ដើម្បីស្តាប់ព័ត៌មាននេះ
សាលាឧទ្ធរណ៍បានទាត់ចោលបណ្ដឹងសារទុក្ខរបស់តំណាងរាស្ដ្រគណបក្សជំ-
ទាស់មួយរូប ដែលប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ មន្រ្ដីសង្គមស៊ីវិល
និយាយថា នេះមិនមែនជាការ សម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ។
លោក គង់ សុឋានរិទ្ធ រាយការណ៍លម្អិតពីទីក្រុងភ្នំពេញ ដូចតទៅ៖
សាលាឧទ្ធរណ៍របស់ប្រទេសកម្ពុជា បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់
តុលាការក្រុងភ្នំពេញ ដោយមិនចាត់ការលើបណ្ដឹងរបស់លោកស្រីមួរ សុខហួរ
ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននោះទេ។ សេចក្ដីសម្រេចនេះ ដែល
បង្ខំឲ្យតំណាងរាស្ដ្រគណបក្សសម រង្ស៊ី រូបនេះ បោះបង់ចោលនៅការតស៊ូតាម
ផ្លូវតុលាការតទៅទៀត។
លោកស្រី មួរ សុខហួរ បានប្ដឹងលោកហ៊ុន សែន ពីបទបរិហារកេរ្តិ៍និងជេរប្រ-
មាថទៅកាន់តុលាការក្រុងភ្នំពេញ កាលពីចុងខែមេសា ក៏ប៉ុន្ដែតុលាការសាលា
ដំបូងបានច្រានចោលបណ្ដឹងនោះ ដោយមិនព្រមចាត់ការ ។
ក្នុងសេចក្ដីជូនដំណឹងដល់លោកស្រីមូរ សុខហួរ កាលពីថ្ងៃច័ន្ទ ប៉ុន្ដែបានធ្លាក់
ដល់ដៃបណ្ដាញផ្សព្វផ្សាយនៅថ្ងៃពុធនេះ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា
នៃតុលាការសាលាឧទ្ធរណ៍ចាត់ទុកថា ការសម្រេចរបស់តុលាការសាលាដំបូង
ត្រឹមត្រូវតាមអង្គហេតុនិងត្រឹមត្រូវតាមគតិច្បាប់ ដោយមិនចាំបាច់ឱ្យមានការ
សាកសួរដេញដោលលោកហ៊ុន សែន ជាថ្មីម្ដងទៀតនោះទេ។
លោកស្រីមួរ សុខហួរ មានប្រសាសន៏ថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះ
មិនយុត្តិធម៌សម្រាប់លោកស្រីទេ។
“បង្ហាញឲ្យឃើញច្បាស់ណាស់ថា ជញ្ជីងយុត្តិធម៌នៅប្រទេសកម្ពុជានេះ គ្មាន
ស្មើភាពគ្នាទេ។ ភាពស្មើគ្នានៅចំពោះមុខច្បាប់នេះ មានតែជាទ្រឹស្ដីទេ ។ បាត់
បង់នូវអព្យាក្រិត និង ឯករាជ្យភាពនៃចៅក្រមនេះគឺការគ្រោះថ្នាក់ដល់ប្រទេស
ជាតិធ្ងន់ណាស់។ មានន័យថា ខ្ញុំទៅកំពូលក៏អត់បានដែរគឺចប់តែម្ដង "។
យ៉ាងណាក៏ដោយ លោក គី តិច មេធាវីតំណាងឲ្យលោកហ៊ុន សែន បានអបអរ
សាទរការសម្រេចនេះ។
“ប្រហែលជាសាលាដំបូងគាត់សម្រេចសេចក្ដីហ្នឹងត្រឹមត្រូវ អញ្ចឹងហើយបាន
សាលាឧទ្ធរណ៍ សម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូង "។
សូមរំឭកថា លោកស្រី មួរ សុខហួរ បានប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ដ្រីខ្មែរ
ពីបទបរិហារកេរ្តិ៍ និង ជេរប្រមាថ បន្ទាប់ពីលោកហ៊ុន សែន បានរិះគន់លោក
ស្រី ដោយមិនប្រើឈ្មោះចំៗទាក់ទងនឹងព្រឹត្តិការណ៍ក្នុងអំឡុងពេលឃោសនា
បោះឆ្នោត ខែកក្កដា ឆ្នាំ ២០០៨។ ប៉ុន្ដែតុលាការមិនចាត់វិធានការលើបណ្ដឹង
នេះទេ។
ក្រោយមកលោក ហ៊ុន សែន បានប្ដឹងប្រឆាំងលោកស្រីមួរ សុខហួរ វិញពីបទ
ដូចគ្នានេះ ហើយលោកស្រី មួរ សុខហួរ ត្រូវដកអភ័យឯកសិទ្ធិតំណាងរាស្ដ្រ
ដើម្បីបើកផ្លូវឲ្យតុលាការចាត់ការតាម ផ្លូវច្បាប់។
កាលពីថ្ងៃទី៤ខែសីហា តុលាការភ្នំពេញបានសម្រេចឱ្យលោកស្រីមូរ សុខហួរ
ចាញ់ក្ដីលោកហ៊ុន សែន និង បានបង្គាប់ឲ្យលោកស្រីបង់ប្រាក់ពិន័យចំនួន
៤.០០០ដុល្លារអាមេរិក។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ មានប្រសា-
សន៍ដោយមិនមានការភ្ញាក់ផ្អើលចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍
នេះ ។ ប៉ុន្ដែសម្រាប់លោកស្រី សេចក្ដីសម្រេចនេះបាននាំឲ្យមានកង្វល់ដាក់
សម្ពាធដល់តំណាងរាស្រ្ដជំទាស់។
“សេចក្ដីសម្រេចហ្នឹង យើង អត់មានការងឿងឆ្ងល់អីទេ។ អាហ្នឹងជាការព្រួយ
បារម្ភ "។
សូមបញ្ជាក់ថា មានតំណាងរាស្ដ្រគណបក្សជំទាស់ចំនួន២ រូបជាប់បណ្ដឹងពី
មន្ដ្រីដឹកនាំរដ្ឋាភិបាល ក៏ប៉ុន្ដែតំណាងរាស្ដ្រមួយរូបក្នុងចំណោមនោះ គឺលោក
ហូ វ៉ាន់ ដែលជាប់ចោទពីបទបរិហារកេរ្តិ៍មន្ត្រីយោធាជាន់ខ្ពស់ចំនួន២២រូបត្រូវ
លើកលែងការចោទប្រកាន់មកវិញ ។ ដោយឡែកនិពន្ធនាយកកាសែតខ្មែរ
ម្ចាស់ស្រុក លោក ហង្ស ចក្រា លំអៀងទៅរកគណបក្សប្រឆាំង កំពុងជាប់
ពន្ធនាគារ ក្រោមបណ្ដឹងរបស់លោក ឧបនាយករដ្ឋមន្ដ្រីសុខ អាន។
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕