ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាអបអរសាទរលោក អូបាម៉ា ទទួលរង្វាន់ណូបែលសន្តិភាព


រដ្ឋាភិបាលកម្ពុជា គណបក្សប្រឆាំង និង អង្គការសង្គមស៊ីវិលនៅក្នុងប្រទេស
កម្ពុជាបានសម្តែងការអបអរសារទរចំពោះការប្រគល់រង្វាន់ណូបែលសន្តិភាព
សម្រាប់ឆ្នាំ២០០៩ ជូនលោក អូបាម៉ា ប្រធានាធិបតីស.រ.អា. នៅទីក្រុង Oslo
ប្រទេសណ័រវ៉េ នៅថ្ងៃសុក្រនេះ។

មន្ត្រីនាំពាក្យជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលកម្ពុជាបានថ្លែងថា លោកប្រធានាធិបតី
ស.រ.អា. អូបាម៉ា សក្តិសមនិងទទួលបាននូវរង្វាន់ដែលមានកិត្តិយសយ៉ាងខ្ពង់
ខ្ពស់នេះ។

ថ្លែងប្រាប់ វីអូអេ សម្លេងស.រ.អា.តាមទូរស័ព្ទពីទីក្រុងភ្នំពេញនៅយប់ថ្ងៃសុក្រ
នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នៃប្រទេសកម្ពុជា
និយាយថា លោកអូបាម៉ាបានបង្ហាញនូវគោលនយោបាយអន្តរជាតិមួយ ព្រម
ទាំងដើរតួយ៉ាងសំខាន់ក្នុងភាពជាដៃគូ និង សហការដើម្បីបង្កើតសន្តិភាព នៅ
ក្នុងតំបន់នាៗក្នុងពិភពលោក។

“លោកសក្តិសមនឹងទទួលបាន ។ នេះជាកិត្តិយសថ្មីមួយទៀត មិនមែនត្រឹម
តែសម្រាប់ប្រជាពលរដ្ឋអាមេរិកប៉ុណ្ណោះទេ តែថែមទាំងជាគុណភាពនៃពិភព
លោកជាមនុស្សជាតិទាំងមូល ក្នុងការមិនប្រកាន់ពូជសាសន៍ ការងារជាដៃគូ
និង ការងារសហប្រតិបត្តិការដើម្បីសន្តិភាព”។

គណៈកម្មាធិការរង្វាន់ណូបែល នៅទីក្រុង Oslo ប្រទេសណ័រវ៉េ បានទទួល
ស្គាល់លោកប្រធានាធិបតី អូបាម៉ា នៅថ្ងៃសុក្រនេះ ចំពោះកិច្ចប្រឹងប្រែងយ៉ាង
អស្ចារ្យរបស់លោកដើម្បីពង្រឹងវិស័យការទូតអន្តរជាតិ និង សហប្រតិបត្តិការ
រវាងប្រទេសជាតិ។

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ថ្លែង
ប្រាប់វីអូអេសម្លេងស.រ.អា.ថា លោកចូលរួមអបអរសាទរចំពោះដំណឹងនេះ។

“ខ្ញុំជឿថា វាជាការសក្តិសម ដែលលោកនឹងបានទទួលរង្វាន់នេះ ពីព្រោះខ្ញុំ
ឃើញថា តាំងពីលោកឡើងកាន់អំណាចមក លោកមានទំនាក់ទំនងល្អច្រើន
ជាមួយប្រទេសនាៗក្នុងពិភពលោក ហើយថា មិនសូវឃើញប្រទេសណាដែល
មានប្រតិកម្មខឹងអ្វីចំពោះលោកទេ”។

ចំណែកលោកស្រីពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សLICADHO វិញ ក៏
សម្តែងនូវការរីករាយ ព្រមទាំងក្តីសង្ឃឹមថា ឥទ្ធិពលវិជ្ជមានរបស់លោកអូបាម៉ា
ក្នុងនាមជាជ័យលាភីរង្វាន់ណូបែលសន្តិភាពនេះ នឹងជ្រួតជ្រាបដល់ប្រទេស
ជាច្រើន រួមទាំងប្រទេសកម្ពុជាផង ក្នុងវិស័យសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិ
ប្រជាធិបតេយ្យ។

“អញ្ចឹងខ្ញុំសង្ឃឹមថា លោកបានរង្វាន់នេះជាការល្អមួយ ។ លោកនឹងប្រឹងប្រែង
ស្វែងរកសន្តិភាព ទីមួយជូនប្រទេសលោកផង ហើយជូនប្រទេសផ្សេងៗទៀត
ដែលត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក”។

ក្នុងសេចក្តីប្រកាសរង្វាន់ណូបែលសន្តិភាពថ្ងៃនេះ គណៈកម្មាធិការណូបែល
និយាយថា នៅក្រោមការដឹកនាំរបស់លោកអូបាម៉ា ការសន្ទនាគ្នានិងការចរចា
គ្នា ត្រូវយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ដោះស្រាយជម្លោះអន្តរជាតិដែល
លំបាកដោះស្រាយជាទីបំផុត។

ទំនាក់ទំនងរវាងកម្ពុជានិងស.រ.អា. បានកើនឡើងគួរឲ្យកត់សម្គាល់នៅក្រោម
រដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា ។ លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
ហោ ណាំហុង បានជួបពិភាក្សាគ្នាជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេស ស.រ.អា.
Hillary Clinton ក្នុងទីក្រុង New York កាលពីចុងខែកញ្ញាកន្លងទៅនេះ ។ មុន
ជំនួបនោះប៉ុន្មានថ្ងៃ លោករដ្ឋមន្ត្រីការពារប្រទេសកម្ពុជា ទៀ បាញ់ បានជួបជា
មួយលោករដ្ឋមន្ត្រីការពារប្រទេស ស.រ.អា. Robert Gates នៅឯក្នុងរដ្ឋធានី
Washington៕

XS
SM
MD
LG