ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីមេខ្មែរក្រហមម្នាក់ទៀតប្ដឹងដិត ចិត្តប្រឆាំងលោក Marcel Lemonde


មេធាវីការពារក្ដីជនជាប់ចោទម្នាក់ទៀតបានប្ដឹងដិតចិត្តប្រឆាំងលោក Marcel
Lemonde។ បណ្ដឹងដិតចិត្តកើតទ្បើងពីលោកបានកោះហៅមន្រ្តីជាន់ខ្ពស់៦រូប
ឱ្យមកធ្វើសក្ខីកម្មនៅសាលាក្តីខ្មែរក្រហម។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

រហូតមកដល់ថ្ងៃអង្គារនេះ មេធាវីការពារក្តីជនជាប់ចោទលើសំណុំរឿង០០២ គឺ
លោ អាង ឧត្តម មេធាវីការពារក្តីលោក អៀង សារី និងជាចុងក្រោយគេគឺលោក
ស សាវ៉ាន មេធាវីការពារក្តីលោក ខៀវ សំផន បានដាក់ពាក្យបណ្តឹងដិតចិត្ត
ទៅកាន់សាលាក្តីខ្មែរក្រហម ដើម្បីប្រឆាំងជំទាស់ឲ្យដកហូតមុខតំណែងលោក
Marcel Lemondeសហចៅក្រមស៊ើបអង្កេតខាងភាគីអន្តរជាតិ ក្រោយពីលោក
បានចេញលិខិតកោះហៅមន្រ្តីជាន់ខ្ពស់កំពូលៗរបស់គណបក្សប្រជាជនកម្ពុជា
ចំនួន៦រូប ឲ្យមកធ្វើសក្ខីកម្មនៅក្នុងសាលាក្តីខ្មែរក្រហម។

លោកMarcel Lemonde សហចៅក្រមស៊ើបអង្កេតខាងភាគីអន្តរជាតិ កាលពី
សប្តាហ៍មុន បានចេញលិខិតកោះអញ្ជើញជាឯកតោភាគី ចំពោះមន្រ្តីកំពូលៗ
របស់គណបក្សប្រជាជនកម្ពុជាចំនួន ៦រូប គឺលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា
លោកហេង សំរិន ប្រធានរដ្ឋសភា លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋ
មន្រ្តីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួង
សេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងសមាជិកព្រឹទ្ធសភាចំនួន២រូប គឺលោក ស៊ីម កា និង
លោក អ៊ុក ប៊ុនឈឿន ។

លោកស សាវ៉ាន មេធាវីការពារក្តី លោកខៀ សំផន ដែលទើប នឹងដាក់ពាក្យ
បណ្តឹងទៅសាលាក្តីខ្មែរក្រហម នៅល្ងាចថ្ងៃអង្គារនេះ ដើម្បីឲ្យដកហូតតូនាទី
ជាចៅក្រមរបស់លោក Marcel Lemonde ចេញនោះ បានបញ្ជាក់ថា លោក
Marce Lemonde គ្មានភាពអព្យាក្រិត ចៅក្រមមិនយុត្តិធម៌ ពីព្រោះលោកមិន
បានគោរពសីលធម៌របស់លោកជាចៅក្រម។

"គេស៊ើបអង្កេតដោះបន្ទុកផង ដាក់បន្ទុកផង។ គាត់គិតតែពីដាក់បន្ទុក។ មាន
សាក្សីដូច្នោះខ្ញុំប្តឹងដិតចិត្តឲ្យដកគាត់ចេញ។ រួចការងារគាត់រហូតដល់ថ្ងៃខ្ញុំប្តឹង
ទៅអង្គបុរេជំនុំជម្រះហ្នឹង ។ ខ្ញុំសូមឲ្យប្រកាសជាមោឃៈ ឲ្យលែងកូនក្តីខ្ញុំភ្លាម
ឲ្យលែងលោកខៀវ សំផន ភ្លាម"។

លោកស សាវ៉ាន បានបញ្ជាក់ថា ប្រសិនណាបើសាលាក្តីខ្មែរក្រហមសម្រេចថា
លោក Marcel Lemonde មិនខុសទេ ចាប់កូនក្តីរបស់លោកមកដាក់មន្ទីរឃុំ
ឃំាងវិញចុះ ។

លោក រាជ្យ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម
បានបញ្ជាក់ថា ប្រសិនបើ ចៅក្រមនៅក្នុងអង្គបុរេជំនុំជម្រះរបស់សាលាក្តីខ្មែរ
ក្រហមយល់ឃើញថាលោក Marcel Lemonde មិន បានប្រព្រឹត្តខុសដូចមាន
ការចោទប្រកាន់មែន គេនឹងមានវិធានការដោះស្រាយជាបន្តទៀត ។ ក៏ប៉ុន្តែ
បើពុំមានទេគាត់នៅតែបន្តជាចៅក្រមដដែល ។

"នៅពេលដែលអង្គបុរេសម្រេច បានគេមានវិធានការ។ រហូតមកដល់ពេលហ្នឹង
គាត់នៅតែទៅ ហើយអ្នកដាក់ពាក្យចេះតែដាក់ទៅ ដាក់ពាក្យប្តឹងគាត់ ណា៎។
នេះជារឿងបច្ចេកទេសច្បាប់។រឿងហ្នឹងធ្លាប់កើតមាននៅកន្លែងដទៃដែរ។តុលា
ការដទៃក៏មាន"។

លោកសហចៅក្រមស៊ើបអង្កេត Marcel Lemonde ខាងភាគីអន្តរជាតិ នៅថ្ងៃ
អង្គារនេះ ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។

លោកឆាង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា មេធាវី
ជនជាប់ចោទអាចធ្វើអ្វីៗបានយ៉ាងច្រើន ហើយលោកសង្ឃឹមថា អ្វីដែលមេធាវី
បានធ្វើគឺដើម្បីបម្រើការយល់ដឹងខាងផ្លូវច្បាប់និងបម្រើខាងផ្លូវយុត្តិធម៌ប៉ុណ្ណោះ។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG