ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ“មិត្តនៃវប្បធម៌ខ្មែរ” រកមូលនិធិជួយវប្បធម៌ខ្មែរ


ដើម្បីស្តាប់ព័ត៌មាននេះ

ខ្មែរអាមេរិកាំងរួមគ្នាជួយវប្បធម៌ខ្មែរប្តេជ្ញាគាំទ្រកេរដំណែលវប្បធម៌សល្បៈខ្មែរ
គឺជាបាវចនារបស់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា“មិត្តនៃវប្បធម៌ខ្មែរ”
(Friends ofKhmer Culture) ដែលហៅកាត់ថា ហ្វក់ស៊ី (FOKCI) ។

សមាជិករបស់អង្គការ ហ្វក់ស៊ី បានប្រារព្ធ
ពិធីជួបជុំគ្នាមួយ កាលពីថ្ងៃទី០២ខែតុលា
ឆ្នាំ២០០៩ កន្លងទៅនេះនៅរដ្ឋម៉ារីលែនដ៍
(Maryland)ដើម្បីប្រមូលបច្ច័យជួយគាំទ្រ
កិច្ចការថែទាំកេរដំណែលសិល្បៈវប្បធម៌
ខ្មែរ។
ពិធីជួបជុំនោះមានអ្នកចូលរួមជាង១០០
នាក់ ដែលរួមមានលោកហែម ហេងឯក
អគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និង បណ្ឌិត ហ្វ្រ៊ែងគ្លីន ហាហ្វមែន
(Franklin Huffman)ដែលជាសមាជិកក្រុមប្រឹក្សាអង្គការ ហ្វក់ស៊ី ជាអតីតអ្នក
ការទូត សាស្រ្តាចារ្យសាកលវិទ្យាល័យនិងជាអ្នកនិពន្ធសៀវភៅជាច្រើនក្បាល
អំពីកម្ពុជា ជាពិសេសសៀវភៅបង្រៀនភាសាខ្មែរដល់ជនបរទេស និងវចនានុ
ក្រមអង់គ្លេសខ្មែរដែលសិស្ស និងនិស្សិតកម្ពុជាជាច្រើនប្រើប្រាស់ជាមូលដ្ឋាន
ក្នុងការសិក្សាភាសាអង់គ្លេស ។

នៅឯពិធីជួបជុំគ្នានោះ បណ្ឌិតហ្វ្រ៊ែងគ្លីន ហាហ្វមែនបានប្រាប់ វីអូអេ ផ្នែកខេមរ
ភាសាថា អង្គការនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០០ ដោយអ្នកដែល
ព្រួយបារម្ភអំពីការរស់ឡើងវិញនៃកេរដំណែលសិល្បៈវប្បធម៌ខ្មែរ។អ្វីដែលពិភព
លោកស្គាល់ច្រើននោះគឺអង្គរវត្ត ប៉ុន្តែអ្វីដែលគេមិនដឹងនោះគឺមានប្រាសាទនិង
ការដ្ឋានបូរាណវិទ្យារាប់រយរាប់ពាន់ផ្សេងទៀតនៅពាសពេញប្រទេសកម្ពុជាដែល
ត្រូវបានបំភ្លេច។ លោកមានប្រសាសន៍ថា៖

“អង្គការហ្វក់ស៊ីត្រូវបានបង្កើតឡើងដើម្បីផ្តោតទៅលើតំបន់ទាំងនេះ ដែលត្រូវ
បានបំភ្លេចចោលដោយអ្នកជំនួយធំៗ។ អង្គការមិត្តនៃវប្បធម៌ខ្មែរនេះជួយដល់
សកម្មភាពជាច្រើន ជាអាទិ៍ គេជួយកម្មវិធីបណ្តុះបណ្តាលមួយសម្រាប់ការជួស
ជុលឡើងវិញនូវប្រាសាទបន្ទាយឆ្មារនៅខេត្តបន្ទាយមានជ័យ ។ គេជួយបណ្តុះ
បណ្តាលនិស្សិតខ្មែរក្មេងៗអំពីកិច្ចការអភិរក្ស។គេផ្តល់អាហារូបករណ៍ដល់និស្សិត
ទៅរៀននៅបរទេស” ។

លោកហែម ហេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានប្រាប់ វីអូអេ
ផ្នែកខេមរភាសា នៅឯការជួបជុំនោះថា លោករីករាយការដែលបានឃើញប្រជា
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ចូលរួមយ៉ាងសស្រាក់សស្រាំជួយអភិរក្សប្រាសាទ
បុរាណខ្មែរដែលបានបាក់បែកដោយសារសង្រ្គាមជាយូរឆ្នាំ។ លោកហែម ហេង
មានប្រសាសន៍ថា៖

“ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយណាស់ដែលបានមកចូលរួមក្នុងពិធីរៃអង្គាសប្រាក់
ដើម្បីជួយថែរក្សា និងស្តារប្រាសាទរបស់ខ្មែរយើងដោយអង្គការមួយហៅថា មិត្ត
នៃវប្បធម៌ខ្មែរ ជាអង់គ្លេសហៅថា “Friends of Khmer Culture” ។

អង្គការនេះសោតមិនមែនជួយតែស្តារប្រាសាទ ឬក៏ថែរក្សាប្រាសាទទេ គឺថែម
ទាំងមានបណ្តុះបណ្តាលធនធានមានមនុស្សជាដើម ដែលជាកាយវិការមួយល្អ
ណាស់” ។

លោកស្រី ណារិន សេង ចេមសិន (Narin Seng Jameson) សមាជិកក្រុម
ប្រឹក្សាអង្គការ មិត្តនៃវប្បធម៌ខ្មែរ និងដែលជាអ្នកជួយរៀបចំពិធីប្រមូលបច្ច័យ
នេះបានប្រាប់ វីអូអេ ផ្នែកខេមរភាសាថា លោកស្រីរីករាយ ដែលបានឃើញមាន
អ្នកមកចូលរួមគាំទ្រយ៉ាងច្រើនកុះករបែបនេះ ហើយថវិកាដែលបានមកនឹង
ត្រូវជួយដល់ការស្រាវជ្រាវចងក្រងសិល្បៈវប្បធម៌ខ្មែរ ។ លោកស្រីណារិន ចេម
សិនបន្តទៀតថា៖

“ខ្ញុំធ្វើការជប់លៀងសម្រាប់ប្រមូលថវិកាដើម្បីទៅជួយអង្គការ ហ្វក់ស៊ី គឺថា អ៊ុំ
សប្បាយចិត្តណាស់ដោយឃើញខ្មែរមកច្រើន ហើយគិតថា ខ្មែរយើងនៅមាន
ចិត្តស្រឡាញ់វប្បធម៌ និងប្រទេសជាតិយើងណាស់” ។

អង្គការមិត្តនៃវប្បធម៌ខ្មែរត្រូវបានបង្កើតឡើងដើម្បីធ្វើការជាមួយស្ថាប័នមួយចំនួន
របស់កម្ពុជាក្នុងការអភិវឌ្ឍគម្រោងដើម្បីជួយអភិរក្សវប្បធម៌ខ្មែរ ។ អង្គការមិត្តនៃ
វប្បធម៌ខ្មែរជួយគាំទ្រសិល្បៈវប្បធម៌ខ្មែរគ្រប់ទម្រង់ដែលមានសារៈសំខាន់សម្រាប់
ជួយកសាងឡើងវិញនូវអង្គការសង្គមស៊ីវិល និង បំផុសការយល់ដឹងអំពីតម្លៃ
វប្បធម៌ខ្មែរទាំងក្នុងនិងក្រៅប្រទេសកម្ពុជា៕

XS
SM
MD
LG