ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុំយកចម្លើយសារភាពដោយបង្ខំ ធ្វើជាភស្តុតាងប្រឆាំងអតីត មេដឹកនាំខ្មែរក្រហម


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមអង្គការអន្តរជាតិ បាននិយាយថា ការហាមឃាត់លើការប្រើចម្លើយសារភាព
ដោយការធ្វើទារុណ កម្មរបស់តុលាការ គឺជារឿងពិតប្រាកដណាស់។

លោកជន សក្តា សូមជូនសេចក្តីពិស្តារអំពីព័ត៌មាននេះ ដូចតទៅ៖

អង្គការអន្តរជាតិសំខាន់ៗចំនួន៣ នៅថ្ងៃអង្គារនេះ បានអំពាវនាវដល់សាលាក្តី
ឧក្រិដ្ឋកម្ម ដែលគាំទ្រដោយ អង្គការសហប្រជាជាតិ កុំឱ្យយកចម្លើយសារភាព
ដោយបង្ខំនិងការធ្វើទារុណកម្មមកធ្វើជាភស្តុតាងប្រឆាំងនឹងអតីតមេដឹកនាំខ្មែរ
ក្រហម ដែលកំពុងជាប់ឃុំឃាំងនៅក្នុងតុលាការពិសេសខ្មែរក្រហម នៅក្នុងការ
ចាត់បណ្តឹងដំណើរការប្តឹងនោះ។

ការអំពាវនាវនេះបានធ្វើឡើង មុនពេលសាលាក្តីពិសេសខ្មែរក្រហមបើកការជំនុំ
ជម្រះអតីតមេដឹកនាំខ្មែរក្រហម៤នាក់គឺនួន ជា អតីតប្រធានរដ្ឋសភា ខៀវ សំផន
អតីតប្រធានរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងអៀង ធារិទ្ធ អតីតរដ្ឋ
មន្ត្រីក្រសួងសង្គមកិច្ច អំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។

សេចក្តីថ្លែងការណ៏របស់អង្គការអន្តរជាតិ Amnesty International, Redress
Trust និង International Commission of Jurists បានទទូចដល់សាលាក្តីខ្មែរ
ក្រហម ឱ្យធានាថា ការចាត់នីតិវិធីប្តឹងរបស់ខ្លួន ប្រកាន់ភ្ជាប់នូវបទដ្ឋាននិងច្បាប់
អន្តរជាតិដែលនឹងជួយដល់សេចក្តីជឿទុកចិត្តនិងសមត្ថភាពរបស់តុលាការដើម្បី
បន្សល់ទុកនូវកេរ្តិ៍ឈ្មោះជាវិជ្ជមាន និងយូរអង្វែង។

អង្គការអន្តរជាតិទាំង៣នេះ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការមិនធ្វើបែប
នេះប្រឆាំងទៅនឹងការបដិ សេធជាមូលដ្ឋានលើការធ្វើទារុណកម្ម និងការបដិសេធ
មិនផ្តល់ភាពត្រូវច្បាប់ចំពោះការធ្វើទារុណកម្មនិងធ្វើឱ្យអន្តរាយដល់សេចក្តីសុច-
រិតរបស់សាលាកក្តីពិសេសខ្មែរក្រហមយ៉ាងខ្លាំង។

ក្រុមមេធាវីតំណាងជនត្រូវចោទ និងមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី មាន
ការខ្វែងគំនិតយ៉ាងខ្លាំងអំពីការយកចម្លើយសារភាពដោយបង្ខំ និងការធ្វើទារុណ
កម្មមកប្រើនៅក្នុងដំណើរការជំនុំជម្រះក្តី។

លោក អាង ឧត្តម មេធាវីរបស់ជនត្រូវចោទ អៀង សារី បានថ្លែងថា យើងតវ៉ា
ប្រឆាំងដាច់ខាតនឹងការប្រើចម្លើយសារភាពដោយបង្ខំ និងការធ្វើទារុណកម្ម។

"យើង ក្រុមក្នុងសំណុំរឿង០០២ តវ៉ាមិនឱ្យប្រើចម្លើយដែលបានមកពីការសារ
ភាពដោយបង្ខំនិងដោយការធ្វើទារុណកម្មនេះយកមកប្រើអត់កើតទេ។ចម្លើយមិន
ពិតនិងមិនប្រាកដ ពីព្រោះច្បាប់អន្តរជាតិ និងច្បាប់ជាតិក៏មាននិយាយជាគោល
ការណ៍"។

លោកហុង គឹមសួន មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានថ្លែងថា ចម្លើយ
សារភាពដោយបង្ខំ និង ដោយការធ្វើទារុណកម្មនេះមិនមែនជាប់ទាក់ទងតែសំណុំ
រឿង០០១របស់ ឌុច អតីតប្រធានគុកទួលស្លែងទេ ប៉ុន្តែវាទាក់ទងនឹងសំណុំរឿង
០០២។

"ការសារភាពដោយបង្ខំនៅទួលស្លែងច្រើនណាស់ ដែលឆ្លើយសារភាពថា ជាភ្នាក់
ងារ CIA ភ្នាក់ងារ KGB ខ្មាំងយួន និងខ្មាំងបដិវត្តន៍ ទម្លាក់កំហុសលើខ្លួនឯង អ្នក
ជាប់ទោសទាំងអស់នោះ។តុលាការគួរតែលើកយកភស្តុតាងទាំងអស់នេះមកដេញ
ដោលគ្នា ដើម្បីឱ្យវាច្បាស់លាស់"។

លោក រាជ្យ សម្បត្តិ ប្រធានកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានថ្លែងថា
បើអង្គបុរេជំនុំជម្រះយល់ព្រមតាមសំណើរបស់អង្គការ Amnesty International
នេះ អង្គបុរេជំនុំជម្រះត្រូវទាមទារនូវការពន្យល់ជាសារណា ដោយភាគីផ្សេងៗ រួម
មានសហព្រះរាជអាជ្ញា សហមេធាវីតំណាងជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្ប-
វេណី។

"ចៅក្រមនៅអង្គបុរេបានទទួលហើយនូវសារណា ដែលបានផ្ញើរឱ្យអង្គបូរេដោយ
អង្គការ Amnesty International ទាក់ទងនឹងចម្លើយសារភាពរបស់អ្នកទោស
ដែលបានធ្វើឡើងក្នុងរបបខ្មែរក្រហម ដោយសារការធ្វើទារុណកម្មនេះតុលាការ
មិនត្រូវយកមកប្រើ។អញ្ចឹងអង្គបុរេជំនុំជម្រះបានទទួលសារណានេះហើយ។ប៉ុន្តែ
មកដល់ពេលនេះអង្គបុរេជំនុំជម្រះមិនទាន់មានការសម្រេចណាមួយថា តើការ
ស្នើសុំដោយអង្គការ Amnesty International ទាក់ទងនឹងចម្លើយសារភាពរបស់
អ្នកទោសនៅពេលដែលគេធ្វើទារុណកម្មនេះ យកមកប្រើ ឬក៏អត់ទេ។ មកដល់
ពេលនេះ គឺមិនទាន់មានការសម្រេចចិត្តទេ"។

របបខ្មែរក្រហមត្រូវបានស្តីបន្ទោសអំពីការកាប់សម្លាប់ជីវិតមនុស្សអស់ជិត២លាន
នាក់រវាងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៧៩ដោយការបង្អត់ចំណីអាហារ ការបង្ខំឱ្យធ្វើ
ការធ្ងន់ហួសកម្លាំង ការប្រហារជីវិត និងជំងឺជាដើម។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា vOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG