ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការខ្ចីបុលក្រៅស្ថាប័នធនាគារមាន សន្ទុះយ៉ាងខ្លាំងនៅកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

បើទោះជាការខ្ចីបុលតាមស្ថាប័នធនាគារ និង គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុមានសន្ទុះ
រីកចម្រើនយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ក៏ប៉ុន្តែការស្វះស្វែងរកខ្ចីប្រាក់ក្រៅប្រព័ន្ធ
ធនាគារក៏នៅតែមានការពេញនិយម ដដែលក្នុងចំណោមប្រជាជនខ្មែរ។

នាង រស់ សុធា សូមជូនសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ៖

ការស្វះស្វែងខ្ចីបុលប្រាក់ក្រៅផ្លូវការពោល គឺ ការចងការប្រាក់ក្នុងចំណោមអ្នក
ស្គាល់គ្នា ដោយមិនឆ្លងកាត់ប្រព័ន្ធធនាគារ និងមិនឆ្លងកាត់គ្រឹះស្ថានមីក្រូហិរញ្ញ
វត្ថុ នៅតែមានច្រើនបំផុតក្នុងស្រទាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ននេះ បើទោះ
ជាស្ថាប័នហិរញ្ញវត្ថុធំៗ បានស្រូបយកអតិថិជនកាន់តែច្រើនឡើងពីមួយឆ្នាំទៅ
មួយឆ្នាំយ៉ាងណាក្តី។នេះបើយោងទៅតាមលោកផ្លុង ពិសិដ្ឋដែលទើបបញ្ចប់ការ
ស្រាវជ្រាវទៅលើប្រព័ន្ធឥណទានបែបប្រពៃណីក្នុងប្រទេសកម្ពុជា ដើម្បីបំពេញ
និក្ខេបបទបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Northern Illinois របស់សហ
រដ្ឋអាមេរិក។

លោកផ្លុង ពិសិដ្ឋ បានផ្តោតការសិក្សាទៅលើភូមិចំនួន ៣នៃស្រុកកោះធំ ខេត្ត
កណា្តល ដែលប្រមូលផ្តុំដោយការស្វែងរកប្រាក់កម្ចីក្រៅផ្លូវការច្រើនបំផុតក្នុង
ប្រទេសកម្ពុជា។

ការស្រាវជ្រាវនេះបានបង្ហាញថា នៅពេលមានតម្រូវការសាច់ប្រាក់បន្ទាន់ដើម្បី
ទម្លាយភាពទ័លចក្រក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាន មួយគ្រាៗ ប្រជាជនខ្មែរ
តែងរត់រកប្រព័ន្ធឥណទានក្រៅផ្លូវការ រួមមានបណ្តាក់ ឆក់ និង ចងការប្រាក់
ជាដើមពីអ្នកមានទ្រព្យច្រើននៅក្នុងតំបន់ដែលពួកគេរស់នៅ។ ការខ្ចីបុលនោះ
ភាគច្រើនធ្វើឡើងដោយមាត់ទទេ ឬគ្មានកិច្ចសន្យាខ្ចីប្រាក់អ្វីនោះទេ។ គឺវាពឹង
ផ្អែកទៅលើការស្គាល់ ការមានទំនាក់ទំនងនិងការទុកចិត្តគ្នារវាងកូនបំណុល
និងម្ចាស់បំណុល ដែលអាចបំពេញការខ្វះខាតបានឆាប់រហ័ស។ខុសពីប្រព័ន្ធ
ហិរញ្ញវត្ថុផ្លូវការ រួមមានធនាគារនិងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុដែលត្រូវការពេល
វេលាយូរ ហើយតម្រូវឲ្យមានលិខិតស្នាមច្បាស់លាស់ អមទៅដោយវត្ថុបញ្ជាំ
ផ្សេងៗដូចជាអចលនទ្រព្យជាដើមនោះ។

លោក ផ្លុង ពិសិទ្ធិបាននិយាយថា ឥណទានមិនផ្លូវការនេះនៅតែពេញនិយម
បំផុតក្នុងសង្គមកម្ពុជានៅពេលបច្វុប្បន្ន។

“ ប្រព័ន្ធឥណទានបែបប្រពៃណី ដែលមានដូច ជឿ ខ្ចី បណ្តាក់ ចងការប្រាក់ឬ
ក៏បញ្ចាំ វាមានលក្ខណៈសកម្មមែនទែនក្នុងសង្គមខ្មែរបច្ចុប្បន្ន ដោយសារគ្នា
ត្រូវការលុយបន្ទាន់ អីចឹង គាត់អត់អាចរត់ទៅរកពីធនាគារ ឬក៏គ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុភ្លាមៗបានទេ។ អីចឹងអ្នកដែលគាត់សំដៅទៅដំបូងគេគឺរកអ្នកចងការ
ប្រាក់”។

គួរកត់សម្គាល់ថា ការខ្ចីបុលពីគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជនដូចគ្នាបាន
កើតមានជាយូរយារណាស់មកហើយក្នុងសង្គមខ្មែរ ។ ប្រជាជនខ្មែរជាច្រើនរួម
បញ្ចូលទាំងអ្នកនេសាទ កសិករនិងឈ្មួញជួញដូរ បានប្រើវិធីចងការប្រាក់នេះ
យកទៅបង្កើតមុខរបរ ចិញ្ចឹមជីវិត និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ពួក
គេជាដើម។

អ្នកស្រី ជុំ គឹមសូវ កសិករខេត្តបាត់ដំបង បានប្រាប់ VOA តាមទូរស័ព្ទថា ក្នុង
ជីវិតជាកសិករ អ្នកស្រីតែងប្រើប្រាក់កម្ចីរបស់អ្នកស្គាល់គ្នា ដែលពេលខ្លះមាន
ចំនួនច្រើនរហូតដល់រាប់ម៉ឺនដុល្លារ ។ ហើយអ្នកស្រីមិនដែលនឹកគិតថា ចង់ខ្ចី
ប្រាក់ពីស្ថាប័នហិរញ្ញវត្ថុម្តងណាឡើយ ត្បិតវាប្រកបដោយភាពស្មុគស្មាញ។

“យើងទៅរកធនាគារ បើតាមមើលអ្នកស្រុកទៅ វាពិបាក ។ ភូមិឃុំស៊ីញ៉េអស់
លុយអស់កាក់ ហើយថតរូប អ្ហូ ប៉ុន្មានសន្លឹក ដាក់នេះ ដាក់នោះ រញ៉េរញ៉ៃ
ណាស់។ បើនាយទុនគ្នាឯង យើងដឹងចិត្តគ្នា ខ្ចីតែគ្នាឯង”។

ដូចគ្នានេះដែរ លោកដួង ចំរើន អ្នកនេសាទនៅភូមិឃ្លាំងខាងលិចនៃស្រុកកោះ
ធំខេត្តកណ្តាល បាននិយាយថា បើទោះជាលោកជាអតិថិជនខ្ចីប្រាក់ម្នាក់របស់
ធនាគារ ប៉ុន្តែការខ្ចីបុលក្រៅផ្លូវការនៅតែមានសារៈសំខាន់ក្នុងជីវភាពរស់នៅ
របស់លោកព្រោះវាអាចបំពេញតម្រូវការបានភ្លាមៗ។

ទោះយ៉ាងណា អ្នកសេដ្ឋកិច្ចនិយាយថា ការខ្ចីបុលក្រៅផ្លូវការនេះមិនបានផ្តល់
ផលចំណេញដល់សេដ្ឋកិច្ចបានយូរអង្វែងឡើយ។ ផ្ទុយទៅវិញ វាជាគ្រោះថ្នាក់
ធំមួយរបស់កូនបំណុល ដោយសារអត្រាការប្រាក់ខ្ពស់កប់ពពក ។ ជាទូទៅ
អត្រាការប្រាក់កម្ចីក្រៅផ្លូវការស្ថិតក្នុងចន្លោះពី៥% ទៅ១០%ក្នុងមួយខែ ខណៈ
ដែលស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការយកអត្រាការប្រាក់កម្ចី
ប្រមាណ ២,៥%ទៅ៣%ក្នុងមួយខែ។

លោក លឹម សុវណ្ណរ៉ា អ្នកសេដ្ឋកិច្ចនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ
(UNDP) បានថ្លែងថា ការស្វែងរកប្រាក់កម្ចីមិនផ្លូវការអាចធ្វើឲ្យម្ចាស់បំណុល
ងាយនឹងបង់ខាតដោយសារគ្មានវត្ថុតាង ឬ ឯកសារអំណះអំណាងគ្រប់គ្រាន់។
ហើយអ្នកខ្ចីទៀតសោតអាចនឹងធ្លាក់ខ្លួនដុនដាបកាន់តែធ្ងន់ធ្ងរ ដោយសារតែ
អត្រាការប្រាក់ខ្ពស់។ បើទោះជាបែបនេះក្តី លោកសុវណ្ណារ៉ា និយាយថា ប្រជា-
ជននៅតែប្រកាន់ខ្ជាប់ទម្លាប់ខ្ចីប្រាក់ពីគ្នាឯង ត្បិតពួកគេមានការយល់ដឹងតិច
តួច និង គ្មានជំនឿលើស្ថាប័នហិរញ្ញវត្ថុ។

ទន្ទឹមនឹងនោះ លោកផ្លុង ពិសិទ្ធ បានអះអាងថា ការខ្ចីបុលបែបមិនផ្លូវការនេះ
មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះភាពទ័លច្រករបស់ប្រ-
ជាជនខ្មែរប៉ុណ្ណោះទេ តែថែមទាំងជាមូលដ្ឋានទ្រទ្រង់ដំណើរការឥណទានរបស់
សា្ថប័នហិរញ្ញវត្ថុទៀតផង។ ពោលគឺ នៅពេលដែលអ្នកខ្ចីប្រាក់ពីប្រព័ន្ធផ្លូវការ
ដូចជាធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអាចប្រមូលប្រាក់សងត្រឡប់
ទាន់ពេលវេលា ពួកគេអាចរត់រកខ្ចីប្រាក់ពីប្រព័ន្ធមិនផ្លូវការ ជាបន្ទាន់ ដើម្បី
បញ្ចៀសការបាត់បង់ទ្រព្យសម្បតិ្តដែលជារបស់បញ្ចាំ។

លោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា ក៏យល់ស្របដូច គ្នា
នេះដែរប៉ុន្តែលោកនិយាយថា មានតែប្រព័ន្ធឥណទានក្នុងប្រព័ន្ធផ្លូវការប៉ុណ្ណោះ
ដែលអាចជួយអភិវឌ្ឍសេដ្ឋកិច្ចយូរអង្វែង។

“ក្រៅប្រព័ន្ធនេះគឺសំខាន់ដែរ ក្នុងល្គិកណាដែលប្រព័ន្ធផ្លូវការយើងនៅមិនបាន
ទូលំទូលាយ នៅមិនទាន់មានភាពបត់បែន អាចបម្រើឲ្យតម្រូវការផ្សេងៗបាន។
ប៉ុន្តែ បើនិយាយពីការអភិវឌ្ឍសម្រាប់សេដ្ឋកិច្ចវែងឆ្ងាយគឺមានតែប្រព័ន្ធផ្លូវការ
ទេដែលអាចជួយទៅបាន”។

លោកស្រី តាល់ ណៃអ៊ីម អគ្គនាយកធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា
លោកស្រីមិនអាចក្តាប់បាននូវតួលេខអ្នកប្រើប្រាស់ប្រាក់កម្ចីក្រៅផ្លូវការនោះទេ
ប៉ុន្តែអ្នកស្រីអះអាងថា ចំនួនអ្នកខ្ចីរបៀបនេះបានថយចុះជាលំដាប់ នៅពេល
ដែលអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុកើនឡើងជាប់ជាប្រចាំនោះ។

កម្ពុជាមានស្ថាប័នធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបជាង៥០ ។ ប៉ុន្តែ
មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ ដែលប្រជាជនតាមទីជនបទដាច់ស្រ-
យាលអាចស្វែងរកសេវាកម្មផ្តល់ប្រាក់កម្ចីបានទូលំទូលាយ។ យោងតាមរបាយ
ការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា រហូតដល់ឆ្នាំ២០០៨ ចំនួន
អ្នកខ្ចីប្រាក់តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន៨៥ម៉ឺននាក់។ ហើយបើយោង
តាមគេហទំព័ររបស់មជ្ឈមណ្ឌលអាស៊ី ដើម្បីសេវាកម្មមីក្រូហិរញ្ញវត្ថុបានឲ្យដឹង
ថា កាលពីឆ្នាំ១៩៩៤ ចំនួនអ្នកខ្ចីប្រាក់តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
មានចំនួនត្រឹមតែ៤៤.០០០នាក់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក រស់ ស៊ីលវ៉ា អគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បាននិយាយថា ចំនួនអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុនៅតិចតួច
នៅឡើយ ដែលមួយផ្នែកបានបង្ហាញថា ចំនួនអ្នកខ្ចីមិនផ្លូវការនៅមានទំហំធំ។
ដូច្នេះ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបន្តពង្រឹងគោលការណ៍បន្ទាបអត្រាប្រាក់
កម្ចីតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្ថែមទៀត និងលើកទឹកចិត្តឲ្យប្រជាជនងាក
មកប្រើប្រាស់ប្រាក់កម្ចីក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការវិញ។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ រស់ សុធា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG