មេដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជារក្សាភាពស្ងប់ស្ងៀម ក្រោយពី
សហចៅក្រមស៊ើបអង្កេតខាងភាគីអន្តរជាតិកោះហៅទៅផ្តល់សក្ខីកម្មនៅសាលា
ក្តីខ្មែរក្រហម។
មន្រ្តីជាន់ខ្ពស់កំពូលៗទាំង៦រូបរបស់គណបក្សប្រជាជនកម្ពុជា បានបន្តរក្សា
ភាពស្ងប់ស្ងៀម និងមួយចំនួនទៀតមានប្រតិកម្មតិចតួចនៅឡើយ ក្រោយពី
សហចៅក្រមស៊ើបអង្គេតខាងភាគីអន្តរជាតិ បានកោះហៅជាឯកតោភាគីឲ្យមក
ធ្វើសក្ខីកម្មនៅក្នុងសាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសអតីតមេដឹក
នាំខ្មែរក្រហម ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សជាង ១,៧លាននាក់
ចន្លោះពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
លោក Marcel Lemonde សហចៅក្រមស៊ើបអង្កេតខាងភាគីអន្តរជាតិ បាន
កោះហៅ លោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធ
សភាលោកហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង ជាប្រ-
ធានរដ្ឋសភា លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសូងការបរទេស
លោកឧបនាយករដ្ឋមន្រ្តីគាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រម
ទាំងសមាជិកព្រឹទ្ធសភាចំនួនពីររូបគឺលោកស៊ីម កានិងលោកអ៊ុក ប៊ុនឈឿន។
លោកហេង សំរិន ប្រធានរដ្ឋសភា ដែលមានឈ្មោះនៅក្នុងបញ្ជីកោះហៅទំាង៦
រូបនោះ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ នៅពេលដែលលោកបានបញ្ចប់កិច្ច
ប្រជុំរដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះ។
ចំណែកលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសបាន
ថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកនៅឯទីស្តីការរបស់ក្រសួងការបរទេស
ថា លោករងចាំមើលពេលវេលាជាមុនសិន មុននឹងលោកទៅឆ្លើយបំភ្លឺនៅក្នុង
សាលាក្តីខ្មែរក្រហម ។
"ខ្ញុំ ដូចសម្តេចតេជោមានប្រសាសន៍ហើយ អ្នកដែលគេត្រូវកោះធ្វើសាក្សីហ្នឹង
ជាអ្នកចោទ។ អ្នកប្រឆាំងខ្មែរក្រហម ហៅអ្នកចោទទៅធ្វើសាក្សីទៀត វាកាន់
តែធ្ងន់អ្នកដែលត្រូវគេចោទទៀតហើយ"។
កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានជំទាស់ទៅនឹងការ
កោះហៅមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាទាំង៦រូបឲ្យទៅធ្វើសក្ខីកម្ម
នៅក្នុងសាលាក្តីខ្មែរក្រហម។ លោកហ៊ុន សែនបានបញ្ជាក់ ដូច្នេះថា ៖
"ហេតុអ្វីបានគេហៅដើមចោទទៅធ្វើសាក្សី ពីព្រោះគេដឹងថា អ្នកទាំងហ្នឹងគឺជា
អ្នកផ្តួលអាពត។ហើយអ្នកទាំងហ្នឹងជាអ្នកអនុម័តច្បាប់កាត់ទោសខ្មែរក្រហម។
អើចុះបើធ្វើសាក្សីអញ្ចឹង ចុងចោទមិនកាន់តែងាប់ទៅហើយ"។
លោក ឌឹម សុវណ្ណរម្យ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា សាលា
ក្តីខ្មែរក្រហមពុំទាន់មានការវិវត្តថ្មីៗនៅឡើយទេ បន្ទាប់ពីលោក Marcel
Lemonde បានអញ្ជើញមន្រ្តីជាន់ខ្ពស់ទាំង៦រូបឲ្យមកផ្តល់សក្ខីកម្មនៅសាលា
ក្តីខ្មែរក្រហម។
"ការធ្វើរបស់លោក Marcel Lemonde គឺធ្វើជាឯកតោភាគី ដោយសារលិខិត
កោះអញ្ជើញហ្នឹងគឺពុំមានចុះហត្ថលេខាដោយចៅក្រមស៊ើបអង្កេតជាតិទេមាន
តែចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក Marcel Lemonde តែម្នាក់ឯងទេ"។
លោកយឹម សុវណ្ណ អ្នកនាំពាក្យនិងជាតំណាងរាស្រ្តគណបក្សសម រង្ស៊ី បញ្ជាក់
ថា សាលាក្តីកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមគឺជាសាលាក្តីគំរូទៅតាម
បទដ្ឋានអន្តរជាតិ។លោកបានបញ្ជាក់ថា អ្វីៗក៏ដោយ ដែលធ្វើនៅក្នុងសាលា
ក្តីនេះត្រូវតែឯករាជ្យ។
"ទុកលទ្ធភាពនេះជូនសាលាក្តីនេះដើម្បីធ្វើសេចក្តីសម្រេចនូវគ្រប់រឿងទាំងអស់
ដោយឯករាជ្យភាព ដោយ គ្មានការចូលរួមពីអ្នកនយោបាយណាម្នាក់"។
មន្រ្តីជាន់ខ្ពស់កំពូលៗទាំង៦រូបដែលត្រូវបានសហចៅក្រមស៊ើបអង្កេតខាងភាគី
អន្តរជាតិកោះហៅឲ្យមកផ្តល់សក្ខីកម្មក្នុងសាលាក្តីខ្មែរក្រហមនោះធា្លប់ជាអតីត
កម្មាភិបាលរបស់ពួកខ្មែរក្រហម៕