ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភាលើកពេលពិភាក្សា ច្បាប់បាតុកម្ម


រដ្ឋសភាបានលើកពេលជជែកពិភាក្សាដេញដោលគ្នាអំពីច្បាប់បាតុកម្មថ្មីមួយ
ដែលក្រុមអ្នករិះគន់ បានទាមទារឱ្យមានការធ្វើវិសោធនកម្មមាត្រាមិនច្បាស់
លាស់មួយចំនួន។

លោកជន សក្តា សូមជូនព័ត៌មានពិស្តារដូចតទៅ៖

គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលបានទទូចដល់រដ្ឋសភាឱ្យធ្វើវិសោធន
កម្មមាត្រាមួយចំនួននៅក្នុងច្បាប់បាតុកម្មថ្មី ដែលជាឧបសគ្គដល់សេរីភាពនៃ
ការបញ្ចេញមតិជាមូលដាន ខណៈដែលរដ្ឋសភាបានផ្អាកការជជែកដេញដោល
គ្នាលើច្បាប់បាតុកម្មថ្មីនៅថ្ងៃព្រហស្បតិ៍នេះ។

ច្បាប់បាតុកម្មថ្មីនេះត្រូវបានលើកពេលពិភាក្សាគ្នា បន្ទាប់ពីរដ្ឋសភាទើបតែបាន
ចាប់ផ្តើមពិភាក្សាគ្នាលើមាត្រា២ កាលពីថ្ងៃពុធ។

ការលើកពេលនេះបានធ្វើឡើងដោយសារសេចក្តីព្រាងច្បាប់ចំនួន៤ ត្រូវផ្តល់
សច្ចាប័នជាបន្ទាន់សម្រាប់ដាក់ឱ្យទាន់មុនកិច្ចប្រជុំកំពូលអាស៊ាននៅហួហ៊ីន
ប្រទេសថៃនៅទី ២៣-២៥ ខាងមុខនេះ។

គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាល បាន
សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីចំនួនមាត្រាយ៉ាងតិច៦ ដែលបង្កភាពស្មុគ
ស្មាញ និង ឧបសគ្គដល់ការរឹតត្បិតសេរីភាពនៃការធ្វើបាតុកម្មជាមូលដ្ឋាន។

សេចក្តីព្រាងច្បាប់បាតុកម្មថ្មីនេះ បានចែងយ៉ាងច្បាស់លាស់ថា ការធ្វើបាតុកម្ម
មិនត្រូវបានអនុញ្ញាតទេ បើអាជ្ញាធរមានព័ត៌មានច្បាស់ថា ការធ្វើបាតុកម្មនេះ
នឹងអាចបង្កគ្រោះថ្នាក់ណាមួយ ឬ នឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ
សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានស្នើឱ្យថែមមាត្រាមួយដើម្បី
ផ្តល់និយមន័យឱ្យច្បាស់លាស់នៃពាក្យប៉ះពាល់ដល់កត្តិយសបុគ្គល សណ្តាប់
ធ្នាប់សាធារណៈនិងសន្តិសុខជាតិ ពីព្រោះចំណុចទាំងនេះគឺជាលេសដ៏សំខាន់
របស់អាជ្ញាធរក្នុងការមិនអនុញ្ញាតឱ្យធ្វើបាតុកម្ម។

"ខ្ញុំសូមអំពាវនាវទៅរដ្ឋាភិបាលនិងគណៈកម្មការរបស់រដ្ឋសភា មេត្តាពិនិត្យឡើង
វិញ ដើម្បីធ្វើការពន្យល់ជានិយមន័យឱ្យច្បាស់ក្នុងច្បាប់នេះនូវពាក្យពេជន៍មួយ
ចំនួន ដូចជាប៉ះពាល់ដល់កិត្តិយសបុគ្គល សណ្តាប់ធ្នាប់សាធារណៈ និងសន្តិ
សុខជាតិជាដើម។ ការធ្វើបាតុកម្មនឹងរិះគន់ពួកមន្ត្រីពុករលួយ។ ការដង្ហែរក្បួន
បាតុកម្មនឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ"។

ច្បាប់បាតុកម្មថ្មីនេះបានតម្រូវឱ្យកំណត់ចំនួនអ្នកចូលរួមធ្វើបាតុកម្មយ៉ាងច្រើន
បំផុតត្រឹម ២០០នាក់ និងប្រាប់ជាមុននូវចំនួនអ្នកចូលរួម និង យានជំនិះតាម
ប្រភេទនីមួយៗនៅក្នុងការដង្ហែរក្បួនបាតុកម្ម និងការអនុញ្ញាត ឬ មិនអនុញ្ញាត
ឱ្យធ្វើបាតុកម្មរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងរយៈពេល២៤ម៉ោង មុនពេល
កំណត់នៃការធ្វើបាតុកម្ម។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្សី បានថ្លែងថា យើងចង់ឱ្យ
មានការធ្វើវិសោធនកម្មលើមាត្រាចំនួន៦នៃមាត្រា៣០ដែលខ្លឹមសារសំខាន់បំផុត
មានការរឹតត្បិត និងជាឧបសគ្គដល់សេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំ
ដែលធានាដោយរដ្ឋធម្មនុញ្ញ។

"យើងទាមទារឱ្យមានការកែសម្រួលមាត្រាចំនួន៦ទៀត ដើម្បីកុំឱ្យមន្ត្រីអនុវត្តន៍
ច្បាប់យកលេសហាមឃាត់ និង មានការរឹតត្បិតជាឧបសគ្គធ្វើឱ្យប្រជាពលរដ្ឋ
មិនមានឱកាសទៅធ្វើការសម្តែងមតិទៅវិញ"។

លោកស្រី ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សLicadhoសង្ឃឹមថា ច្បាប់
បាតុកម្មនេះ នឹងមានការកែប្រែចំណុចអវិជ្ជមាននេះ។

"យើងមានការព្រួយបារម្ភអំពីច្បាប់បាតុកម្មនេះ ។ ខ្ញុំចង់ឃើញពង្រាងច្បាប់
សម្រាប់បាតុកម្មនេះ ឱ្យមានសេរីភាពតាមខ្នាតអន្តរជាតិ ពីព្រោះរដ្ឋាភិបាល
កម្ពុជា បានផ្តល់សច្ចាប័នលើកតិកាសញ្ញាស្តីពីសិទ្ធិប្រជាពលរដ្ឋ និង សិទ្ធិ
នយោបាយ"។

លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភាខាងគណបក្ស
ប្រជាជនកម្ពុជាបានបញ្ជាក់ថា ច្បាប់នេះមានអត្ថន័យគ្រប់គ្រាន់និងទាន់សម័យ
ហើយច្បាប់នេះមិនបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងការគាបសង្កត់ទេ។

"អ្នកទាំងនោះចង់ឱ្យមានអត្ថន័យច្បាស់ស្តីអំពីសណ្តាប់ធ្នាប់សាធារណៈ និង
សន្តិសុខជាតិ ព្រមទាំងចង់មិនឱ្យកម្រិតចំនួនអ្នកធ្វើបាតុកម្ម ។ បើច្បាប់មិន
កំណត់ចំនួនអ្នកធ្វើបាតុកម្មទេ វាមិនកើតទេ ។ ច្បាប់ត្រូវតែកំណត់ឱ្យបាន
ច្បាស់លាស់"។

ច្បាប់បាតុកម្មថ្មី ដែលមាន៣០មាត្រា បានរៀបចំឡើងតាំងពីឆ្នាំ២០០៥ ដើម្បី
ជំនួសច្បាប់បាតុកម្មឆ្នាំ១៩៩១ ដែលមិនអាចឆ្លើយតបនឹងការរីកចម្រើននៃលទ្ធិ
ប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ននេះបាន។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG