ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីរបស់អៀង សារី សុំឱ្យដកចៅក្រមស៊ើបអង្កេត


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមមេធាវីរបស់ អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម បានប្ដឹងសុំ
ដកចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមចេញ ។ ពាក្យបណ្ដឹងបាន
ចោទប្រកាន់ថា ចៅក្រមស៊ើបអង្កេតរូបនោះមានភាពលំអៀង។

សហមេធាវីការពារក្ដីឲ្យអៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការ
បរទេសខ្មែរក្រហមគឺ លោក មេធាវី អាង ឧត្តម និងលោក មេធាវី ម៉ាយឃើល
ផេសម៉េន (Michael Pestman) បានដាក់បណ្ដឹងទៅ កាន់អង្គបុរេជំនុំជម្រះនៅ
រសៀលថ្ងៃសុក្រនេះ ដើម្បីទាមទារនិងបង្ខំឲ្យសហចៅក្រមស៊ើបអង្កេត លោក
ម៉ាកសែល ឡឺម៉ុង ដកខ្លួនចេញពីសំណុំរឿងលេខ០០២ ។ សំណុំរឿងនេះមាន
ជនជាប់ចោទចំនួន៤នាក់ ដែលសុទ្ធសឹងជាមេដឹកនាំកំពូលៗនៃរបបកម្ពុជាប្រ-
ជាធិបតេយ្យ ដែលបានបង្កឲ្យប្រជាជនខ្មែរស្លាប់បាត់បង់ជីវិតអស់ជិត ២លាន
នាក់។

លោកមេធាវី អាង ឧត្តមមានប្រសាសន៍ថា សេចក្ដីទាមទារនេះ ដោយសារតែ
លោកម៉ាកសែល ឡឺម៉ុង មានភាពលំអៀងក្នុងការស៊ើបអង្កេត ដោយលោកចង់
ឲ្យមានការដាក់បន្ទុកកាន់តែខ្លាំងលើជនជាប់ចោទអៀង សារី។លោកអាងឧត្តម
បន្ថែមថា ទង្វើនេះនឹងធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌សម្រាប់កូនក្ដីរបស់លោក។

“ទាមទារឲ្យគាត់ដកខ្លួនពីសំណុំរឿងលេខ០០២។ យើងមានសាក្សីបញ្ជាក់ថា
គាត់អត់អព្យាក្រឹត។ គាត់បានណែនាំតាមសំដីរបស់សាក្សីថា ឲ្យរកភស្ដុតាង
ដាក់បន្ទុកឲ្យច្រើន ជាងភស្ដុតាងដោះបន្ទុក"។

សូមបញ្ជាក់ថា បណ្ដឹងរបស់សហមេធាវីការពារក្ដីអៀង សារី ធ្វើឡើងបន្ទាប់ពី
អតីតអ្នកស៊ើបអង្កេតម្នាក់របស់សាលាក្ដីខ្មែរក្រហមប្រកាសប្រាប់ប៉ូលិសរបស់
ប្រទេសអូស្ដ្រាលីថា លោកសហចៅក្រមស៊ើបអង្កេតម៉ាកសែល ឡឺម៉ុង បាន
ប្រាប់រូបគាត់ឲ្យប្រមូលភស្ដុតាងដាក់កំហុសលើជនជាប់ចោទជាជាងប្រមូល
ភស្ដុតាងដោះបន្ទុក។

លោកអាង ឧត្តម លើកឡើងថា លោក ម៉ាកសែល ឡឺម៉ុង បានប្រព្រឹត្តខុសនឹង
តួនាទីជាចៅក្រមស៊ើបអង្កេត។

លោកម៉ាកសែល ឡឺម៉ុងមិនអាចធ្វើទំនាក់ទំនងបានទេ នៅថ្ងៃនេះ។ប៉ុន្ដែលោក
ឡាស អលសិន (Lars Olsen) មន្រ្តីទំនាក់ទំនងកិច្ចការច្បាប់នៃសាលាក្ដីខ្មែរ
ក្រហមបានអះអាងថា លោកសហចៅក្រមស៊ើបអង្កេតជនជាតិបារាំងរូបនេះ
នឹងផ្ដល់ព័ត៌មានទាក់ទងរូបលោកទៅកាន់អង្គបុរេជំនុំជម្រះ ដែលក្រុមមេធាវី
បានដាក់ពាក្យបណ្ដឹងទៅកាន់ទីនោះ។

លោកឡាស អលសិននិយាយថា លោកចៅក្រម ម៉ាកសែល ឡឺម៉ុង មិនចង់ធ្វើ
សេចក្ដីអត្ថាធិប្បាយជាសាធារណៈលើការចោទប្រកាន់នេះទេ។ ប៉ុន្ដែប្រសិនបើ
បណ្ដឹងនេះដាក់ទៅកាន់អង្គបុរេជំនុំជម្រះ គាត់នឹងផ្ដល់ព័ត៌មានទាំងឡាយទៅ
កាន់អង្គបុរេជំនុំជម្រះ។

លោកឡុង បញ្ញាវុធ មន្ដ្រីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជាយល់
ឃើញថា ប្រសិនបើក្រុមមេធាវីមានភស្ដុតាងគ្រប់គ្រាន់បណ្ដឹងរបស់ពួកខ្លួនអាច
នឹងបង្ខំឲ្យលោកសហចៅក្រមស៊ើបអង្កេត ម៉ាកសែល ឡឺម៉ុង ដកខ្លួនពីសំណុំ
រឿងលេខ០០២បាន ក៏ប៉ុន្ដែការដកខ្លួននេះនឹងធ្វើឡើងតែក្នុងករណីរបស់លោក
អៀង សារីតែប៉ុណ្ណោះ ត្បិតមេធាវីសម្រាប់ជនជាប់ចោទដទៃទៀតមិនបានដាក់
បណ្ដឹងប្រឆាំងលោក ម៉ាកសែល ឡឺម៉ុង ទេ។

ផ្ទុយទៅវិញ លោក ឡាស អលសិន លើកឡើងថា បណ្ដឹងនោះនឹងមិនធ្វើឲ្យ
មានផលប៉ះពាល់ដល់ដំណើរការក្ដីសំណុំរឿងលេខ០០២ទេ។ សំណុំរឿងនេះ
រំពឹងថា នឹងត្រូវបើកសវនាការនៅដើមឆ្នាំ២០១០ ខាងមុខ៕

XS
SM
MD
LG