសទស្សនកិច្ចនេះ។

“តាមរយៈពិព័រណ៍នេះ ហើយនិងជំនួប ខ្ញុំជឿថា សម្ដេចនឹងលើកជាមួយភាគី
ចិនទាំងអ្នកវិនិយោគ ទាំងអីហ្នឹងគឺថា ជំរុញឲ្យមកវិនិយោគនៅស្រុកខ្មែរកាន់
តែច្រើនថែមទៀត ជាពិសេសលើបញ្ហាកសិកម្ម វារីអគ្គិសនី ការបង្កើតរោងចក្រ
ម៉ាស៊ីនកិនស្រូវ កែច្នៃ ដែលជាសក្ដានុពលរបស់យើង "។

សូមបញ្ជាក់ថា ពិព័រណ៍នៅក្នុងខេត្តស៊ីឈូននេះ គឺជាពិព័រណ៍ពាណិជ្ជកម្ម និង
សេដ្ឋកិច្ចយ៉ាងធំរបស់ប្រទេសចិន ដែលមានប្រទេសជាច្រើនចូលរួមក្នុងនោះ
មានបណ្ដាប្រទេសពីអឺរ៉ុប និងអាស៊ីផងដែរ។

ដោយឡែកប្រទេសកម្ពុជានឹងមានការតាំងនូវមុខទំនិញចំនួន ២៨ស្ដង់ ក្នុង
នោះមានផ្នែកកសិឧស្សាហកម្ម ម្ហូបអាហារ ផ្នែកទេសចរណ៍ ធនាគារគ្រឿង
ចម្លាក់និងត្បូងពេជ្រមានតម្លៃជាដើម។

លោកឧបនាយករដ្ឋមន្ដ្រីហោ ណាំហុង រដ្ឋមន្ដ្រីការបរទេស លោកចម ប្រសិទ្ធិ
ទេសរដ្ឋមន្រ្ដី និង ជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោកស៊ុយ សែម រដ្ឋមន្ដ្រី
ក្រសួងឧស្សាហកម្ម បានអមដំណើរទស្សនកិច្ចនេះ។

លោកស្រ៊ី ថាមរ៉ុង្គ ទីប្រឹក្សាលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បញ្ជាក់ថាលោក
នាយករដ្ឋមន្ដ្រីខ្មែរគ្រោងនឹងជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្ដ្រីចិនវេន
ជាបាវ និងជួបជាមួយលោកលូ គីបាវ លេខាធិការគណៈកម្មាធិការបក្សកុម្មុយ
និស្ដខេត្ត ស៊ីឈូន។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា គ្រោងនឹងចុះហត្ថលេខាទទួល
កម្ចីពីប្រទេសចិន សម្រាប់ការកសាងផ្លូវទៅកាន់ស្រុកត្បែងមានជ័យ ខេត្តព្រះ
វិហារ សម្រាប់គម្រោងអភិវឌ្ឈន៍ធារាសាស្រ្ដនៅក្នុងខេត្តបាត់ដំបងនិងសម្រាប់
គម្រោងការពារទឹកជំនន់នៅខេត្តព្រៃវែង និងគម្រោង សាងសង់ខ្សែបណ្ដាញ
ចែកចាយអគ្គិសនី នៅក្នុងទីក្រុងភ្នំពេញ ជាដើម។

លោក យឹម សុវណ្ណ តំណាងរាស្រ្ដ និងជាអ្នកនាំពាក្យគណបក្សជំទាស់រំឭកថា
កម្ពុជាត្រូវតែធ្វើការប្រុងប្រយ័ត្នចំពោះការទាក់ទាញវិនិយោគនិងការទទួលកម្ចី
ពីប្រទេសចិន។

“ទាក់ទាញវិនិយោគទុន ទាក់ទាញលុយកាក់ពីក្រៅប្រទេស ដើម្បីយកមកអភិ-
វឌ្ឈប្រទេស។ ប៉ុន្ដែទន្ទឹម នេះ យើងត្រូវរៀបចំខ្លួនយើង ជាពិសេសគឺវិធានការ
ប្រឆាំងអំពើពុករលួយ ដែលជាបញ្ហាដ៏ធំរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ។ ហើយ
យើងក៏ត្រូវពិនិត្យមើលកុំឲ្យប៉ះពាល់ដល់បរិដ្ឋាន ដើម្បីធ្វើម៉េចឲ្យប្រជាពលរដ្ឋ
ចូលរួមចំណែកនៅក្នុងការទទួលបានចំណេញពីការអភិវឌ្ឈនោះផងដែរ"។

ប្រទេសកម្ពុជាជាប់ចំណងមិត្តភាពជាមួយប្រទេសចិនដ៏យូរលង់មកហើយ ។
ក្រុងប៉េកាំងបានផ្ដល់ជំនួយជាច្រើន រយៈពេលចុងក្រោយនេះ ដល់ប្រទេស
កម្ពុជាដោយរាប់ទាំងជំនួយផ្នែកយោធាផងដែរ ។ លោក ហ៊ុន សែន កាលពី
ខែកញ្ញាកន្លងទៅ បានកោតសរសើរចំណងមិត្តភាពជាមួយប្រទេសចិន ជា
ខ្លាំង។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG