ដើម្បីស្តាប់ព័ត៌មាននេះ
សវនាការក្នុងបទបរិហារកេរ្តិ៍រវាងលោក សម រង្ស៊ី ប្រធានគណបក្ស ប្រឆាំង និង
លោករដ្ឋមន្រ្តីក្រសួងការបរទេសហោ ណាំហុងក្នុងតុលាការប្រទេសបារាំងដែល
គ្រោងនឹងយកមកពិនិត្យនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ត្រូវបានលើកពេលវិញ
ហើយដោយសារមូលហេតុសុខភាព និង ការរៀបចំសំណុំឯកសារមិនទាន់ចប់
សព្វគ្រប់។
លោកសម រង្ស៊ី ដែលពេលនេះកំពុងស្ថិតនៅប្រទេសបារាំង ប្រាប់ វីអូអេ សម្លេង
សហរដ្ឋអាមេរិកតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃច័ន្ទថា សវនាការនេះនឹងត្រូវលើក
ពេលមួយរយៈសិន ដោយមូលហេតុបច្ចេកទេសនិងមិនអាចដំណើរការបានតាម
ការគ្រោងសម្រាប់ថ្ងៃទី៨ ខែតុលាខាងមុខនេះទេ។
“ខ្ញុំមានព័ត៌មានខ្លីទេ ពីព្រោះមេធាវីខ្ញុំគាត់បានប្រាប់ខ្ញុំថា អាចមានបញ្ហាមិនទាន់
ដោះស្រាយ អាចពន្យារ ដូច្នេះប្រហែលជាមិនមានជួបជុំគ្នាថ្ងៃ ៨ ហ្នឹងទេ។ ខ្ញុំនៅ
រង់ចាំព័ត៌មានពីមេធាវីខ្ញុំសិន ឥតទាន់មានអ្វីបញ្ជាក់១០០ភាគរយនៅឡើយទេ”។
លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានប្តឹងលោក សម រង្ស៊ី
ពីបទបរិហារកេរ្តិ៍ ទៅតុលាការប្រទេសបារាំង បន្ទាប់ពីលោកប្រធានគណបក្ស
ប្រឆាំងនេះ បានចេញផ្សាយសៀវភៅអំពីជីវប្រវត្តិផ្ទាល់ខ្លួនមួយ ដោយក្នុងនោះ
មានការចោទប្រកាន់ ដែលអាចយោងដល់លោក ហោ ណាំហុង ថា ជាប្រធាន
មន្ទីរអប់រំកែប្រែបឹងត្របែក និងត្រូវបានសង្ស័យថា បានធ្វើឱ្យស្លាប់បាត់បង់ជីវិត
មនុស្សជាច្រើននាក់។ ការកាត់ក្តីមួយវគ្គកន្លងមកកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ
នេះបានសម្រេចឱ្យលោកសម រង្ស៊ីចាញ់ក្តី ប៉ុន្តែត្រូវលោកសម រង្ស៊ី មិនសុខចិត្ត
ហើយបន្តប្តឹងទៅសាលាឧទ្ធរណ៍ទៀត។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ វីអូអេ សម្លេង
សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃច័ន្ទដែរថា លោកហោ ណាំហុង ក៏បានទទួល
ដំណឹងតាមរយៈមេធាវីរបស់លោកដែរថា សវនាការនៅសាលាឧទ្ធរណ៍នឹងត្រូវ
ផ្អាកមួយរយៈសិន ដោយសារបញ្ហាសុខភាពរបស់លោក សម រង្ស៊ី។
“បាទ នៅទេ ។ គេគ្រាន់តែថា ពន្យារពេល ព្រោះដោយសារតែលោកសម រង្ស៊ី
មានលិខិតបញ្ជាក់សុខភាព ថាគាត់មានបញ្ហាសុខភាព ដោយមិនអាចចូលរួម
សវនាការ នៅសាលាឧទ្ធរណ៍នៅថ្ងៃទី៨ ខែតុលានេះបាន” ។
ពីគេហដ្ឋានក្នុងក្រុងប៉ារីស លោកសម រង្ស៊ីបានប្រាប់ វីអូអេ ដោយទទួលស្គាល់
ថា លោកនិងមេធាវីរបស់លោកមានបញ្ហាសុខភាពខ្លះៗ ដែលជាកត្តាមួយរួម
ចំណែកដល់ការពន្យារពេលសវនាការនេះដែរ។
“ខ្ញុំមកដល់នេះមក មិនសូវស្រួលខ្លួនមែន ហើយមេធាវីខ្ញុំ ឥឡូវហ្នឹងមានជំងឺ
ផ្តាសាយធំ វាឆ្លងរាលដាលពេញនៅប៉ារីសនេះ”។
តុលាការទីក្រុងប៉ារីសរបស់ប្រទេសបារាំងបានសម្រេចនាពេលកន្លងមកឱ្យលោក
សម រង្ស៊ី សងការខូចខាតកិត្តិយសដល់លោក ហោ ណាំហុង ជាប្រាក់ចំនួនមួយ
អឺរ៉ូ ដែលជិតស្មើនឹងមួយដុល្លារកន្លះ ហើយក៏បានបង្គាប់ឱ្យលុបចោលទំព័រមួយ
ក្នុងសៀវភៅ"ឫសចាក់ក្នុងថ្ម"របស់លោកសម រង្ស៊ី ដែលបានសរសេរថ "ប៉ុន្មាន
ឆ្នាំក្រោយមក លោករដ្ឋមន្រ្តីការបរទេសរូបនោះអាចក្លាយជាអ្នកធ្វើសហការជា
មួយក្រុមខ្មែរក្រហម ហើយសង្ស័យថា មានជាប់ពាក់ព័ន្ធធ្វើឱ្យស្លាប់បាត់បង់ជីវិត
មនុស្សជាច្រើននាក់ ក្នុងនោះមានសមាជិកក្រុមគ្រួសាររាជវង្សផងដែរ"។
លោកកុយ គួង បានបញ្ជាក់ថា លោកហោ ណាំហុង នៅតែប្រកាន់ជំហរជឿជាក់
ថា នឹងទទួលបានជោគជ័យទៀត នៅឯសាលាឧទ្ធរណ៍របស់បារាំង។
“ឯកឧត្តមឧបគឺថា ជំហររបស់លោកទុកឱ្យសាលាឧទ្ធរណ៍នេះ ជាអ្នកសម្រេច
ហើយទាំងលោកទាំងខ្ញុំគឺយល់ឃើញថា សាលាឧទ្ធរណ៍នេះនឹងបន្តផ្តល់យុត្តិធម៌
ជូនលោកបន្តទៀត។មានន័យថា សាលាឧទ្ធរណ៍នឹងមិនកែប្រែនូវសេចក្តីសម្រេច
របស់តុលាការសាលាដំបូងទេគឺថា មិនកែប្រែពីជនដែលមានទោសឱ្យរួចខ្លួនបាន
ទេ”។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បាន
និយាយផ្តល់ការគាំទ្រចំពោះប្រធានគណបក្សរបស់លោក ដោយផ្តោតក្តីសង្ឃឹម
ថា នឹងទទួលបានជោគជ័យនៅសាលាឧទ្ធរណ៍ ប៉ុន្តែសង្កត់ធ្ងន់ថា អ្នកនយោ
បាយគួរតែទម្លាប់ទទួលយកនូវការរិះគន់។
“ឥឡូវនេះទាក់ទងនឹងពាក្យបណ្តឹងហ្នឹង លោកប្រធានសម រង្ស៊ី ក៏បានប្រមែប្រ-
មូលភស្តុតាងមួយចំនួនទៀត ដើម្បីផ្ញើជូនទៅសាលាឧទ្ធរណ៍នៃប្រទេសបារាំង
ដើម្បីដំណើរការក្នុងការកាត់ក្តីនេះបន្តទៅទៀត ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
ក្នុងក្តីជារឿងលក្ខណៈនយោបាយនេះ អ្វីដែលលោកប្រធានបានលើកឡើងគឺ
គ្រាន់តែចង់ជម្រាបជូនមតិជាតិ និងអន្តរជាតិនូវការពង្រឹងសិទ្ធិក្នុងការបញ្ចេញ
មតិតែប៉ុណ្ណឹងទេ”។
ក្នុងមួយរយៈកន្លងមកនេះមានការព្រួយបារម្ភថា រដ្ឋាភិបាលកំពុងប្រើប្រាស់
ប្រព័ន្ធតុលាការជាមធ្យោបាយសម្រាប់បំបិទសម្លេងអ្នករិះគន់និងមានការរិះគន់
ថា ប្រព័ន្ធតុលាការខ្មែរតែងតែធ្វើការងារតាមតែសម្ពាធនយោបាយ។
លោកធន សារាយ ប្រធានអង្គការសិទ្ធិមនុស្ស អាដហុក បានផ្តល់ការពន្យល់
ពីការដែលអ្នកនយោបាយខ្មែរបានបោះជំហានហួសពីតុលាការខ្មែរថា៖
“នេះជាការបង្ហាញមួយដែរនៃការមិនទុកចិត្តដល់ប្រព័ន្ធយុត្តិធម៌យើង។ ក៏ប៉ុន្តែ
លោកហោ ណាំហុង លោកក៏មានលក្ខណៈក្លាហានដែរ។ លោកមិនខ្លាចនឹងទៅ
រកតុលាការប្រទេសបារាំងទេ ។ លោកធ្លាប់មានបទពិសោធន៍ម្តងរួចមកហើយ
អញ្ចឹងលោកដូចជាមិនខ្លាចរអារនឹងទៅរកតុលាការដែលនៅក្រៅប្រទេសទេ ជា
ពិសេសតុលាការស្រុកបារាំងតែម្តង។ នេះជាការមិនទុកចិត្ត មិនមែនតែពីអ្នក
ដឹកនាំនយោបាយទេ។ យើងឃើញថា ប្រជាពលរដ្ឋទូទៅ គាត់ក៏មានការរអ៊ូរទាំ
ច្រើនអំពីតុលាការនៅស្រុកខ្មែរដែរ”។
បើទោះបីជាមិនទាន់មានកាលកំណត់ថី្មក៏ដោយ ក៏លោកសម រង្ស៊ីបញ្ជាក់អះ
អាងថា ដំណើរការក្តីនឹងប្រព្រឹត្តទៅក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ។ លោក
សម រង្ស៊ី គ្រោងនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅអំឡុងពាក់កណ្តាលខែ
តុលាខាងមុខនេះ៕