ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកគណបក្សជំទាស់ត្រូវអាជ្ញាធរ ខេត្តបន្ទាយមានជ័យចាប់ខ្លួន


សមាជិកគណបក្សជំទាស់ក្នុងប្រទេសកម្ពុជា ត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យ
ចាប់ខ្លួននៅថ្ងៃពុធនេះ ទាក់ទងនឹងជម្លោះដីធ្លីមួយកន្លែង។ មន្ដ្រីអង្គការសិទ្ធិ
មនុស្សចាត់ទុកថា គឺជាការចាប់ខ្លួនដោយខុសច្បាប់។

លោកលី ស្រីមុនិន្ទ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គណបក្សសម រង្ស៊ី
ដែលទើបនឹងជាប់ឆ្នោតថ្មី ត្រូវអាជ្ញាធរប៉ូលិសខេត្តបន្ទាយមានជ័យចាប់ខ្លួន
កាលពីព្រឹកថ្ងៃពុធនេះក្រោមការចោទប្រកាន់អំពីបទជេរប្រមាថ និងញុះញង់
បង្កអគ្គីភ័យលើទីសាធារណៈ។

លោកសៅ ពលក្ខណ៍ សមាជិកក្រុមប្រឹក្សាស្រុកអូរជ្រៅរបស់គណបក្សសម
រង្ស៊ីដែលបានឃើញហេតុការណ៍នេះបានរៀបរាប់ថា លោកលី ស្រីមុនិន្ទត្រូវ
ចាប់ខ្លួនខណៈដែលលោកដើរចេញពីសាលប្រជុំ នៅវេលាម៉ោងប្រមាណជា
១០កន្លះព្រឹកមិញនេះ។

"ក្រោយពេលដែលប្រជុំក្រុមប្រឹក្សាក្រុងប៉ោយប៉ែតចប់ គាត់ចុះមក។ពេលដែល
ចុះមកឃើញប៉ូលិសត្រៀមចាំចាប់តែម្ដង ។ គេចាប់ហើយគេដាក់ខ្នោះ ។ គេ
បញ្ជូនឡើងទៅស្នងការខេត្តតែម្ដង "។

យោងតាមប្រភពពីតុលាការនិងពីក្រុមអង្គការការពារសិទ្ធិមនុស្សបានឲ្យដឹងថា
សកម្មជនគណបក្សជំទាស់អាយុ៣៩ឆ្នាំរូបនេះ ត្រូវចោទប្រកាន់ថា បានជេរ
ប្រមាថ និងញុះញង់ឲ្យមានការដុតកង់ឡានប្រឆាំងនឹងការអនុវត្តន៍សាលដីកា
របស់តុលាការកំពូលទៅលើទំនាស់ដីមួយកន្លែងរវាងប្រជាជន និង ប្រជាជន
ដូចគ្នា ចំនួន៦គ្រួសារនៅក្នុងក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ២៣ ខែកក្កដាកន្លង
ទៅ។

អាជ្ញាធរបានចាប់ឃុំខ្លួនប្រជាជនចំនួន៣១នាក់ នៅក្នុងការអនុវត្តន៍សាលដីកា
នោះ។ ប្រជាពលរដ្ឋទាំងនោះដែលរួមមានបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយ
ផង ត្រូវបានដោះលែងមកវិញ ប៉ុន្មានថ្ងៃក្រោយពីមានការប្រទាញប្រទង់។

លោកចាន់ សាវ៉េត មន្ដ្រីស៊ើបអង្កេតរបស់អង្គការការពាសិទ្ធិមនុស្សអាហុកបាន
ឲ្យដឹងថា លោកលី ស្រីមុនិន្ទ មិនបានស្ថិតនៅក្នុងព្រឹត្តិការណ៍ដូចបានយោង
នៅក្នុងការចោទប្រកាន់នោះទេ ត្បិតលោកមានធុរៈនៅក្រុងភ្នំពេញ។

លោកចាន់ សាវ៉េត អះអាងថា ជនជាប់ចោទមិនត្រូវបានកោះហៅទៅសាកសួរ
ទេ ហើយជនជាប់ចោទក៏មិនដឹងអំពីការចោទប្រកាន់លើរូបលោកដែរ។ លោក
ចាន់ សាវ៉េត ចាត់ទុកថា នេះជាការចាប់ខ្លួនដោយខុសច្បាប់។

“ការអនុវត្តន៍របៀបនេះគឺការចាប់ខ្លួនខុសច្បាប់ហើយ។ វាជាករណីរំលោភសិទ្ធិ
មនុស្សធ្ងន់ធ្ងរ ហើយមួយទៀត វាក៏ជាសញ្ញានៃការគម្រាមកំហែងទៅដល់
សកម្មជននៃបក្សនយោបាយមួយចំនួន ផ្សេងទៀតដែរ"។

ទីចាត់ការរបស់គណបក្សសម រង្ស៊ីនិងអង្គការអាហុកប្រចាំខេត្តបន្ទាយមានជ័យ
បានទាមទារឲ្យតុលាការដោះលែងសកម្មជនជំទាស់ឲ្យមានសេរីភាពមកវិញនិង
លើកលែងការចោទប្រកាន់ទាំងស្រុង។

លោកចៅក្រម អាំង មាលតី ប្រធានតុលាការខេត្តបន្ទាយមានជ័យ និងជាអ្នក
កាន់សំណុំរឿងនេះ បានបដិសេដមិនផ្ដល់ការពន្យល់ណាមួយទេ ដោយលោក
អះអាងថា លោកជាប់រវល់៕

XS
SM
MD
LG