ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍កោះហៅ លោកស្រី មូរ សុខហួរ


ដើម្បីស្តាប់ព័ត៌មាននេះ

សាលាឧទ្ធរណ៍កោះហៅតំណាងរាស្ត្រគណបក្សប្រឆាំងលោកស្រី មូរ សុខហួរ
ឱ្យចូលរួមនៅក្នុងសវនាការអំពីបណ្តឹងឧទ្ធរណ៍របស់លោកស្រីប្រឆាំងនឹងសាល
ក្រមរបស់តុលាការក្រុងភ្នំពេញ ដែលបានដាក់ទោសលើលោកស្រីនោះ។

សាលាឧទ្ធរណ៍ប្រទេសកម្ពុជានឹងបើកការជំនុំជម្រះបណ្តឹងឧទ្ធរណ៍របស់តំណាង
រាស្ត្រគណបក្សប្រឆាំងលោកស្រី មូរ សុខហួរ នៅចុងខែនេះ អំពីការប្រឆាំងនឹង
សាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលបានពិន័យលោកស្រីចំនួន៤.០០០
ដុល្លារអាមេរិកសម្រាប់បទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តុលាការក្រុងភ្នំពេញបានបញ្ជាឱ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យចំនួន
៤.០០០ដុល្លារអាមេរិក កាលពីថ្ងៃទី ៤ខែ សីហា ប ន្ទាប់ពីបានរកឃើញទោស
កំហុសរបស់លោកស្រីអំពីបទបរិហារកេរិ៍្តលោក នាយករដ្ឋមន្រ្តី។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្តឹងបកប្រឆាំងនឹងលោកស្រីមូរ សុខហួរ
អំពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោកស្រីបានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៣
ខែមេសាដើម្បីប៉ុនប៉ងប្តឹងប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពីបទ
បរិហារកេរ្តិ៍លោកស្រីនៅក្នុងសុន្ទរកថានៅក្នុងខេត្តកំពត កាលពីខែមេសា។

លោកជេត ខេមរ៉ា ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានបញ្ជាក់នៅក្នុងលិខិត
អញ្ជើញថា 'យើងព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ សូមអញ្ជើញលោកជំទាវ
មូរ សុខហួរ ជាសមាជិកសភាមណ្ឌលខេត្តកំពត និងជាអគ្គលេខាធិការរងនៃ
គណបក្សសម រង្ស៊ី ឱ្យមកកាន់សាលាឧទ្ធរណ៍នៅថ្ងៃ២៨ ខែតុលា ឆ្នាំ២០០៩
នៅម៉ោង៨ព្រឹកដើម្បីចូលរួមសវនាការពីដំណើររឿងបរិហារកេរ្តិ៍ '។

លោក ជេត ខេមរ៉ាបានថ្លែងថា លោកស្រីមូរ សុខហួរត្រូវអញ្ជើញឱ្យចូលរួម
សវនាការឱ្យទាន់ពេលវេលានិងយកលិខិតផ្សេងៗដែលទាក់ទងនៅក្នុងសំណុំ
រឿងក្តីព្រហ្មទណ្ឌនេះមកជាមួយផង ប្រសិនបើ មាន។

រដ្ឋសភាបានបោះឆ្នោតព្យួរអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រគណ បក្ស
ប្រឆាំង២រូបគឺលោកស្រី មូរ សុខហួរ និង លោកហូ វ៉ាន់ តំណាងរាស្ត្រប្រចាំ
មណ្ឌលខេត្តកំពតនិងក្រុងភ្នំពេញ កាលពី ថ្ងៃទី២២ខែ មិថុនា ដើម្បីប្រឈម
នឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិង
មន្ត្រីយោធាជាន់ខ្ពស់ចំនួន២២រូប។

លោកគី តិច មេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងថា លោក
មានសុទិដ្ឋិនិយមអំពីការឈ្នះក្តីនៅក្នុងសវនាការរបស់សាលាឧទ្ធរណ៏ខាងមុខ
នេះ ដោយសារតែមានឯកសារភស្តុតាងគ្រប់គ្រាន់ សម្រាប់ការពារក្តីនេះ។

"ចំពោះខ្ញុំផ្ទាល់ ខ្ញុំយល់ថា បើទោះបីជារឿងក្តីនេះទៅសាលាឧទ្ធរណ៍ ក៏ខ្ញុំមាន
ឯកសារគ្រប់គ្រាន់ និងមានភស្តុតាងគ្រប់គ្រាន់សម្រាប់ការពារក្តីនេះ។ ហើយ
ផ្អែកលើនីតិវិធីនៃការសម្រេចរបស់តុលាការថ្នាក់ក្រោម ធ្វើបានត្រឹមត្រូវអញ្ចឹង
ខ្ញុំនៅតែមានសង្ឃឹមថា នៅសាលាឧទ្ធរណ៍នឹងមានប្រៀប"។

លោកស្រីមូរ សុខហួរបានបញ្ជាក់ថា លោកស្រីនឹងមិនអាចទទួលបានយុត្តិធម៌
ចំពោះក្តីរបស់លោកស្រីនេះទេ ព្រោះលោកស្រីយល់ឃើញថា តុលាការគ្មាន
ភាពឯករាជ្យពេញលេញទេ។

"រហូតដល់ពេលនេះ តុលាការមិនបានបង្ហាញឱ្យឃើញថា មានភាពឯករាជ្យទេ
ប៉ុន្តែជម្រើសរបស់ខ្ញុំអត់មានទេ បើខ្ញុំចង់រកយុត្តិធម៌តាមផ្លូវច្បាប់នោះ។ ខ្ញុំគ្មាន
ជម្រើសអ្វីក្រៅពីប្រើប្រព័ន្ធតុលាការ ដែលខ្ញុំយល់ឃើញថា មានភាពឯករាជ្យ
តិចតួចណាស់"។

ហេតុនេះ លោកស្រីមូរ សុខហួរបានអំពាវនាវដល់ចៅក្រមសាលឧទ្ធរណ៍យក
ឆន្ទានុសិទ្ធិដោយឈរលើកត្តាបីគឺ សមត្ថភាព ការវិនិច្ឆ័យដោយសម្បជញ្ញៈនិង
វិជ្ជាជីវៈនិងឯករាជ្យនិងអព្យាក្រឹតមកប្រើដើម្បីកាត់សេចក្តីករណីរបស់លោក
ស្រី។

កាលពីខែមុន តុលាការក្រុងភ្នំពេញបានទម្លាក់ការចោទប្រកាន់ប្រឆាំងលោក
ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសម រង្ស៊ីពីបទបរិហារកេរ្តិ៍មន្ត្រីយោធាជាន់ខ្ពស់
ចំនួន២២រូប។ និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក លោក ហង្ស ចក្រា លំអៀង
ទៅរកគណបក្សប្រឆាំង ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំអំពីការ
ចោទប្រកាន់ថា មន្ត្រីមួយចំនួននៅក្រោមលោកឧបនាយករដ្ឋមន្ត្រីសុខ អាន
ប្រព្រឹត្តិអំពើពុករលួយ៕

XS
SM
MD
LG