ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាលើកបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ អាស៊ាន បើថៃមិនឆ្លើយតបជាផ្លូវការ


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាព្រមានប្រទេសថៃថា កម្ពុជានឹងលើកយកបញ្ហាព្រំដែនទៅដាក់
ក្នុងកិច្ចប្រជុំអាស៊ាន។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖

ប្រទេសកម្ពុជា នៅថ្ងៃពុធនេះ បានព្រមានជាចំហ ចំៗថា នឹងលើកយកបញ្ហា
ព្រំដែនទៅនិយាយ ដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្ត
ទៅនៅហួរ ហ៊ីន ប្រទេសថៃ នាចុងខែតុលាខាងមុខនេះ ប្រសិនបើប្រទេសថៃ
ពុំបានឆ្លើយតបទៅនឹងលិខិតជាផ្លូវការរបស់ខ្លួននោះទេ ។

កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសកម្ពុជា បានផ្ញើរលិខិតជាផ្លូវការមួយច្បាប់ទៅ
កាន់ក្រសួងការបរទេសថៃ ដោយបានថ្លែងស្វាគមន៍គម្រោងបង្កើតអង្គការអព្យា
ក្រិតអាស៊ានមួយ ដើម្បីដោះស្រាយជម្លោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និង
ប្រទេសថៃ។ក៏ប៉ុន្តែមួយថ្ងៃក្រោយមក លោកThani Thonpakdi អ្នកនាំពាក្យរង
ក្រសួងការបរទេសថៃ បានថ្លែងប្រាប់កាសែត The Nation របស់ថៃ ថា លោក
រដ្ឋមន្រ្តីការបរទេសថៃ Kasit Piromya ពុំបានស្នើឲ្យមានយន្តការអាស៊ានណា
មួយ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងថៃ និងកម្ពុជាទេ ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បាន
ថ្លែងប្រាប់ក្នុងអង្គសន្និសីទកាសែតនៅថ្ងៃនេះថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូរជំហរ និងទស្សនៈរបស់ថៃភ្លាមៗបែបនេះ។

លោក ហោ ណាំហុង បានមានប្រសាសន៍ថា ប្រសិនណាបើប្រទេសថៃពុំឆ្លើយ
តបជាផ្លូវការចំពោះលិខិតរបស់ក្រសួងការបរទេសកម្ពុជាទេ នោះលោកនាយក
រដ្ឋមន្រ្តីហ៊ុន សែននឹងលើកយកបញ្ហានេះទៅនិយាយក្នុងកិច្ចប្រជុំកំពូលអាស៊ាន
តែម្តង។

"បញ្ហាព្រំដែនជាបញ្ហាសំខាន់។ យើងមិនអាចដោះស្រាយតាមរយៈអ្នកនាំពាក្យ
បានទេ មិនអាចដោះស្រាយ តាមសារព័ត៌មានបានទេ។ ឥឡូវនេះ ស្ថិតនៅក្នុង
សភាពការណ៍ហ្នឹង ដោយអត់មានការឆ្លើយតបពីប្រទេសថៃចំពោះលិខិតរបស់
ខ្ញុំ សម្តេចតេជោ ហ៊ុន សែន អាចលើកយកបញ្ហានេះ នៅការប្រជុំកំពូលអាស៊ាន
នៅ ថ្ងៃមុខនេះ"។

លោក ហោ ណាំហុង បានបញ្ជាក់ទៀតថា លោកពុំអាចប្រាប់ជាមុនទេថា តើ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននឹងលើកយកបញ្ហាអ្វីខ្លះទៅនិយាយនោះ។

មន្រ្តីស្ថានទូតថៃប្រចាំនៅប្រទេសកម្ពុជាពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ
នៅថ្ងៃនេះ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកPanitan Watanayagorn អគ្គលេខាធិការរងរបស់នាយករដ្ឋមន្រ្តីថៃសម្រាប់កិច្ចកិច្ចការនយោបាយ និងជា
អ្នកនាំពាក្យស្តីទីរបស់រដ្ឋាភិបាលថៃ បានថ្លែងប្រាប់VOAសម្លេងសហរដ្ឋអាមេរិក
តាមរយៈទូរស័ព្ទពីក្រុងបាងកកមកថា ក្រសួងការបរទេសថៃនឹងឆ្លើយតបលិខិត
ជាផ្លូវការមកក្រសួងការ បរទេសកម្ពុជាវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ។

លោកPanitanបានបញ្ជាក់ទៀតថា ជំហររបស់ថៃចង់ដោះស្រាយបញ្ហាព្រំដែន
តាមរយៈការចរចាទ្វេភាគីជាជាងលើកយកបញ្ហានេះដាក់នៅក្នុងកិច្ចប្រជុំកំពូល
អាស៊ាន។

"ប្រទេសថៃនិងប្រទេសកម្ពុជាគួរតែអង្គុយចុះ ហើយជជែកគ្នា ដោយយោងទៅ
លើកិច្ចព្រមព្រៀង ដែលយើងនឹងអនុវត្តទៅតាមអនុស្សរណៈនៃការយោគយល់
គ្នា"។

ប្រទេសថៃ និង ប្រទេសកម្ពុជា មានជម្លោះបញ្ហាព្រំដែននៅតំបន់ប្រាសាទព្រះ
វិហារដែលមានវ័យ ចំណាស់ប្រមាណជាង៩០០ឆ្នាំ អស់រយៈពេលជាង១ឆ្នាំមក
ហើយ ក៏ប៉ុន្តែភាគីទាំងពីរបានសច្ចាថា នឹងដោះស្រាយបញ្ហាព្រំដែននេះតាម
រយៈការចរចាទ្វេភាគី និងទៅតាមយន្តការដែលមានស្រាប់។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG