ដើម្បីស្តាប់ព័ត៌មាននេះ
មន្ត្រីការទូតថៃបានបដិសេធថា ភាគីថៃមិនបានស្នើឱ្យអាស៊ានចូលពាក់ព័ន្ធនៅ
ក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃនោះទេ។ ការបដិសេធនេះបានធ្វើឡើងមួយ
ថ្ងៃក្រោយពេលដែលកម្ពុជាថ្លែងស្វាគមន៍ការបង្កើតយន្តការអាស៊ានដើម្បីដោះ
ស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ។
លោក ពេជ្រ សំណាង រាយកាណ៍ពិស្តារអំពីរឿងនេះពីទីក្រុងភ្នំពេញ៖
លោក ថានី ថុងប៉ាក់ឌី (Thani Thongpakdi) អ្នកនាំពាក្យរងរបស់ក្រសួងការ
បរទេសថៃបានថ្លែងតាមរយៈកាសែតThe Nationរបស់ថៃ នៅថ្ងៃអង្គារនេះថា
រដ្ឋមន្ត្រីការបរទេសថៃ លោក Kasit Piromya ពុំដែលស្នើឱ្យមានយន្តការអា-
ស៊ានណាមួយដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃនោះទេ។
ការថ្លែងបដិសេធរបស់ក្រសួងការបរទេសថៃនេះបានធ្វើឡើងក្រោយពេល ដែល
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានសរសេរលិខិតមួយច្បាប់
កាលពីថ្ងៃច័ន្ទផ្ញើរជូនសមភាគីថៃរបស់លោក គឺ លោក Kasit Piromya ដោយ
ថ្លែងស្វាគមន៍គម្រោងបង្កើតអង្គការអព្យាក្រិតអាស៊ានមួយ ដើម្បីដោះស្រាយ
ជម្លោះរវាងកម្ពុជានិងថៃ ហើយព្រមទាំងស្នើដាក់បញ្ហាទំនាស់នៅតំបន់ប្រាសាទ
ព្រះវិហារចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅ
នៅហួរហ៊ីនប្រទេសថៃ នាចុងខែតុលាខាងមុននេះផងដែរ។
លោកកុយ កួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាពុំបានផ្តល់អត្ថាធិប្បាយ
ណាមួយទេជុំវិញការបដិសេធរបស់ភាគីថៃ ដែលចង់ឱ្យមានការចូលពាក់ព័ន្ធ
របស់អាស៊ាននោះ ដោយលោកលើកឡើង ថា កម្ពុជារង់ចាំមើលការឆ្លើយតប
ជាផ្លូវការពីភាគីថៃសិន។
“យើងបានផ្ញើរលិខិតផ្លូវការទៅ ប៉ុន្តែឥឡូវនេះយើងគ្រាន់តែឮតាមសារព័ត៌មាន
អញ្ចឹងយើងរង់ចាំ ការឆ្លើយតបជាផ្លូវពីភាគីថៃវិញ ណា៎”។
កាលពីសប្តាហ៍មុននេះ លោក Kasit Piromya បានប្រកាសឱ្យដឹងអំពីសំណើ
បង្កើតអង្គការអព្យាក្រិតអាស៊ានមួយ ដោយលោកលើកឡើងនៅក្នុងកាសែត
Bangkok Post របស់ថៃថា យន្តការអាស៊ាននេះអាច ‘ជាផ្លូវសំរាប់ប្រទេសថៃ
និង កម្ពុជាដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ’បាន។
មន្រ្តីស្ថានទូតថៃនៅទីក្រុងភ្នំពេញពុំអាចទាក់ទងបានទេ នៅថ្ងៃអង្គារនេះដើម្បី
ស្នើសុំការបំភ្លឺជុំវិញការបដិសេធរបស់ភាគីថៃ ដែលថា ខ្លួនមិនដែលចង់ឱ្យប្រ-
ទេសជាសមាជិកអាស៊ានជួយដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និង
ថៃនេះទេ។
តែទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរងរបស់ក្រសួងការបរទេសថៃ លោក ថានី
ថុងប៉ាក់ឌី (Thani Thongpakdi) បាននិយាយថា ការថ្លែងរបស់លោក Kasit
Piromya រដ្ឋមន្ត្រីការបរទេសថៃប្រហែលជាត្រូវបានសារព័ត៌មានដកស្រង់សម្តី
ដោយខុសបរិបទ នេះបើផ្អែកតាមកាសែត The Nation របស់ថៃ ដែលបាន
ចេញផ្សាយនៅថ្ងៃអង្គារនេះ។
កាសែត The Nation ក៏បានរាយការណ៍ផងដែរថា រដ្ឋាភិបាលថៃបានអះអាង
បញ្ជាក់ឡើងវិញនូវគោលជំហររបស់ខ្លួនដែលថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ
ត្រូវតែដោះស្រាយទ្វេភាគីតាមរយៈគណៈកម្មការព្រំដែនរួមនៃប្រទេសទាំងពីរ។
ប្រទេសទាំងពីរកម្ពុជានិងថៃបានប្រកាន់យកដំណោះស្រាយចរចាទ្វេភាគី ប៉ុន្តែ
ការចរចាទ្វេភាគីនេះនៅតែមិនអាចរកដំណោះស្រាយជម្លោះព្រំដែន ដែលអូស
បន្លាយពេលអស់ជាង១ឆ្នាំមកហើយនេះនៅឡើយទេ។
ចាប់ពីខែកក្កដាឆ្នាំ២០០៨ នៅពេលដែលប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូល
ទៅក្នុងបញ្ជីបេតិក ភ័ណ្ឌពិភពលោករបស់អង្គការយូនណេស្កូមក កងទ័ពកម្ពុជា
និងថៃបានប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើកនៅតាមបណ្តោយព្រំដែន ដែល
បណ្តាលឱ្យទាហាននៃភាគីទាំងពីរយ៉ាងតិចចំនួន៧នាក់បានស្លាប់និងផ្សារមួយ
កន្លែងនៅជើងភ្នំប្រាសាទព្រះវិហារឆេះខ្ទេចខ្ទីអស់។
ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOA សម្លេងសហរដ្ឋអាមេរិក៕