ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន ប្រឆាំងការ កោះហៅមន្រ្តីជាន់ខ្ពស់កម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចេញប្រតិកម្ម
ជំទាស់ទៅនឹងការកោះអញ្ជើញ ជាឯកតោភាគីរបស់សហចៅក្រមស៊ើបអង្កេត
ខាងភាគីអន្តរជាតិ ដែលបានកោះហៅមន្រ្តីជាន់ខ្ពស់កំពូលៗនៃគណបក្សប្រជា
ជនកម្ពុជាចំនួន ៦រូប ឲ្យទៅផ្តល់សក្ខីកម្មនៅក្នុងសាលាក្តីប្រល័យពូជសាសន៍
សម្រាប់កាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលបានសម្លាប់មនុស្សអស់ជាង
១,៧លាននាក់ នៅក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។

កាលពីល្ងាចថ្ងៃពុធ លោកម៉ាសែល ឡឺម៉ុង សហចៅក្រមស៊ើបអង្កេតខាងភាគី
អន្តរជាតិបានចុះហត្ថលេខាជាឯកតោភាគីដោយគ្មានវត្តមានលោកយូ ប៊ុនឡេង
សហចៅក្រមស៊ើបអង្កេតខាងភាគីកម្ពុជា ។

នៅក្នុងលិខិតរបស់លោកដែលបានផ្សព្វផ្សាយតាមគេហទំព័ររបស់សាលាក្តីខ្មែរ
ក្រហមលោក ម៉ាសែល ឡឺម៉ុង បានកោះអញ្ជើញលោកជា ស៊ីម ប្រធានគណ
បក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានកិត្តិយស
របស់គណបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភា លោកឧបនាយករដ្ឋមន្រ្តី
ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តីគាត ឈន់
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សមាជិកព្រឹទ្ធសភាចំនួន២រូបផ្សេង
ទៀតគឺលោកស៊ីម កានិងចុងក្រោយគេគឺលោក អ៊ុក ប៊ុនឈឿន ។

មួយថ្ងៃក្រោយពីចេញលិខិតកោះហៅមន្រ្តីជាន់ខ្ពស់ចំនួន៦រូបនេះ លោកនាយ
ករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីរំឭកខួប៣០ឆ្នាំរបស់ធនា-
គារជាតិនៃកម្ពុជា នៅសាលសន្និសីទចតុមុខ។លោកហ៊ុន សែនបានលើកឡើង
ថា ការកោះហៅនេះប្រៀបដូចជាកោះអញ្ជើញដើមចោទទៅទម្លាក់កំហុសទៅ
លើជនជាប់ចោទអញ្ចឹង។

"ហេតុអ្វីបានគេហៅដើមចោទទៅធ្វើសាក្សី ពីព្រោះគេដឹងថា អ្នកទាំងហ្នឹងគឺជា
អ្នកផ្តួលអាពត ។ អ្នកទាំងហ្នឹងក៏ជាអ្នកអនុម័តច្បាប់កាត់ទោសខ្មែរក្រហម។
អើចុះបើធ្វើសាក្សី អញ្ចឹងចុងចោទមិនកាន់តែងាប់ទៅហើយ"។

លោកម៉ាសែល ឡឺម៉ុង សហចៅក្រមស៊ើបអង្កេតខាងភាគីអន្តរជាតិ ពុំអាចស្នើ
សុំដើម្បីទំនាក់ទំនងបានទេ នៅថ្ងៃនេះ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោក
ដែលត្រូវបានស្រង់សម្តីនៅក្នុងកាសែត

ជាភាសាអង់គ្លេសមួយឈ្មោះថា The Cambodia Daily លោកបាននិយាយថា
លោកមកទីនេះដើម្បីធ្វើការងារជាចៅក្រម ហើយប្រសិនណាបើលោកពុំធ្វើការ
ងារនេះបានទេ លោកនឹងចាកចេញ។

ចំណែកឯលោកយូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតខាងភាគីកម្ពុជា ពុំបាន
ធ្វើអត្ថាធិប្បាយទេ ដោយលោកបានមានប្រសាសន៍ថា កំពុងជាប់រវល់ប្រជុំ។

លោកឌឹម សុវណ្ណរម្យ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ថា
នេះជាដំណើរការយុត្តាធិការរបស់សាលាក្តីខ្មែរក្រហម ។ លោកពុំធ្វើត្ថាធិប្បាយ
ទេ ។

"នេះគឺជានីតិវិធីរបស់យុត្តាធិការដែលធ្វើឡើងនៅក្នុង អ.វ.ត.ក. ជាពិសេសគឺ
ជាការសម្រេចរបស់លោកម៉ាសែល ឡឺម៉ុង ដែលលោកបានស្នើសុំឲ្យមានកោះ
អញ្ជើញជនសង្ស័យជាឥស្សរជន។ ក៏ប៉ុន្តែ ចំពោះខ្ញុំបាទ ជាអ្នកនាំពាក្យពុំធ្វើ
អត្ថាធិប្បាយចំពោះកិច្ចការនេះទេ បាទ។

លោកទិត សុធា ទីប្រឹក្សារដ្ឋាភិបាល និង ជាអ្នកនាំពាក្យអង្គភាពប្រតិកម្មព័ត៌
មាននៃទីស្តីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា ការកោះអញ្ជើញដែលធ្វើជាឯក
តោភាគីរបស់ចៅក្រមស៊ើបអង្កេតខាងភាគីអន្តរជាតិនេះ ខ្វះលក្ខណគ្រប់គ្រាន់
ខាងផ្លូវច្បាប់ ។ លោកបានបញ្ជាក់ថា ការអញ្ជើញមន្រ្តីជាន់ខ្ពស់ទាំងនេះអាច
នឹងធ្វើឲ្យខូចខាតសណ្តាប់ធ្នាប់ និង បង្កឲ្យមានអស្ថេរភាពនយោបាយនៅក្នុង
សង្គម។

"នេះគឺជាការប្រឆាំងនឹងសតិសម្បជញ្ញៈនិងឆន្ទៈនៃការចង់បានរបស់ប្រជាពល
រដ្ឋខ្មែរ"។

លោកឡុង បញ្ញាវុធ មន្រ្តីសម្របសម្រួលគម្រោងយុត្តិធម៌នៅកម្ពុជា បានអបអរ
សាទរចំពោះការកោះហៅនេះ ។ លោកបានបញ្ជាក់ថា នេះបង្ហាញឲ្យឃើញថា
មានការវិត្តជាវិជ្ជមានទៀតក្នុងសាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោស
ពួកអតីតមេដឹកនាំខ្មែរក្រហម។

"ជាការមួយល្អដែរ ដែលគាត់បានប្រាប់ ហើយសាធារណជនបានយល់ដឹងទាក់
ទងនឹងការរីកចម្រើន។ ប៉ុន្តែនៅក្នុងនាមគាត់ជាសហចៅក្រមស៊ើបអង្កេត គាត់ក៏
ត្រូវជ្រើសរើសផងដែរថា តើសាក្សីណាខ្លះដែលចាំបាច់ដែលត្រូវតែមកបំភ្លឺដើម្បី
បង្ហាញឲ្យឃើញការពិត និងពិរុទ្ធភាពនោះ"។

សាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម
ជិតឈានចូលដល់ទីបញ្ចប់ហើយលើសំណុំរឿង០០១របស់លោកកាំង ហ្គិចអ៊ាវ
ហៅ ឌុច អតីតមេគុកទួលស្លែង ។

ចំណែកឯសំណុំរឿង០០២ ដែលមានមេដឹកនាំកំពូលៗចំនួន៤រូប គឺលោកខៀវ
សំផន អតីតប្រមុខរដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោកនួន ជាអតីតប្រធាន
រដ្ឋសភា លោកអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសនិងភរិយារបស់លោក
គឺលោកស្រីអៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នឹងត្រូវបន្តនីតិវិធីរបស់
ខ្លួននៅឆ្នាំក្រោយនេះ៕

XS
SM
MD
LG