ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុណ្យអុំទូកអាចជាឱកាសរាលដាល ជំងឺ AH1N1


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រសួងសុខាភិបាល ហើយនិងអង្គការសុខភាពភិភពលោកបានសំដែងការព្រួយ
បារម្មណ៍អំពីការរីករាល ដាលនៃជំងឺ AH1N1 នៅថ្ងៃបុណ្យអុំទូកខាងមុខ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា និងអង្គការសុខភាពពិភពលោក នៅថ្ងៃ
ច័ន្ទនេះ បានសម្តែង ការព្រួយបារម្ភរួមគ្នាអំពីការឆ្លងរីករាលដាលនៃជំងឺផ្តាសាយ
ថ្មី AH1N1 នៅថ្ងៃពិធីបុណ្យអ៊ុំទូកខាងមុខនេះ បន្ទាប់ពីជំងឺគ្រុនផ្តាសាយថ្មីនេះ
បានសម្លាប់មនុស្សចំនួន៣នាក់ជាស្រេច នៅក្នុងប្រទេសដែលទន់ខ្សោយខាង
វិស័យសុខាភិបាលមួយនេះ។

លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អង្គសន្និសីទ
កាសែត នៅឯទីស្តីការរបស់ក្រសួងសុខាភិបាលថា នៅថ្ងៃពិធីបុណ្យអុំទូកអាច
នឹងមានមនុស្សមកពីគ្រប់ទីកន្លែងរាប់លាននាក់មកទីក្រុងភ្នំពេញ ដែលជាហេតុ
បង្កនាំឲ្យមានការព្រួយបារម្ភ ចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគ
ផ្តាសាយថ្មីAH1N1។

លោកបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានត្រៀមខិតបណ្ណចំនួន៥០
ម៉ឺនសន្លឹកដើម្បីផ្សព្វ ផ្សាយអំពីវិធានការទប់ស្កាត់នៃជំងឺគ្រុនផ្តាសាយថ្មីនេះ។

"ការជួបជុំនេះហើយដែលអាចជាឱកាសមួយដែលធ្វើឲ្យបងប្អូន ដែលមានគ្រុន
ផ្តាសាយ អាចមានដូច ថា ឱ កាសជិតគ្នា ជួបគ្នាក្អក កណ្តាស់ទៅអាចឆ្លងពី
មួយទៅមួយ”។

ប្រទេសកម្ពុជាគ្រោងនឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែរយៈ
ពេល៣ថ្ងៃ ដែល នឹងប្រារព្ធធ្វើឡើងពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។

ពិធីបុណ្យអុំទូក ដែលប្រទេសកម្ពុជាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនេះ រំពឹងថា
នឹងមានមនុស្សមកពីតាមបណ្តាខេត្តនៅទាំង២៤ខេត្តក្រុង យ៉ាងតិចជាង១លាន
នាក់ មកទស្សនានៅក្នុងទីក្រុងភ្នំពេញ ។លោកម៉ម ប៊ុនហេង បានបញ្ជាក់ថា ចំនួនមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នេះ ហើយអាចបង្កភាពងាយស្រួលក្នុងការ
ឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃមេរោគ AH1N1 នេះ។

លោកបានបញ្ជាក់ថា ប្រសិនណាបើមានប្រជាពលរដ្ឋណាមានជំងឺគ្រុនផ្តាសាយ
គួរតែសម្រាកនៅផ្ទះ និងទទួលទានទឹកក្តៅអ៊ុនៗឲ្យបានច្រើន ។

"ខ្ញុំចង់ជម្រាបជូនបងប្អូនដែរគឺថា ធ្វើយ៉ាងម៉េចនៅពេលនោះគឺថា ពេលមានរោគ
សញ្ញាគ្រុនផ្តាសាយ អញ្ចឹងសូមឲ្យសម្រាកនៅផ្ទះមួយរយៈ ចាំជា បាទ។ ព្រោះ
ថា បើយើងមកទៅអាចចម្លងដល់គេ ដល់ឯងបាទ"។

លោកវេជ្ជបណ្ឌិត Michel Thiren តំណាងអង្គការសុខភាពពិភពលោកបានមាន
ប្រសាសន៍ថា នៅបណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក នៅពេលមាន
ពិធីបុណ្យទានម្តងៗ ការឆ្លងរីករាលដាលនៅជំងឺ AH1N1 មានភាពងាយស្រួល
និងឆាប់រហ័សបំផុត។

លោកបានបញ្ជាក់ថា នៅថ្ងៃពិធីបុណ្យអុំទូកខាងមុខនេះ នៅក្នុងប្រទេសកម្ពុជា
គួរតែប្រុងប្រយ័ត្នអំពីជំងឺគ្រុនផ្តាសាយថ្មី AH1N1 នេះ។

"ពិធីបុណ្យអុំទូក គឺជាឱកាសសម្រាប់អ្នករាល់គ្នាក្នុងការចាប់អារម្មណ៍ និងការ
យកចិត្តទុកដាក់ទៅលើជំងឺគ្រុនផ្តាសាយ AH1N1”។

ជំងឺគ្រុនផ្តាសាយAH1N1បានសម្លាប់មនុស្សចំនួន៣នាក់នៅក្នុងប្រទេសកម្ពុជា
ហើយគិតមកដល់ថ្ងៃទី ០៩ ខែ តុលានេះ មេរោគជំងឺគ្រុនផ្តាសាយថ្មីនេះបាន
កើនឡើងដល់១៣៣នាក់ហើយនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ជំងឺ AH1N1 នេះ បានកើតឡើង
នៅក្នុងខេត្តក្រុងមួយចំនួន ដូចជានៅក្នុងទីក្រុងភ្នំពេញ ខេត្តកណ្តាល តាកែវ
កំពង់ស្ពឺ សៀមរាប បាត់ដំបង កំពង់ឆ្នាំងនិង ខេត្តស្វាយរៀង។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG