ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជាត្រូវតែធានាឱ្យបានថា ការបែងចែកភោគផលធនធានធម្មជាតិ
បម្រើដល់ផលប្រយោជន៍ពលរដ្ឋទាំងអស់ដោយមិនឱ្យធ្លាក់ចូលទៅក្នុងកណ្តាប់
ដៃជនមួយក្តាប់តូច។
នៅក្នុងរបាយការណ៍ចេញផ្សាយជាបន្តបន្ទាប់ ប៉ុន្មានឆ្នាំចុងក្រោយនេះអង្គការ
ក្លូបលវិតណេស (Global Witness) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍
បានរិះគន់ថា រដ្ឋាភិបាលកម្ពុជាគ្រប់គ្រងធនធានធម្មជាតិមិនបានល្អទេ ដែល
បណ្តោយឱ្យក្រុមឥស្សរជនកម្ពុជាមួយក្តាប់តូចជាអ្នកទទួលផលពាណិជ្ជកម្ម។
ប៉ុន្តែការរកឃើញនេះត្រូវបានរដ្ឋាភិបាលបដិសេដថា ជាព័ត៌មានមិនពិត ហើយ
មានចរិតប្រឆាំងរដ្ឋាភិបាល ។
នាងអេលីណ័រ នីកូល(Eleanor Nichol)អ្នកយុទ្ធនាការអង្គការក្លូបលវិតណេស
បានប្រាប់ វីអូអេផ្នែកខេមរភាសាក្នុងបទសម្ភាសន៍មួយនៅឯការិយាល័យវីអូអេ
នាទីក្រុងវ៉ាស៊ីនតោនថា អង្គការក្លូបលវិតណេសមិនផ្សាយព័ត៌មានប្រឆាំងនឹង
រដ្ឋាភិបាលទេ ប៉ុន្តែផ្សាយការណ៍ពិតដែលនាំឱ្យមានការប៉ះពាល់ដល់មន្ត្រីរដ្ឋា
ភិបាលមួយចំនួន មិនអាចជៀសវាងបាន។ នាងអេលីណ័របន្តទៀតថា៖
“យើងបង្កើនការនិយាយឥតសំចៃចំពោះអំពើពុករលួយមានលក្ខណៈជាស្ថាប័ន
កំរិតខ្ពស់ ដែលយើងបានដឹងនៅក្នុងវិស័យធនធានធម្មជាតិកម្ពុជា ។ អ្វីដែល
យើងធ្វើនោះ គឺផ្សព្វផ្សាយព័ត៌មានស្តីអំពីអំពើពុករលួយ ដែលមានលក្ខណៈជា
ស្ថាប័នកម្រិតខ្ពស់។ វាមិនមែនជាព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាលទេ ប៉ុន្តែអ្វីដែល
កើតឡើងនោះគឺតាមពិតទៅ វាហាក់ដូចជាចង្អុលត្រឡប់ទៅលើសមាជិករដ្ឋា
ភិបាលកម្ពុជា ពីព្រោះអ្នកទាំងនោះមានបំណងប្រើប្រាស់អំណាចរបស់ខ្លួនដើម្បី
កេងប្រវ័ញ្ចយកប្រយោជន៍ពីធនធានធម្មជាតិរបស់ជាតិ។ ដូច្នេះយូរៗទៅវាបាន
នាំឱ្យយើងមានទំនាក់ទំនងមិនល្អជាមួយរដ្ឋាភិបាលកម្ពុជា” ។
នាង អេលីណ័រ នីកូលនិយាយថា ទោះបីជារដ្ឋាភិបាលកម្ពុជាឆ្លើយតបដោយ
កំហឹងចំពោះរបាយការណ៍នោះក៏ដោយ ក៏អង្គការក្លូបលវិតណេស នៅតែមាន
បំណងធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាដដែល។នាងអេលីណ័របន្តទៀតថា៖
“យើងនៅតែចង់ធ្វើការជាមួយរដ្ឋាភិបាល ហើយយើងចង់ឃើញរដ្ឋាភិបាលផ្តល់
អនុសាសន៍ និងឆ្លើយតបក្នុងលក្ខណៈប្រាកដប្រជា និង ពិចារណាចំពោះបរា-
ជ័យទាំងឡាយនៅក្នុងរដ្ឋាភិបាលដែលយើងបានលាតត្រដាងក្នុងវិស័យឧស្សា
ហកម្មឥន្ធនៈ និង រ៉ែកម្ពុជា ដែលមូលហេតុចម្បងនោះ គឺ វាមានសារៈសំខាន់
ណាស់ចំពោះអនាគតសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា” ។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយនៅឆ្នាំ ២០០៧ មានចំណងជើងថា “ខ្សែ
ស្រឡាយអ្នកលក់ជាតិ” ឬ“Cambodia’s Family Tree” និងឆ្នាំ២០០៩ ដែល
មានចំណងជើងថា “ប្រទេសសម្រាប់លក់” ឬ “Country for Sale” អង្គការ
ក្លូបលវិតណេសបានរៀបរាប់ថា ធនធានធម្មជាតិ ដូចជាឆ្នេរសមុទ្រ ព្រៃឈើ
កោះ ដី និង តំបន់រ៉ែ ត្រូវបានគ្រប់គ្រងដោយក្រុមអ្នកមានមួយក្តាប់តូច ដែល
ស្និទនឹងរដ្ឋាភិបាល មន្រ្តីប៉ូលិសជាន់ខ្ពស់ នាយទាហាន និង សមាជិកក្រុម
គ្រួសារអ្នកនយោបាយ ។
លោកឱម យ៉ិនទៀង គឺជាទីប្រឹក្សាដ៏សំខាន់ម្នាក់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន។ លោកមានឈ្មោះក្នុងរបាយការណ៍“ប្រទេសសម្រាប់លក់”ក្នុងចំណោម
ឈ្មោះឥស្សរជន៨រូបទៀត រួមមានមន្ត្រីយោធាជាន់ខ្ពស់ ដូចជាឧត្តមសេនីយ៍
មាស សុភា និងឧត្តមសេនីយ៍ប៉ុល សារឿន។
លោកឱម យ៉ិនទៀងត្រូវបានឱ្យដឹងថា បានទទួលផលពីក្រុមហ៊ុនរ៉ែមួយឈ្មោះ
ថា “Float Asia Friendly Mation” ដែលអង្គការ ក្លូបលវិតណេស បានរាយ
ការណ៍ថា ធ្វើនិស្សារណកម្មថ្មម៉ាបនៅក្នុងតំបន់ការពារជីវិតសត្វព្រៃ ភ្នំឱរ៉ាល់
និងតំបន់ព្រៃការពារភ្នំក្រវាញកណ្តាល ។
លោក ឱម យ៉ិនទៀងបានប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមទូរស័ព្ទថា របាយ
ការណ៍ក្លូបលវិតណេស ជារបាយការណ៍ឆ្កួតៗ ជារបាយការណ៍គ្មានមូលដ្ឋាន
ហើយថា អង្គការក្លូបលវិតណេស កុហក ។ លោកស្បថដាក់ជីវិត ប្រសិនបើ
លោកមានទទួលអាជ្ញាប័ណ្ណធនធានធម្មជាតិ។ លោកឱម យ៉ិនទៀងមានប្រ-
សាសន៍ថា៖
“ខ្ញុំគិតថា បើអ្នកក្លូបលវិតណេសដឹងខុសដឹងត្រូវ មានជំនឿ និង គោរពការណ៍
ពិតហៅមកស្បថមួយទៅ។ បើខ្ញុំបានអញ្ចឹង ឱ្យវាងាប់ចុះ ហើយវាអត់វិញ ឱ្យ
វាងាប់ចុះ ។ និយាយអញ្ចឹងឱ្យឆាប់ជឿ ឱ្យអ្នកស្តាប់ហ្នឹងលោកវិនិច្ឆ័យ មើល
តាមហ្នឹងទៅ។ ប៉ុន្តែពួកហ្នឹង ខ្ញុំជឿថា អញ្ចឹង បើភគេហើយ មិនខ្វះរឿងភបន្ត
បន្ទាប់ទេ ។ អញ្ចឹងហើយបានតែថា វាគ្មានអ្វីប្លែកប៉ុន្មានទេ ។ ពួកហ្នឹងមួល
បង្កាច់ស្រុកខ្មែររាប់ឆ្នាំហើយ ។ បើដូចរបាយការណ៍វានិយាយ ស្រុកខ្មែរបែប
ឋាននរកបាត់ទៅហើយ។ គ្មានការរីកចម្រើន គ្មានការអី តួលេខអភិវឌ្ឍន៍ការ
រីកចម្រើនពីរខ្ទង់ បួនប្រាំឆ្នាំជាប់គ្នាបែបនេះទេ” ។
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការចោទប្រកាន់ប្រឆាំងនឹងឧត្តមសេនីយ៍មួយ
ចំនួននៃកងយោធពលខេមរភូមិន្ទត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់អង្គ
ការក្លូបលវិតណេស។ លោកទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានផ្តល់អនុ
សាសន៍នៅក្នុងបទសម្ភាសន៍មួយជាមួយ វីអូអេ ផ្នែកខេមរភាសាកាលពីលោក
មកធ្វើទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែកញ្ញាកន្លងមកនេះ
ថា របាយការរបស់ ក្លូបលវិតណេស បំផ្លើសការណ៍ពិត ដែលនឹងបំផ្លាញកេរ្តិ៍
ឈ្មោះខ្លួនឯង។ លោកទៀ បាញ់និយាយបណ្តើរសើចបែបចំអកបណ្តើរថា៖
“អាហ្នឹងគឺជាការនិយាយមួយបានខ្ញុំថា អ្នកបានទៅស៊ើបសួរជាក់ស្តែង ទើប
បានដឹងថា រឿងអស់ទាំងនោះសុទ្ធតែជារឿងបំផ្លើសទាំងអស់ ។ វាពុំមានស្អី
ទាល់តែសោះ ។ ពេលខ្លះ ពាក្យសម្តីខ្លះគឺជាការនិយាយបំផ្លើស ។ ដូច្នេះកាល
ណានិយាយទៅវែងឆ្ងាយពេក នេះឯងបានថា ភាពថមថយរបស់អ្នកពោល
ពាក្យខ្លះ គឺវាធ្លាក់ចុះត្រង់នេះឯង ។ ការនិយាយបំផ្លើសគឺដល់ពេល រយៈកាល
មួយ វាមិនមែនរក្សាបានឋេររហូតទេ ។ ដល់រយៈកាលមួយ គេឃើញការណ៍
ពិតដល់គេទៅរកឃើញការណ៍ពិត អាហ្នឹងអត់មែនអញ្ចឹងផង ដល់អញ្ចឹងទៅ
ភាពថមថយ បានតែថា”។
រដ្ឋសភាជាតិកម្ពុជា ដែលមានសមាជិក ១២៣រូប បើតាមរដ្ឋធម្មនុញ្ញជាតិ គឺ
តំណាងឱ្យប្រជាពលរដ្ឋ១៤លាននាក់និងការពារផលប្រយោជន៍របស់ប្រជាពល
រដ្ឋ ។ ក្នុងចំណោមសមាជិកសភាដ៏មានឥទ្ធិពល លោកងួន ញ៉ិលនៃគណបក្ស
ប្រជាជនកម្ពុជា ដែលជាអនុប្រធានរដ្ឋសភាជាតិ នៅក្នុងបទសម្ភាសន៍តាមទូរ
ស័ព្ទជាមួយវីអូអេផ្នែកខេមរភាសា មានប្រសាសន៍ថា រដ្ឋសភាជាតិឆ្លើយតប
ចំពោះការរិះគន់ដែលគួរឱ្យទុកចិត្តចំពោះការគ្រប់គ្រងធនធានធម្មជាតិរបស់រដ្ឋា
ភិបាល។ លោកមានប្រសាសន៍ថា ការរិះគន់ខ្លះមានប្រយោជន៍តែការរិះគន់ខ្លះ
មិនអាចទទួលយកបានទេ។ លោកងួន ញ៉ិលមានប្រសាសន៍ថា៖
“រដ្ឋសភាបានស្តាប់ការរិះគន់នានារបស់អង្គការ ដែលជាកញ្ចក់ពីខាងក្រៅឆ្លុះ
បញ្ចាំងមកខាងក្នុង នេះគឺជារឿងមួយ មិនមែនថា ការរិះគន់ទាំងឡាយសុទ្ធតែ
ជារឿងមិនល្អនោះទេ។ យើងទទួលយកការរិះគន់ ហើយយើងត្រួតពិនិត្យមើល
ថា តើវាត្រឹមត្រូវតាមការរិះគន់ ឬមិនត្រឹមត្រូវ ។ ប៉ុន្តែមានការរិះគន់ខ្លះខ្ញុំមិន
អាចទទួលយកបានទេ”។
ប៉ុន្តែលោកតំណាងរាស្រ្តសុន ឆ័យ នៃគណបក្សសម រង្ស៊ីមានទស្សនៈផ្ទុយពី
នេះ។ លោកបានប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមទូរស័ព្ទថា ជំនួសឱ្យការខឹង
សម្បារជាមួយការរិះគន់ ហើយប្រឆាំងការពារខ្លួន រដ្ឋាភិបាលកម្ពុជាគួរផ្តោត
ការយកចិត្តទុកដាក់ទៅលើចំណុចលម្អិតក្នុងករណី ដែលមាននៅក្នុងរបាយ
ការណ៍របស់ក្រុមអង្គការមួយចំនួន ដូចជាអង្គការ ក្លូបលវិតណេស ។ លោក
សុន ឆ័យបន្តថា រដ្ឋាភិបាលគួរតែឆ្លើយតបនិងតាមដានប្រកបដោយលក្ខណៈ
ផ្លែផ្កា។ រដ្ឋាភិបាលកម្ពុជាចុងក្រោយនេះទទួលបានកេរ្តិ៍ឈ្មោះមិនសូវល្អ ដោយ
បានបំបិទមាត់អ្នករិះគន់តាមរយៈតុលាការនិងការដាក់ពន្ធនាគារ។ ប៉ុន្តែរហូត
មកដល់ពេលនេះ រដ្ឋាភិបាលមិនបានប្តឹងប្រឆាំងនឹងក្លូបលវិតណេស ទេ ដែល
ករណីនេះបង្ហាញថា របាយការណ៍នោះឆ្លុះបញ្ចាំងការណ៍ពិត។ លោកមានប្រ
សាសន៍ថា ការរិះគន់ទាំងនោះអាចទទួលយកបាន ដោយផ្អែកលើការស៊ើប
អង្កេតនៅកន្លែងដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នោះ៖
“កម្រណាស់ដែលសភាមានសកម្មភាពយកព័ត៌មាន ជាពិសេសពីក្រុមស្រាវជ្រាវ បែបក្លូបលវិតណេសនេះមកប្រើការ ។ ជាគោលការណ៍ ក្រោយពីយើងឃើញ
របាយការណ៍បែបនេះ ចាំបាច់ គឺត្រូវចុះទៅមើលនៅតំបន់មួយចំនួន ដែលមាន
កំណត់នៅក្នុងរបាយការណ៍នោះដូចជា ការយករ៉ែនៅខាងកំពង់ធំ ការជីកយក
រ៉ែនៅរតនគីរី ។ វាជាការឈឺចាប់ដែរ ដែលរបាយការណ៍នោះបញ្ជាក់អំពីឈ្មោះ
មនុស្សដែលប្រព្រឹត្តអំពើមិនត្រឹមត្រូវទាំងនោះ ក៏ប៉ុន្តែវាជាឱកាសមួយដែរ ដែល
រាជរដ្ឋាភិបាលអាចនឹងយករបាយការណ៍ហ្នឹង ដើម្បីបញ្ជាក់ថែមទៀត ហើយកែ
លម្អស្ថានភាពមិនប្រក្រតីទាំងនោះ” ។
លោកយឹម សុវណ្ណ តំណាងរាស្រ្ត និង ជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី ក៏បាន
បន្ថែមថា សម្បទានកន្លងមកមិនមានតម្លាភាពទេ ហើយស្នើថា ការផ្តល់សម្ប
ទានត្រូវតែធ្វើឡើងឱ្យមានតម្លាភាព។ លោកបានបន្តទៀតថា៖
“រាល់សម្បទានធនធានធម្មជាតិ ជាពិសេសរ៉ែ ចាំបាច់ត្រូវតែប្រកាសឱ្យមានការ
ដឹងជាសាធារណៈ ថាតើរដ្ឋាភិបាលចង់ឱ្យក្រុមហ៊ុនឯកជនចូលទៅរុករករ៉ែនៅ
កន្លែងណា នៅម្តុំណា រ៉ែមានអ្វីខ្លះ ហើយរៀបចំឱ្យមានសៀវភៅបន្ទុកឱ្យបាន
ត្រឹមត្រូវដើម្បីប្រកាសជាសាធារណៈឱ្យក្រុមហ៊ុនបានដឹង មកចូលរួមដេញថ្លៃឱ្យ
បានច្រើន។ ពីព្រោះប្រសិនបើយើងប្រគល់សម្បទានហ្នឹងទៅឱ្យក្រុមហ៊ុនមួយ
ដោយចុះកិច្ចសន្យាស្ងាត់ៗ គ្មានតម្លាភាព គឺរឿងនេះ វាធ្វើឱ្យបាត់បង់ថវិកាជាតិ
ប្រាក់ចំណូលដល់ជាតិច្រើនណាស់”។
យោងតាមឯកសារស្តីពីថវិកាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាបានបង្ហាញថា ក្នុង
ឆ្នាំ២០០៨ ចំណូលថវិកា ដែលបានមកពីសម្បទានព្រៃឈើ និងសម្បទានរ៉ែ
មានចំនួន៣,៦លានដុល្លារសហរដ្ឋអាមេរិក ហើយរំពឹងថា នឹងអាចកើនបាន
ដល់ចំនួន៤,៦លានដុល្លារនៅក្នុងឆ្នាំ២០០៩នេះ។ បើយោងតាមមន្រ្តីជាន់ខ្ពស់
ម្នាក់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិក
ថា ចំណូលទាំងនេះភាគច្រើនបានមកពីការផ្តល់អាជ្ញាប័ណ្ណផ្សេងៗប៉ុណ្ណោះ។
លោក ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវន
កម្មនៃរដ្ឋសភាកម្ពុជាបានប្រាប់ វីអូអេ សម្លេងសហរដ្ឋអាមេរិកថា ប្រាក់ចំណូល
ដែលបានមកពីអាជីវកម្មធនធានធម្មជាតិ ត្រូវបានបញ្ចូលក្នុងថវិកាជាតិសម្រាប់
ការចំណាយលើការងារថែរក្សាធនធានធម្មជាតិ និង ការងារទូទៅ ។ លោកជាម
យៀបមានប្រសាសន៍ថា៖
“យើងមានដាក់រៀបចំចំណូលដែលចូលអំពីការវិនិយោគលើធនធានធម្មជាតិគឺ
ដាក់ម្តុំ គឺបានបែងចែកហើយស្រេច ជាភាគរយសម្រាប់ទៅរដ្ឋ ទៅគ្រប់គ្រងទៅ
លើវិស័យវិនិយោគ ដែលយើងដាក់ឱ្យគេធ្វើវិនិយោគនេះ ហើយទន្ទឹមនឹងនេះគឺ
ថា ចូលថវិកាជាតិដើម្បីប្រើប្រាស់ជាទូទៅ” ។
ទន្ទឹមនឹងនេះ មន្រ្តី រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការ
គ្រប់គ្រប់ធនធានព្រៃឈើតាមរយៈការបញ្ឈប់ការនាំឈើហ៊ុបចេញ ហើយបាន
ងាកមកដាំដើមឈើវិញបានចំនួនជាង៤,៩ម៉ឺនហិកតា និងមានការអនុញ្ញាតឱ្យ
សហគមន៍គ្រប់គ្រងព្រៃនៅក្នុងតំបន់របស់ពួកគេ ។
លោក ទី សុគន្ធ ប្រធានរដ្ឋបាលព្រៃឈើកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននៅមាន
បទល្មើសព្រៃឈើនៅឡើយ ដែលប្រព្រឹត្តដោយក្រុមប្រជាពលរដ្ឋក្រីក្រសម្រាប់
តម្រូវការប្រចាំថ្ងៃ ក្រុមឈ្មួញ និងជនប្រដាប់អាវុធ ប៉ុន្តែស្ថិតនៅក្នុងទ្រង់ទ្រាយ
តូចៗប៉ុណ្ណោះ ហើយតែងត្រូវបានរដ្ឋាភិបាលបង្រ្កាបជាប់ជាប្រចាំ ។ លោក
ទី សុគន្ធបន្តទៀតថា៖
“យើងបានអនុវត្តការងារ ដូចជាពង្រឹងការអនុវត្តច្បាប់ អនុវត្តការពង្រឹងក្រុម
បចេ្ចកទេស និង ការអនុវត្តរបបគ្រប់គ្រងព្រៃឈើអន្តរជាតិ សម្រាប់ក្នុងតំបន់
អាស៊ានផងដែរ។ ហើយយើងក៏ឈានមុខលើការចូលរួមយ៉ាងសកម្មលើការងារ
ឥណទានកាបូនព្រៃឈើ ធ្វើម៉េចឱ្យព្រៃឈើហ្នឹង គ្រប់គ្រងចូលរួមវិភាគទាន
ដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះ
កញ្ចក់។ ដោយឡែកបទល្មើសក៏ថយចុះ សត្វព្រៃបានកើនឡើងច្រើន ត្រឡប់
មកវិញ ពិសេសកាំភ្លើងអាវុធ យើងបានប្រមូលផ្តុំ ហើយបានកម្ទេចចោល”។
របាយការណ៍របស់អង្គការ ក្លូបលវិតណេស សរសេរថា ដោយមានការនាំលទ្ធិ
ប្រជាធិបតេយ្យចូលមកកម្ពុជាដោយអង្គការសហប្រជាជាតិ (អ៊ុនតាក់) យោង
តាមស្មារតីរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ប្រទេសកម្ពុជា
កាលពីពេលនោះត្រូវបានសង្ឃឹមថា ជាគំរូសម្រាប់អន្តរជាតិ សម្រាប់ការកសាង
ប្រទេសក្រោយសង្គ្រាម។ ប៉ុន្តែកម្ពុជាបែរទៅជាករណីថ្មីបំផុតមួយនៅក្នុងតំបន់
អាស៊ីអគ្នេយ៍ ដែលមានរដ្ឋាភិបាលពេញទៅដោយជនពុករលួយដ៏សម្បើម និង
កេងប្រវ័ញ្ចយកប្រយោជន៍ពីធនធានធម្មជាតិរបស់ជាតិ រំលោភសិទ្ធិមនុស្ស
និទណ្ឌភាព ការកៀបសង្កត់ និងមិនគោរពលទ្ធិប្រជាធិបតេយ្យ។ របាយការណ៍
នោះក៏សរសេរទៀតថា ជំនួសឱ្យការប្រើប្រាស់លុយរាប់លានដុល្លារដែលបាន
មកពីធនធានធម្មជាតិ ដើម្បីទាញប្រជាពលរដ្ឋឱ្យចេញពីភាពក្រីក្រ រដ្ឋាភិបាល
កម្ពុជាអាចនឹងដើរតាមគន្លងប្រទេសភូមា ដែលឥស្សរជនការិយាធិបតេយ្យប្រើ
ប្រាស់លុយធនធានធម្មជាតិដើម្បីបង្កើនទ្រព្យសម្បត្តិ និងពង្រឹងអំណាចនយោ
បាយរបស់ឥស្សរជនមួយក្តាប់តូច ។
ក៏ប៉ុន្តែ អ្នកជំនាញអន្តរជាតិមួយចំនួនដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ទោះបី
ជាបានទទួលស្គាល់អំពីការប្រឈមមុខដែលកម្ពុជាជួបប្រទះរាប់ទសវត្សរ៍ដោយ
សារតែប្រទេសនេះទើបនឹងងើបពីចលាចល និងសង្គ្រាមក្តី ក៏ពួកគេមានសុទិដ្ឋ
និយមចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អក្នុងរយៈពេលវែងទៅអនាគត។
សុទិដ្ឋនិយមនេះកើតមានដោយយោងទៅលើច្បាប់ និង បទបញ្ជាមានស្រាប់
ដែលទាក់ទិនទៅនឹងបរិស្ថាន ព្រៃឈើ មច្ឆា និង រ៉ែ និង បុគ្គលិកមន្ត្រីរាជការ
ក្មេងៗពេញដោយសមត្ថភាព ។ ទន្ទឹមនឹងនេះ អ្នកជំនាញឱ្យដឹងថា ទោះបីជា
មានឧបករណ៍ច្បាប់ និងធនធានមនុស្ស ប៉ុន្តែប្រសិទ្ធិភាពនៃការអនុវត្តច្បាប់នៅ
តែជាសំណួរនៅឡើយ។
រាយការណ៍ពីរដ្ឋធានីភ្នំពេញ ខ្ញុំ អ៊ឹម សុធារិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕