ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជារកឃើញមនុស្សទី៣ស្លាប់ដោយសារជម្ងឺ AH1N1។ ករណីទី៣
នេះបានកើតឡើងលើស្រ្តីមានផ្ទៃពោះ៧ខែ ក៏ប៉ុន្តែទារកនៅរស់រានមានជីវិត
នៅឡើយ ក្រោយពីក្រុមគ្រូពេទ្យបានវះកាត់ចេញពីផ្ទៃម្តាយ។
លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់VOAសម្លេង
សហរដ្ឋអាមេរិក ប៉ុន្មានម៉ោងមុននេះថា ប្រទេសកម្ពុជា ទើបរកឃើញមនុស្ស
ទី៣ដែលបានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺ AH1N1 ដែលហៅថា ជម្ងឺគ្រុន
ផ្តាសាយជ្រូក។ ករណីនេះបានកើតមានឡើងទៅលើស្រ្តីមានផ្ទៃពោះ៧ខែ។ ក៏
ប៉ុន្តែទារកត្រូវបានសង្រ្គោះទាន់ពេលវេលា ក្រោយពីក្រុមគ្រូពេទ្យបានវះកាត់
ចេញពីផ្ទៃម្តាយរួចមក។ លោក ម៉ម ប៊ុនហេងបានបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះ
ដែលបានស្លាប់បាត់បង់ជីវិតនោះ អាយុ២៥ឆ្នាំ។ គាត់បានស្លាប់បាត់បង់ជីវិត
ភ្លាមៗ វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអង្គារនេះ ក្រោយពីបានផ្ទុកជម្ងឺ AH1N1។
ក៏ប៉ុន្តែទារកនៅក្នុងផ្ទៃពុំបានឆ្លងមេរោគនេះពីម្តាយទេ។ លោកបានមានប្រសា-
សន៍ថា ទារកកំពុងតែទទួលការពិនិត្យព្យាបាលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ
កាលម៉ែតក្រុងភ្នំពេញ ។
"គ្រូពេទ្យបានខិតខំធ្វើការវះកាត់យកកូនក្មេង ទារកនោះបាន។ ឥឡូវនេះស្ថិត
នៅក្នុងការថែទាំ”។
ប្រទេសកម្ពុជាមានអ្នកស្លាប់បាត់បង់ជីវិតដោយសារជម្ងឺAH1N1នេះ ឈានដល់
៣នាក់ហើយ គឺស្រ្តីមានផ្ទៃពោះ អាយុ២៥ឆ្នាំ ដែលទើបស្លាប់កាលពីព្រឹកមិញ
នេះនិងបុរសម្នាក់អាយុ៤៧ឆ្នាំ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃច័ន្ទម្សិលមិញ
នេះ ចំណែកឯស្រ្តីមួយរូបផ្សេងទៀត អាយុ៤១ឆ្នាំ បានស្លាប់មុនដំបូងគេកាល
ពីខែមុន។
លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ជម្ងឺ AH1N1 បានឆ្លងរាលដាល
យ៉ាងឆាប់រហ័ស ដែលគួរគប្បីត្រូវពង្រឹងអនាម័យក្នុងការបង្ការ ។
"យើងត្រូវពង្រឹងការអប់រំសុខភាព ឲ្យប្រជាពលរដ្ឋយើងកាន់តែយល់ដឹងអំពី
អនាម័យអំពីវិធានការបង្ការ ដែលយើងបានផ្សព្វផ្សាយជូន ជាពិសេសការខាក
ស្តោះឬត្រូវយកកន្សែង យកក្រដាសជូត ហើយដាក់ទៅក្នុងធុងសម្រាម ហើយ
កុំស្តោះនៅកន្លែងកណ្តាលវាល និង ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ”។
អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាបាន
ប្រកាសថា រហូតមកដល់ថ្ងៃអង្គារនេះមានអ្នកឆ្លងជំងឺដោយសារគ្រុនផ្តាសាយ
ថ្មីAH1N1នេះបានកើនឡើងដល់១២០នាក់ហើយ នៅក្នុងនោះ មានអ្នកស្លាប់
ចំនួន៣នាក់ ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មាន
មនុស្សប្រមាណ៣៤ម៉ឺននាក់ត្រូវរកឃើញថា មានផ្ទុកមេរោគ AH1N និងបាន
សម្លាប់មនុស្សចំនួន៤.១០០នាក់នៅទូទាំងពិភពលោក៕