សហមេធាវីរបស់លោក ខៀវ សំផន បានអះអាងថា តុលាការនៅមិនទាន់រក
ឃើញភស្ដុតាងបង្ហាញថា កូនក្ដីរបស់ខ្លួនជាប់ពាក់ព័ន្ធនឹងការសម្លាប់ប្រជាជន
ខ្មែរអស់ជិត២ លាននាក់នៅឡើយ ។ សេចក្ដីអះអាងនេះធ្វើឡើង ខណៈដែល
សហចៅក្រមស៊ើបអង្កេតគ្រោងនឹងបិទបញ្ចប់ការស៊ើបអង្កេតនៅចុងឆ្នាំនេះ។
សហមេធាវីកម្ពុជា លោក ស សាវ៉ាន បានអះអាងនៅថ្ងៃច័ន្ទនេះថា សហចៅ
ក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម មិនទាន់រកឃើញភស្ដុតាងណាមួយ
ដែលបង្ហាញថា កូនក្ដីរបស់លោកគឺ លោក ខៀវ សំផន ជាប់ពាក់ព័ន្ធទៅនឹង
ការសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរនោះទេ។
អតីតប្រមុខរដ្ឋអាយុ ៧៧ ឆ្នាំរូបនេះ ត្រូវចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០០៧ពី
បទឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទិនទៅនឹង
ការសម្លាប់ប្រជាជនកម្ពុជាអស់ជិត ២ លាន នាក់។
លោកសហមេធាវី ស សាវ៉ាន មានប្រសាសន៍ថា រហូតមកទល់ពេលនេះ ការ
ស៊ើបអង្កេតមិនទាន់បង្ហាញភស្ដុតាងណាមួយដែលថា កូនក្ដីរបស់លោកមាន
ចំណែកនៅក្នុងឧក្រិដ្ឋកម្មនេះទេ។
"ដល់ថ្ងៃនេះ ម៉ោងហ្នឹង ភស្ដុតាងដែលថានោះ វាអត់ឃើញ។ ឥឡូវគេកំពុងរក
ទៀត ហើយយើងក៏ចេះតែតាមដានជាមួយគេ។ កាលណាគេរកឃើញ គេប្រាប់
យើងហើយ។ដូចខ្ញុំនិយាយអញ្ចឹង មិនទាន់ឃើញ អត់ទាន់ឃើញអីជាក់លាក់"។
សេចក្តីអធិប្បាយរបស់លោក ស សាវ៉ាន ធ្វើឡើងស្របពេលដែលសហចៅក្រម
ស៊ើបអង្កេតរបស់់សាលាក្ដីខ្មែរក្រហមគ្រោងបិទបញ្ចប់ការស៊ើបអង្កេតសំណុំរឿង
លេខ០០២នៅក្នុងដំណាច់ឆ្នាំ២០០៩នេះ ។ សំណុំរឿងលេខ០០២មានជនជាប់
ចោទដែលជាអតីតមេដឹកនាំខ្មែរក្រហមកំពូលៗចំនួន៤នាក់ រួមមានខៀវ សំផន
នួន ជា អតីតប្រធានសភាខ្មែរក្រហម អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និង
ជារដ្ឋមន្ដ្រីការបរទេស និងប្រពន្ធរបស់គាត់ គឺអៀងធារិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួង
សង្គមកិច្ច។
លោកស សាវ៉ានរំពឹងថា កូនក្ដីរបស់គាត់ ខៀវ សំផននឹងអាចរួចខ្លួនដោយសារ
តែភាពស្អាតស្អំ។
“គាត់ស្អាតស្អំ ដែលធ្វើឲ្យខ្ញុំមានជំនឿថា មនុស្សនោះមិនអាចក្លាយជាឧក្រិដ្ឋ
ជនបានទេ "។
លោក យូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតកម្ពុជា មានប្រសាសន៍ថា នេះ
គ្រាន់តែជាការលើកឡើងរបស់មេធាវីការពារជនជាប់ចោទតែប៉ុណ្ណោះ។ លោក
បន្ថែមថា កិច្ចស៊ើបអង្កេតនៅតែបន្ដនៅឡើយ តែប្រសិនជាគ្មានភស្ដុតាងគ្រប់
គ្រាន់មែន នោះ ខៀវ សំផនអាចនឹងរួចខ្លួន។
"បើសិនជាគ្មានភស្ដុតាងចុងក្រោយបំផុត នោះយើងនឹងលើកលែងការចោទ
ប្រកាន់។ ហើយនៅក្នុងដំណាក់កាលនេះ យើងមិនអាចថាបានទេ "។
លោក ឡុង បញ្ញាវុធ មន្ដ្រីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជា ក៏
បានយល់ស្របដែរថា នេះជាការអះអាងរបស់មេធាវីដើម្បីប្រយោជន៍កូនក្ដីរបស់
ខ្លួន។ យ៉ាងណាក៏ដោយ គេត្រូវរង់ចាំការស៊ើបអង្កេតចប់សព្វគ្រប់ជាមុនសិន។
លោកខៀវ សំផន ធា្លប់បានអះអាងដោយផ្ទាល់ខ្លួននិងតាមរយៈសៀវភៅរបស់
គាត់ដែលមានចំណងជើងថា “ប្រវត្តិសាស្ដ្រថ្មីៗ និងគោលជំហរបស់ខ្ញុំជាបន្ដ
បន្ទាប់” និងសៀវភៅដែលមានចំណងជើងថា “ពិចារណារអំពីប្រវត្តិសាស្ដ្រពី
ដើមរហូតដល់កម្ពុជាប្រជាធិបតេយ្យ” ថា គាត់មិនបានដឹងពីការកាប់សម្លាប់
ប្រជាជនកម្ពុជាស្លូតត្រង់នោះទេ។
ប៉ុន្ដែអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ដខ្លះជំទាស់ថា នេះគ្រាន់តែជាការដោះសាររបស់
លោក ខៀវ សំផន៕